ខេត្តព្រះសីហនុ៖ នៅកាលពីរសៀលថ្ងៃ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករលក់ដូរនៅផ្សាលើក្រុងព្រះសីហនុ ដើម្បីស្វែងយល់ពីផលលំបាក និងជួយសម្រួលដោះស្រាយបានទាន់ពេលវេលា ។
ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត អញ្ជើញចុះពិនិត្យមើលសកម្មភាពលក់ដូររបស់អាជីវករ ពាណិជ្ជករលក់ដូរក្នុងផ្សារលើក្រុងព្រះសីហនុ ដោយពិនិត្យឃើញថា នៅក្នុងផ្សារមានកម្តៅខ្លាំងនៅរដូវប្រាំង លោកក៏បានជួយឧបត្ថម្ភបង្ហាខ្សល់កាត់បន្ថយកំដៅចំនួន ៤៥០គ្រឿង បំពាក់នៅខាងលើដំបូលផ្សារ ដើម្បីជួយកាត់បន្ថយកំដៅដល់អាជីវករលក់ដូរក្នុងផ្សារ ព្រមទាំងបានពិនិត្យមើលផ្លូវនៅជុំវិញផ្សារបន្ថែមទៀត ព្រមទាំងជួយសាងសង់ផ្លូវបេតុងមួយខ្សែមានទទឹង ៩ម៉ែត្រ និងបណ្តោយ ១៥៧ម៉ែត្រ ដើម្បីជួយសម្រួលចរាចរណ៍ឲ្យកាន់តែងាយស្រួលជុំវិញផ្សារ ។
ជួយសាងសង់តំបូលផ្សារផ្នែកខាងកើតបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋដែលលក់ដូរនៅចឹញ្ចើមថ្នល់មានម្លប់ងាយស្រួលក្នុងការលក់ដូរ និងបន្តជួយចាក់បេតុងផ្លូវខាងមុខផ្សារ ដើម្បីឲ្យមានសោភ័ណ្ឌភាពក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈដែលខេត្តព្រះសីហនុ កំពុងមានការចាប់អារម្មណ៍ពីអ្នកវិនិយោគ និងទេសចរចិនមកធ្វើការវិនិយោគយ៉ាងគំហុកនារយ:ពេល ២ឆ្នាំចុងក្រោយនេះ ហើយសន្ទុះនៃការវិនិយោគនៅខេត្តព្រះសីហនុ កំពុងមានការកើនឡើងជាបន្តបន្ទាប់ បានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ។
លោក រស់ សុខគីម ប្រធានផ្សារលើបានថ្លែងអំណរគុណរដ្ឋបាលខេត្ត ពិសេសឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់គិតគូរដល់អាជីវករ ពាណិជ្ជករលក់ដូរក្នុងផ្សារ បានផ្តល់កង្ហាស្រូបកម្តៅចំនួន ៤៥០គ្រឿង បំពាក់លើដំបូលផ្សារ ហើយមកដល់ពេលនេះ យើងបំពាក់បានចំនួន ៧៥កង្ហា គ្រោងនឹងបំពាក់បញ្ចប់នៅចុងខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ ក្រៅពីការផ្តល់កង្ហាស្រូបកម្តៅ ឯកឧត្ដមអភិបាលខេត្ត ក៏បានជួយសាងសង់ផ្លូវបេតុងមួយខ្សែចេញពីផ្សារលើ ទៅដល់ផ្សារចិនមានប្រវែង ១៥៧ម៉ែត្របន្ថែមទៀត ដើម្បីបញ្ចៀសចរាចរណ៍នៅជុំវិញផ្សារកុំឲ្យកកស្ទះ ម្យ៉ាងទៀតដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនយានយន្តមានការកើនឡើងជាលំដាប់ ទាមទារឲ្យយើងរៀបចំហេដ្ឋារចនាសម្ពន្ធ័នៅជុំវិញផ្សារ ឲ្យមានអនាម័យ បរិស្ថានល្អ និងប្រកបដោយសោភ័ណ្ឌភាព។ លោកប្រធានផ្សារលើបានបញ្ជាក់ថា នាពេលបច្ចុប្បន្នផ្សារលើក្រុងព្រះសីហនុមានតូបលក់ដូរចំនួន ១,៣៤៣តូប និងប្រជាពលរដ្ឋអត់តូបលក់ដូរជាកញ្ច្រែងនៅជុំវិញផ្សារ មានចំនួនជាង ១០០តូប ៕ រាយការណ៍ដោយ៖(ទុយ ហ៊ួត)ប្រចាំខេត្តព្រះសីហនុ