ខេត្តព្រះសីហនុ៖ នៅរសៀលកាលពិថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះឯកឧត្ដម ជាម ហ៊ីម ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុ និងឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ និងលោក ប្រាក់ សុវណ្ណប្រធានអភិវឌ្ឍន៍ជនបទខេត្តនិងក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ ដល់បងប្អូនខ្មែរឥស្លាមដោយនាំយកនៅគ្រឿងឧបភោគបរិភោគ សម្ភារថវិការទៅចូលរួមក្នុងពិធីបុណ្យស្រាយបួស រ៉ាម៉ាឌន ដែលមានរយៈពេល៣០ថ្ងៃនៅតាមសារ៉ាវ៤ទីតាំង ស្ថិតក្នុងឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនខ្មែរឥស្លាមដោយមិនប្រកាន់ពូជសាសន៍ អ្វីឡើយ។ជាក់ស្តែងបាននាំយកនូវសម្ភារៈថវិការគ្រឿងឧបភោគបរិភោគមកចូលរួមក្នុងពិធីស្រាយបួសរ៉ាម៉ាឌនជាមួយបងប្អូនខ្មែរឥស្លាមនេះស្រាប់។
ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងផងដែរថា ដោយសារតែគណបក្សប្រជាជនកម្ពុជា ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខមានជីវភាពធូរធារ ដោយមិនប្រកាន់ពូជសាសន៍ បងប្អូនមានឱកាសធ្វើបុណ្យទានទៅតាមជំនឿនិងប្រពៃណីរៀងៗខ្លួន។
នៅក្នុងឱកាសនោះផងដែរតំណាងបងប្អូនខ្មែរឥស្លាមបានថ្លែងអំណរគុណចំពោះការយកចិត្តទុក្ខដាក់របស់គណបក្សប្រជាជនខេត្ត ឯកឧត្ដមអភិបាលខេត្ត ក្នុងការចុះសួរសុខទុក្ខ និងនាំយកនៅសម្ភារៈ ថវិកា ជូនដល់បងប្អូនខ្មែរឥស្លាមក្នុងពិធីស្រាយបួស រ៉ាម៉ាឌន នាពេលនេះ។នេះបង្ហាញឲ្យឃើញដែរថាមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជួយពួកគាត់ឱ្យរស់រានមានជីវិតពីរបបខ្មែរក្រហមក្រោយថ្ងៃជ័យជម្នះ ៧មករាឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃ និងមានឱកាសអោយបងប្អូនខ្មែរឥស្លាមធ្វើបុណ្យទៅតាមជំនឿសាសនារបស់ខ្លួនបានដូចនាពេលបច្ចុប្បន្ននេះ៕ ដោយ៖(ទុយ ហ៊ួត)ប្រចាំខេត្តព្រះសីហនុ