ខេត្តកណ្តាល ៖ក្រុមអាជីវករដែលរកស៊ីដឹកទំនិញឆ្លងដែនបានត្អូញត្អែរថាទំទិញគ្រប់ប្រភេទមិនថាដឹកតាមម៉ូតូរថយន្តឬក៏ទូកកាណូតនោះទេបើមិនបង់លុយឱ្យមិនអាចឆ្លងកាត់បានទេហើយក៏ពុំដែលចេញវិក័យបត្រនោះទេ ។
ពួកគាត់បានត្អូញត្អែរថា ការរស៊ីឥឡូវកាន់តែពិបាកទៅៗហើយ ជាពិសេសក្រុមគយចល័តដែលដាក់ទីតាំងនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល តែម្តង បានបណ្តោយឱ្យក្រុមកម្មករទារប្រាក់ពីក្រុមអ្នករកស៊ីដឹកទំនិញយ៉ាងចាស់ដៃ ដោយមិនខ្វល់អំពីមានឯកសារឬគ្មាននោះទេ ហើយក៏ពុំដែលចេញវិក័យបត្រឱ្យដែរ។ ក្រុមអ្នកអាជីវករដដែល ក៏បានបង្ហើបឱ្យដឹងដែរថា គយចល័តនេះគេចែកជា២ក្រុម គឺផ្នែកជើងគោក និងជើងទឹក ហើយរាល់ទំនិញដែលឆ្លងកាត់១រថយន្តគឺពួកគេតម្រូវឱ្យបង់ពី៣០ទៅ៦០ម៉ឺនរៀ ល ចំណែកឯតាមផ្លូវទឹកវិញក៏ត្រូវបង់ឱ្យលោកគយចល័តពី១៥ទៅ២០ម៉ឺនរៀលដែរ ក្នុងទូកកាណូត១គ្រឿងៗ ដោយឡែកចំពោះម៉ូតូដឹកទំនិញគេចពន្ធ ក្នុង១ថ្ងៃម៉ូតូ១គ្រឿងក៏តម្រូវឱ្យបង់៤០.០០០រៀលដែរ។
ពួកគាត់ក៏បានបន្ថែមដែរថា សមត្ថកិច្ចជំនាញដ៏ទៃទៀត គេមិនដាក់កម្រិតនោះទេ គឺសុំតែថ្លៃបាយទឹកតិចតួចប៉ុណ្ណោះ ប៉ុន្តែ បើក្រុមគយចល័តដែលមានឈ្មោះ ម៉េង ជាអ្នកគ្រប់គ្រង់នេះ តែថាប៉ុណ្ណាគឺប៉ុណ្ណឹងហើយ ដូច្នេះសូមសំណូមពរទៅដល់អគ្គនាយដ្ឋានគយនិងរដ្ឋករ ឯកឧត្តម គន់ញឹម មេត្តាជួយពិនិត្យនិងចាត់វិធានការ ចំពោះក្រុមគយចល័ព្រំដែនជ្រៃធំ នេះផង ដើម្បីកុំឱ្យសង្កត់ក ប្រជាពលរដ្ឋខ្លាំងពេក។
មេឃុំសំពៅពូន លោក អ៊ុន ស៊្រន បានមានប្រសាសន៍ថា បញ្ហាក្រុមគយចល័តនេះកាលពីឆ្នាំកន្លងទៅ ក៏ធ្លាប់កើតមានបញ្ហានេះម្តងមកហើយ ហើយក៏ក្រុមគយចល័តនេះបានដកចេញម្តងរួចមកហើយ ហេតុម្តេចនៅតែមានទៀត? ហើយលោកនឹងធ្វើការស៊ើបអង្កេ តរឿងនេះបន្តទៀត។
ពាក់ព័ន្ធហ្នឹងការលើកឡើងនេះ អ្នកសារព័ត៏មានយើងពុំបានទទួលការបកស្រាយអំពីក្រុមគយចល័តដែលរងការចោទប្រកាន់នោះទេ ។
គេសង្ឃឹមនឹងមានការស៊ើបអង្កេតអោយបានជាក់ច្បាស់ កុំអោយមន្រ្តីគយនៅទីនោះធ្វើអីខូចឈ្មោះដល់មន្រ្តីគយ ដ៏ទៃ។