ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង ទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក ជា ថាវរិទ្ធ បានបញ្ជាកម្លាំងនគរបាលប្រឆាំងបទល្មើស រួមសហការជាមួយមន្ត្រីព្រៃឈើខេត្ត ចុះទៅកាន់ទីតំបន់ ដាច់ស្រយាលមួយ ហើយធ្វើការបង្ក្រាបសិប្បកម្មកែច្នៃឈើចំនួន៣ ទីតាំងក្នុងចំណោម២៣ទីតាំង និងរឹបអូសឈើខុសច្បាប់ជាច្រើនប្រភេទ បើតាមការប៉ាន់ប្រមាណមានមិនក្រោមពី៥០ម៉ែត្រគូបត្រីគុណនោះទេ។
ការបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើឡើង នៅថ្ងៃទី៧មិថុនាម្សិលមិញ ស្ថិតនៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន។ ហើយនៅថ្ងៃទី៨មិថុនានេះ កម្លាំងសមត្ថកិច្ចកំពុងប្រមូលយកឈើ និងសម្ភារៈដែលជាវត្ថុតាងបទល្មើស យកមករក្សាទុកជាសម្បត្តិរដ្ឋ។
សេចក្តីរាយការណ៍បានឲ្យដឹងថា: នៅក្នុងប្រតិបត្តិការចុះបង្ក្រាប បទល្មើសធនធានធម្មជាតិខាងលើនោះ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្ត ដឹកនាំបញ្ជាដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្ទឹងត្រែង គឺលោក គឹម ហុងសាន ផងដែរ។ សមត្ថកិច្ចនៅគ្រានោះ បានចុះឡោមព័ទ្ធទីតាំងបើកសិប្បកម្មកែច្នៃឈើខុសច្បាប់ បាន៣ទីតាំង ចំណែក រោងសិប្បកម្មចំនួន២០ទីតាំងទៀត ក្រុមឈ្មួញឈើទាំងនោះ ហាក់ដឹងខ្លួនមុន ហើយបាននាំគ្នាដឹកជញ្ជូនឈើ និងសម្ភារៈកែច្នៃឈើ ជម្លៀសយកទៅលាក់ទុកក្នុងព្រៃជ្រៅ ប៉ុន្តែ សមត្ថកិច្ចបានបន្តស្វែងរកឃើញ និងធ្វើការរឹបអូសបានមួយចំនួនថែមទៀត។
សមត្ថកិច្ចនៅក្នុងការបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើនោះ បានបង្ហើបឲ្យដឹងថា: រោងសិប្បកម្មកែច្នៃឈើទាំងអស់មាន២៣កន្លែង ត្រូវបានគេសង់នៅក្នុងព្រៃ ព័ទ្ធជុំវិញដោយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្រែគរដុះស្លែយូរមកហើយក៌ប៉ុន្តែ នាយប៉ុស្តិ៍រូបនោះហាក់ដូចជាគ្មាន ឆន្ទះក្នុងការទប់ស្កាត់ឬបង្ក្រាបម្តងណាទាល់តែសោះ។
រីឯការចុះបង្ក្រាបនៅពេលនោះ គឺសមត្ថកិច្ចបានធ្វើឡើងក្រោយទទួលបានបទបញ្ជា ពីអភិបាលរងខេត្ត ទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ នោះមក។
មន្ត្រីដដែលបានបង្ហើបទៀតថា: សិប្បកម្មទាំង៣ទីតាំងដែលរងការបង្ក្រាបនោះ មាន១ទីតាំងត្រូវគេស្គាល់ ឈ្មោះ ចែមុំ ដែលគេនិយមហៅថា ចែមុំបាតអាង ប៉ុន្តែ នៅក្នុងពេលចុះបង្ក្រាបនោះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ ព្រោះគេហាក់ដូចជាដឹងខ្លួនមុន ហើយចាកចេញពីទីតាំងបើកសិប្បកម្មកែច្នៃឈើខុសច្បាប់នោះអស់។ ចំណែក វត្ថុតាងបទល្មើសដែលរឹបអូសបាននោះ មានគោយន្តកន្ត្រៃដែលជាមធ្យោបាយ បំរើឲ្យការដឹកជញ្ជូនបទល្មើស ចំនួន៣គ្រឿង ម៉ាស៊ីនតាបឈើ១ឈុត រណាវៀល រណាច្រៀកឈើ និងសម្ភារៈកែច្នៃឈើជាច្រើនទៀតនោះដែរ ។រីឯឈើដែលរឹបអូសបាននោះវិញ មានប្រភេទឈើធ្នុង ឈើសុក្រំ ឈើកកោះ និងឈើក្រញូងស្វា បើតាមការប៉ាន់ប្រមាណ ឈើទាំង៤ប្រភេទនោះ មានមិនក្រោម៥០ម៉ែត្រគូបត្រីគុណនោះទេ។
មេឃុំស្រែគរ លោក ហ្វឿន ជឿន បានប្រាប់ឲ្យដឹងថា: អ្នកដែលមកធ្វើសិប្បកម្មកែច្នៃឈើទាំងនោះ គឺសុទ្ធតែជាអ្នកចំណាកស្រុក មកពីខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តក្រចេះនោះជាដើម ហើយការបង្កើតរោងសិប្បកកម្មទាំងនេះ គ្មានច្បាប់អនុញ្ញាតនោះទេ និងមានលក្ខណៈជាទ្រង់ទ្រាយធំ ក្រោយពេលកែច្នៃរួច ផលិតផលទាំងនោះត្រូវគេដឹកចេញយកទៅលក់នៅខាងក្រៅដែនដីខេត្ត។ ខណៈនេះ កម្លាំងមន្ត្រីព្រៃឈើខេត្ត កំពុងរកមធ្យោបាយ ដើម្បីដឹកជញ្ជូនវត្ថុតាងបទល្មើស ដែលរឹបអូសបាននោះយកទៅរក្សាទុក និងចងក្រងសំណុំឯកសារ បញ្ជូនទៅតុលាការខេត្តនោះហើយ៕ រាយការណ៌ពី ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ខ្ញុំបាទ លី វណ្ណះ
ទូរទស្សន៌ ព្រះនរាយណ៍