ខេត្តព្រះសីហនុ៖ ពិធីកាត់ខ្សែបូ និងបើកការតាំងពិព័រណ៍ សុវត្ថិភាពម្ហូបអាហារ បន្លែ និងផ្លែឈើ ខេត្តព្រះសីហនុ ក្រោមអធិបតីលោកជំទាវ ម៉ក់ វ៉ាន់សុីថា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្ត។
ការតាំងពិព័រណ៍ម្ហូបអាហារនេះប្រារព្ធឡើង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០១៨ នៅរមណីយដ្ឋានឆ្នេរអូឈើទាល ខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នេះផងដែលរៀបចំឡើងដើម្បីអបអរព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្ដេចព្រះមហាក្សក្រី នរោត្តម មុនីនាថ សីហនុ ព្រះវរ:រាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរនិងសុភមង្គល គម្រប់ព្រះជន្ម ៨២ យាងចូល ៨៣ ព្រះវស្សា និងក្នុងគោលបំណងអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីសុវត្ថិភាពម្ហូបអាហារបន្លែ និងផ្លែឈើព្រមទាំងផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក និងដើម្បីលើកទឹកចិត្តដល់កសិករដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក វិញ មានបន្លែនិងផ្លែឈើជាដើម។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងសន្ទកថាថ្វាយព្រះពរ
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ទូទាំងខេត្តព្រះសីហនុ សូមលើកហត្ថាប្រណមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោកមានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាក្សត្រព្រះបារមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានី ខ្មែរគ្រប់ព្រះអង្គប្រសិទ្ធិពរជ័យសួស្ដីសេរីវឌ្ឍនា មហាប្រសើរថ្វាយចំពោះ សម្តេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ទូលព្រះបង្គំជាខ្ញុំជាកូនចៅរបស់ព្រះអង្គ នៅក្នុងខេត្តព្រះសីហនុ សូមក្រាបបង្គំទូលថ្វាយ ព្រះពរចំពោះព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរនិងសុភមង្គលក្នុងឱកាសគំរប់ខួបលើកទី ៨២ យាងចូល ៨៣ ព្រះវស្សា សូមព្រះអង្គមានព្រះរាជសុខភាពល្អអាយុយឺនយូរ គង់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅចៅទួតរបស់ព្រះអង្គក្រុមម្លប់សន្តិភាពដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំដ៏ឆ្លាតវៃនេះ។
ក្នុងឱកាសនេះផងដែរ លោកជំទាវគណៈអធិបតី ម៉ក់ វ៉ាន់ស៊ីថា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោងខុន បានឡើងថ្លែងសុន្ទរកថា លោកស្រីមានប្រសាសន៍ថា អត្ថន័យរួមព្រឹត្តិការណ៍មួយនេះ គឺចង់បង្ហាញពីសុវត្ថិភាពចំណីអាហារនឹងបញ្ហាសុខភាពរបស់បងប្អូនទាំងអស់គ្នា លើសពីនេះទៀត គឺបានផ្ដល់ឱកាសដល់បងប្អូនអាជីវករក្នុងស្រុកប្រជាកសិករមូលដ្ឋានដើម្បីបានបង្ហាញនូវរសជាតិម្ហូបអាហារនិងផលិតផលកសិករក្នុងស្រុក ប្រជាកសិករមូលដ្ឋាន អោយបានបង្ហាញនំរសជាតិអាហារនិងផលិតផលកសិកម្មបន្លែផ្លែឈើរបស់ពួកគាត់ ម្យ៉ាងវិញទៀតព្រឹត្តិការណ៍នេះនឹងក្លាយជាទីផ្សារមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតអ្នកដាំនិងអ្នកទិញ។
លោកជំទាវបានបន្តថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ថ្ងៃនេះ យើងទទួលបានស្តង់សរុបចំនួន ៨៦ ស្រង់ រួមមានស្តង់ លក់អាហារ លក់បង្អែម លក់ផលិតផលកសិកម្ម ជលផលនេសាទ បន្លែស្រស់ៗ ផ្លែឈើគ្រប់មុខ ដូចជា ដូងក្រអូប ស្ករត្នោត ម្រេច ធុរេន សាវម៉ៅ ផ្សិត បង្គារ ត្រីចំហុយ និងបន្លែស្រស់ៗ ។ល។
អមជាមួយនឹងកម្មវិធីព្រឹត្តិការណ៍នេះផងដែរ បណ្ដាមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធរួមមាន: មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ទីរសុខាភិបាលខេត្ត សាខាកាំកុងត្រូលខេត្ត និងភ្នាក់ងារផលិតផលកសិកម្មជី EM មិនតែប៉ុណ្ណោះមានបង្ហាញវីដេអូអប់រំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយល់កាន់តែច្បាស់អំពីផលអវិជ្ជមាន នឹងវិជ្ជមាន នៃបន្លែផ្លែឈើនិងចំណីអាហារ។
ជាចុងបញ្ចប់ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ជូនចំពោះលោកជំទាវអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិព័ណ៌នេះ និងសូមថ្លែងអំណរគុណដល់លោក លោកស្រី មន្ត្រីរាជការ មន្ទីរអង្គភាពជំនាញសភាពាណិជ្ជកម្មខេត្ត មន្ត្រីសាលាខេត្ត មន្ត្រីសាលាក្រុង និងអ្នកឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន៕ រាយការណ៍ដោយ៖(ទុយ ហ៊ួត)