បាត់ដំបង:ប្រជាកសិកររស់ក្នុងឃុំព្រែកនរិន្ទស្រុកឯកភ្នំកំពង់នាំគ្នាសាទរចំពោះគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកថ្មីដែលជាលើកដំបូងនៅតាមដងស្ទឹងសង្កែដែលជាសមិទ្ធិផលថ្មីកើតចេញពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយនូវភាពក្រីក្រក៏ដូចជាភាពអសកម្មផ្នែកកសិកម្មកន្លងមកផងដែរ។ប្រជាពលរដ្ឋរស់ក្នុងឃុំព្រែកនរិន្ធស្រុកឯកភ្នំបានអោយដឹងនៅថ្ងៃទី១៩ខែមិនានេះថាក្រោយពីទំនប់ស្ទាក់ទឹកសាលាតាអននេះបានសាងសង់រួចរាល់ពួកគាត់និងមានក្តីសង្ឃឹមលើផលដំណាំស្រូវរបស់ពួកគាត់អាចធ្វើបានច្រើនរដូវកាលនិងរកចំណូលសេដ្ឋកិច្ចបានល្អប្រសើជាងមុន។ឆ្លើយតបនិងក្តីសង្ឃឹមនិងសាទររបស់ប្រជាកសិករនេះដែរលោកប៉ុញ.សច្ចះអគ្គនាយកបច្ចេកទេសនៃក្រសួងធនធានទឹកនិងឧតុនិយមបានលើកឡើងក្នុងពិធីក្រុងពលីបើកការដ្ឋានស្ថាបនាជាផ្លូវការកាលពីថ្ងៃទី១៤ខែមិថុនាកន្លងទៅថា:គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអនក្នុងស្ទឹងសង្កែនេះគឺជាសមិទ្ធិផលថ្មី១ដែលចំណាយលើទំហ៊ំទឹកប្រាក់ប្រមាណជា៣៧.០៨៦.៣៦៣ដុល្លា។លោកបន្តថាប្រព័ន្ធធារាសាស្ត្រទំនប់ស្ទាក់ទឹកសាលាតាអនមួុយនេះគ្រោងនឹងសាងសង់អោយចប់រួចរាល់ក្នុងរយះពេលត្រឹម២៧ខែដែលក្នុងនោះមានទាំងស្ពានទំហំ១៣ម៉ែត្រ,សាងសង់ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹងសង្កែប្រវែង២៥០ម៉ែត្រ,សាងសង់សំណង់ទ្វារទឹកមេកាត់ស្ទឹងសង្កែប្រវែង៧៤ម៉ែត្រ,សាងសង់ប្រឡាយបេតុងចំនួន៤ខ្សែប្រវែង១៣.៧៨គីឡូម៉ែត្រ,សាងសង់សំណង់ទ្វារទឹកចំនួន១២កន្លែង,សាងសង់សំណង់ស្ទាក់ទឹកប្រឡាយរងចំនួន២កន្លែង,សាងសង់សំណង់លូចែកចាយទឹកប្រឡាយមេចំនួន៨កន្លែង,សាងសង់ស្ពានឆ្លងកាត់និងស្ពានថ្មើរជើងកាត់ប្រឡាយមេសរុប១៨កន្លែងនិងសាងសង់ជណ្ដើរចុះប្រឡាយមេសម្រាប់អ្នកភូមិប្រើប្រាស់ជាច្រើនកន្លែងទៀតផងដែរ។លោកបានបន្តថាក្រោយពីស្ថាបនាសាងសង់រួចរាល់ទំនប់ស្ទាក់ទឹកដ៏ធំមួយនៅក្នុងស្ទឹងសង្កែរួមទាំងប្រឡាយទាំងអស់នៅក្នុងភូមិសាស្ត្រឃុំព្រែកនរិន្ទស្រុកឯកភ្នំនេះនឹងជួយនាំទឹកទៅស្រោចស្របទាំងស្រូវប្រាំងនិងស្រូវវស្សាដែលមានផ្ទៃដីសរុបជាង១០.៤០០ហិកតានឹងអាចអោយប្រជាពលរដ្ឋធ្វើស្រូវបានពីរទៅបីដងក្នុងមួយឆ្នាំផងដែរ។លោកបានបន្ថែមទៀតថាប្រព័ន្ធធារាសាស្ត្រនេះរាល់ការបិទបើកទ្វារទឹកគឺបញ្ជាដោយប្រព័ន្ធកុំព្យូទ័រហើយក៏មានធ្វើជាជណ្ដើរ សម្រាប់បំរើដល់ផ្លូវត្រីងាយស្រួលឡើងទៅពងនៅខាងលើបាន។ក្រៅពីនេះនៅពេលធ្វើហើយរួចរាល់ទំនប់សាលាតាអននេះក៏នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តនៅក្នុងខេត្តបាត់ដំបងកាន់តែច្រើនហើយធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះអាចបង្កើនមុខរបរទទួលទានលក់ដូរចំណីអាហារឬវត្ថុអនុស្សាវរីយ៍ដែលជួយអោយជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរឡើង។គួរបញ្ជាក់ផងដែរនៅក្នុងខេត្តបាត់ដំបងកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានទាក់ទាញវិនិយោគនិងក្នុងការអភិវឌ្ឍន៍សាងសង់ក៏ដូចជាស្ដារប្រព័ន្ធធារាសាស្ត្រធំៗជាច្រើនកន្លែងរួមមានដូចជាទំនប់ពហុបំណងសេកសកស្ថិតក្នុងស្រុករតនមណ្ឌល,ប្រព័ន្ធធារាសាស្ត្រទំនប់កាហត,ទំនប់បឹងកំពីងពួយស្ថិតក្នុងស្រុកបាណន់,ទំនប់បាសាក់ស្ថិតក្នុងស្រុករុក្ខគិរីនិងទំនប់ផ្សេងជាច្រើនទៀតដែលសមិទ្ធផលទាំងអស់នេះអាចមានសមត្ថភាពស្រោចស្រពដីកសិកម្មក្នុងខេត្តបាត់ដំបងបានរាប់ម៉ឺនហិកតា៕សៅ សារិទ្ធ
0
ប្រជាកសិករក្នុងស្រុកឯកភ្នំមានក្តីសង្ឃឹមលើទំនប់ស្ទាក់ទឹកថ្មីនៅសាលាតាអនថានិងមានកំណើនសេដ្ឋកិច្ចលើដំណាំស្រូវក្រោយសាងសង់រួចរាល់
Filed in: Uncategorized