ដោយ ៖ ព្រះនរាយណ៍
ចេញផ្សាយថ្ងៃទី ២៤ កក្កដា ២០១៨ (017 45 27 36 )
កណ្តាល ៖ យោងតាមសកម្មភាព ហាក់ដូចកំពុងពាក់មុខយក្ស ដាក់គ្នា រវាងលោក លី សាម៉េត អគ្គនាយក ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ និង អភិបាល ខេត្តកណ្តាល លោក ម៉ៅ ភិរុណ លើស្ថានភាព ដីនៅឃុំ កំពុងអុស ស្រុកពញាឭ ខេត្តកណ្តាល បន្ទាប់ពីមាន ស.ជ.ណ ពីគណៈរដ្ឋមន្រ្តី កាលពីខែ មីនា ឆ្នាំ ២០១៨ នេះ ដោយអោយសាលាខេត្តកណ្តាលរៀបចំ ឯកសារផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ៦០ គ្រួសារ ។
ការរៀបចំផ្តល់ប័ណ្ណកម្មសិទ្ធិនេះ ធ្វើអោយខាងតំណាងក្រុមហ៊ុន មានលោក លី សាម៉េត ជាដើម បានចេញមុខបកស្រាយ តាមបណ្តាញសង្គមហ្វេសបុក ជាបន្តបន្ទាប់ ដោយថា របាយការណ៍របស់លោក ម៉ៅ ភិរុណ ដាក់ទៅថ្នាក់លើជារបាយការណ៍កុហក់ ។ កុហក់ត្រង់ថា ឈ្មោះគ្រួសារទាំង៦០នោះ គឺមិនមែន ជាប្រជាពលរដ្ឋរស់នៅកំពុងអុស នោះទេ គឺសុទ្ធជាឈ្មួញ ក្នុងនោះ មានកូនលោក អភិបាលខេត្ត កណ្តាល ពិសេស មានលោក នួន សារី ជាទាហាន ដែលធ្លាប់មានប្រវត្តិមិនល្អរឿងដីធ្លី ក៏មានឈ្មោះនៅទីនោះនឹងគេដែរ ។
លោក លី សាម៉េត ក៏បានស្នើសុំដល់ សម្តេចតេជោ ហ៊ុន សែន សុំជួយរកយុត្តិធម៌មាន រឿងបញ្ហានេះផង ព្រោះអាចកើតរឿងធំ ប្រសិនគេវ៉ាស់ដី ប៉ះចំ រោងចក្រ កិនស្រូវ រឺ រហូតដល់ក្រុមហ៊ុន គ្មាននៅសល់ដី ១ម៉ែត្រ ណានោះ ។
តើអ្វីជាច្បាប់ និង ជា យុត្តិធម៌ ព្រោះក្រុមហ៊ុន បានទិញដីពីប្រជាជនរស់នៅឃុំកំពុងអុស រាប់ឆ្នាំមកហើយដើម្បីវិនិយោគកសិកម្ម ដំណាំស្រូវ សូម្បីអភិបាលខេត្ត ៣ ជំនាន់មកនេះ បានកោតសសើរ និង លើកទឹកចិត្ត អោយក្រុមហ៊ុនបង្កើនការដាំដុះ អោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ដោយឡែក លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានលើកឡើងនៅក្នុង ប្រព័ន្ធវ៉ស់អាប់ មកក្រុមការងារយើងថា ប្រជាជន ៦០ គ្រួសារ ដែលគ្រោងនឹងផ្តល់ប័ណ្ណ អោយជារឿងពិត តែចំនួនផ្ទៃដី មិនមានដល់រាប់ពាន់ហិកតានោះទេ ។
លោក ម៉ៅ ភិរុណ ក៏បានបង្ហាញលក្ខខណ្ឌ ១២ ចំណុចក្នុងការទទួលបានសិទ្ទិវិនិយោគស្របតាមច្បាប់ ក្រុមហ៊ុនត្រូវអនុវត្តតាមដូចខាងក្រោម៖
1. ចំណារ និង ស.ជ.ណ ជាគោលការណ៍របស់រាជរដ្ឋាភិបាល
2. ធ្វើអនុប្បយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋជាស្ថាពរ ។3. ដីត្រូវបានចុះបញ្ជី និងធ្វើចំណាត់ថ្នាក់ថាជាដីឯកជនរបស់រដ្ឋ ស្របតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងដីរដ្ឋ និងអនុក្រឹត្យ ស្តីពីនីតិវិធីនៃកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ឬអនុក្រឹត្យស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ។4. ESIA (Environmental and Social Impact Assessment) របាយការណ៍ផលប៉ះពាល់បរិស្ថាន និងសង្គម ដោយទទួលស្គាល់ពីស្ថាប័នជំនាញមានការគាំទ្រពីអាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន។5.ក្រសួងបរិស្ថានធ្វើការស្នើសុំសិទ្ធិប្រទានពីរាជរដ្ឋាភិបាល ដើម្បីចុះកិច្ចសន្យាវិនិយោគ6. ភាគីក្រុមហ៊ុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះកិច្ចសន្យាជាអ្នកផ្តួចផ្តើមលើគម្រោងសម្បទានដីសេដ្ឋកិច្ច។
7. មន្ត្រីជំនាញចុះជំនាញនិងកំណត់ព្រំប្រទល់ទីតាំងស្នើសុំសម្បទានសេដ្ឋកិច្ច។8.គ្រប់ជំនាញស្ថាប័នពាក់ព័ន្ធចុះពិនិត្យចុងក្រោយនឹងធ្វើកំណត់ហេតុប្រគល់ទទួលទីតាំងដីវិនិយោគ។9. ក្រុមហ៊ុនត្រូវប្រគល់ផែនការមេ ដើម្បីទទួលបានឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
10.ច្បាប់អនុញ្ញាតអោយដាក់គ្រឿងចក្រឈូសឆាយតំបន់សម្រាប់ដំណើរការដាំដុះ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
11. គោលការណ៍អនុញ្ញាតលើគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។12. រាជរដ្ឋាភិបាលចុះកិច្ចសន្យាជួលរយះពេលវែង ជាមួយអ្នកវិនិយោគ និងតំណាងរាជរដ្ឋាភិបាលដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ក្រោយការបោះឆ្នោត ហើយ យើងទាំងអស់គ្នានឹង រង់ចាំតាមដានព័ត៌មានជាក់ច្បាស់ ពីការវិវឌ្ឍន៍ បញ្ហាក្តៅគគុក នៅឃុំកំពុងអុស ថាតើនរណា អាចការពារប្រធានបទ ខ្លួនបានជ័យជំនះ ? ៕