ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36
ចេញផ្សាយថ្ងៃទី 22 សីហា 2018
ភ្នំពេញ ៖ អស់រយៈពេលជាច្រើនខែមកនេះ ប្រព័ន្ធផ្សព្វផ្សាយនានា បានចុះយកព័ត៌មានយ៉ាងក្តៅគគុក អំពីឈ្មួញមានអំណាច បានបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ ២ភូមិ មានភូមិបោរកំបោរ និង ភូមិសក័យុត្តិ ស្ថិតនៅសង្កាត់ឳឡោក -សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ការបង្កការក្តៅក្រហាយនេះ ផ្តើមចេញពីឈ្មួញមានអំណាចបានយកគ្រឿងចក្រ មកកាប់គាស់កាយដី យ៉ាងអាណាធិបតេយ្យ នៅក្បែរភូមិរបស់ពួកគាត់ ដើម្បីយកដីមកចាក់បំពេញដីជាង ១០០ ហិកតា ដែលមានម្ចាស់ជាកូនរបស់ លោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ដោយមិនគិតពីសុខនិងទុក្ខប្រជាពលរដ្ឋមូលដ្ឋាន ។
ប្រជាពលរដ្ឋទាំង២ភូមិ បាននិយាយពីទុក្ខកង្វល់របស់គាត់តាំងពីមុន បើកយុទ្ធនាការបោះឆ្នោត រហូតដល់ថ្ងៃនេះ គេមិនទាន់ទទួលបានដំណឹងខាងអាជ្ញាធរ ពិសេសក្រុមមន្រ្តី រ៉ែ និង ថាមពល ចុះមកពិនិត្យ និង ធ្វើការហាមឃាត់ការជីករណ្តៅដី ប្រកបដោយគ្រោះថ្នាក់ដល់ដីអ្នកជិតខាង
និងការដឹក មិនស្របតាមបទដ្ឋានបច្ចេកទេសនោះ នៅឡើយទេ ?
ប្រជាពលរដ្ឋថាដីស្រែគាត់មានតំលៃ ១ការ៉េ ជាង២០ដុល្លា ដល់ពេលខាងឈ្មួញជីកដីក្បែរដីគាត់នោះមក គេបានស្នើទិញក្នុងតំលៃ ១ការ៉េ តែ៦ ដុល្លាប៉ុណ្ណោះ គឺពួកគាត់មិនអាចទទួលយកបាន ហើយមិនដឹងថាថ្នាក់ណាអាច ដោះស្រាយទុក្ខកង្វល់ របស់ពួកគាត់បាននោះដែរ ?
នៅអំឡុងយុទ្ធនាការស្វែងសំលេងឆ្នោត មានប្រជាជនម្នាក់បានហៅ លោក ជា សុផារ៉ា អោយមកហូបបាយជាមួយពួកគាត់ តើអាចហូចចូលទេ បើហុយម្លឹងៗនោះ ? សូមស្តាប់កិច្ចសំភាសប្រជាជនទាំងនោះ !
ប្រភពបានបង្ហើបថា រណ្តៅដីនេះគ្មានច្បាប់ និង គ្មានលិខិតអនុញ្ញាតិ អោយជីកនោះទេ គឺគ្រាន់មានលិខិតចេញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អនុញ្ញាតិអោយចាក់បំពេញដី នៅមុខវត្តភ្នៀតសម្ពី ជាង ១០០ ហិកតាប៉ុណ្ណោះ ?
ប្រភពបានបន្តថា លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី បានចុះដល់ទីតាំងចាក់ដី ជាមួយ អភិបាលរាជធានីភ្នំពេញ និង មន្រ្តី មួយចំនួនទៀត ដោយបានសន្យាធ្វើផ្លូវ២ខ្សែ ជូនប្រជាពលរដ្ឋ ?
ដំណឹងដ៏ល្អនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលគ្រាំចិត្ត យូរហើយបើបានលឺប្រាកដជាត្រេកអរ សប្បាយចិត្ត ថានឹងបានផ្លូវបេតុង ល្អស្រួលជាងមុន ។ តែទោះជាយ៉ាងណាក្តី ក៏មិនអាចដកចេញ បាននូវការឈឺចាប់ពីប្រជាពលរដ្ឋ ដែលមានដីស្រែ នៅជុំវិញរណ្តៅដី នោះទេ ។ ព្រោះថា ដីស្រែគាត់ចុះថោក ដូចបាត់បង់ទ្រព្យសម្បត្តិទាំងអស់ក្នុងផ្ទះ និង ប្រឈមការគ្រោះថ្នាក់គ្រប់ពេល សឹងថា មិនហ៊ានទៅធ្វើស្រែ ទៀតផង ។
ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ក៏ដូចអ្នកសារព័ត៌មាន មួយចំនួន បានដាក់សំណួរទៅ លោក ស៊ុយ សែម រដ្ឋមន្រ្តី ក្រសួងរ៉ែ និង ថាមពល ហេតុដូចម្តេច អាចបិទភ្នែក បិទត្រចៀក ទៅរួច រឺមួយខ្លាចអំណាច បុណ្យស័ក គេធំជាង ហើយមកបំពាននឹងការងារបំរើជាតិ បំរើប្រជាជន ដោយស្មោះត្រង់ តាមរយៈការជឿទុកចិត្ត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ទៅវិញ ? ៕