ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ឯក ផ្កាយបី ហួត ឈាងអន ជាយោធា បម្រើការនៅអង្គភាពកងពលតូចលេខ៧០ ឬហៅថា “ង៧០” ត្រូវប្រជាពលរដ្ឋប្តឹងថា
បានរំលោភយកដីរបស់ប្រជាពលរដ្ឋ ២ប្លង់ ទំហំសរុប ១២៨.៤៧១ ម៉ែត្រការ៉េ ( មួយប្លង់ ៨៨.២២៧ ម៉ែត្រការ៉ែ និងមួយប្លង់ទៀត ទំហំ ៤០.២៤៤ ម៉ែត្រការ៉េ ) នៅភូមិត្រពាំងទទឹម ឃុំរមខម ស្រុករវៀង ខេត្តព្រះវិហារ។
តំណាងប្រជាពលរដ្ឋ លើកឡើងថា លោកឧត្តមសេនីយ៍ ផ្កាយបី ហួត ឈាងអន យកដីនោះ កាន់កាប់ ធ្វើអាជីវកម្មរ៉ែមាស។ បណ្តឹងលើលោកផ្កាយបី ហួត ឈាងអន ត្រូវបានដាក់ចូលតុលាការខេត្តព្រះវិហារហើយ កាលពីខែសីហា ឆ្នាំ២០១៨។
ក្នុងពាក្យបណ្តឹង ឈ្មោះ ផាន់ វុទ្ធី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានជម្រាបជូនព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ ដោយប្តឹងឈ្មោះ ហួត ឈាងអន។ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ត្រូវបានឈ្មោះ ផាន់ វុទ្ធី ប្រាប់តុលាការថា បានរំលោភកាន់កាប់ដីទាំងពីរប្លង់ ដោយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ដោយលោក ហួត ឈាងអន រួមទាំងគ្នីគ្នាជាង ១០នាក់ មានអាវុធក្នុងដៃ បានបាញ់គំរាម ដុតរោងចាំដី និងបាញ់កម្ទេចម៉ាស៊ីនបូមដីជាច្រើនគ្រឿង រួចបណ្តេញរូបលោក ( ផាន់ វុទ្ធី ) និងបងប្អូន ដែលជាម្ចាស់កម្មសិទ្ធិករនៃដីទាំងពីរប្លង់នោះ។
ពាក្យបណ្តឹងរបស់ឈ្មោះ ផាន់ វុទ្ធី បញ្ជាក់ថា «លោក ហួត ឈាងអន បានគំរាមថា បើមិនចេញទេ នឹងបាញ់សម្លាប់ចោល»។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធដីជម្លោះនោះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា តុលាការសាលាដំបូងខេត្តព្រះវិហារ បានចេញដីកា កោះហៅលោក ផាន់ វុទ្ធី ជាដើមបណ្តឹង មានទីលំនៅបច្ចុប្បន្ន នៅភូមិតាកោ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូង ខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០ នាទី ដើម្បីសាកសួរ ពីដំណើររឿង រំលោភកាន់កាប់អចលនវត្ថុ លើអ្នកកាន់កាប់ ដោយសុចរិតដោយហិង្សា។
ចំពោះការលើកឡើងរបស់បុរសតំណាងប្រជាពលរដ្ឋខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ ហួត ឈាងអន បានប្រាប់កាសែត នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ថា លោកជាម្ចាស់ដីពិតប្រាកដ ដោយមានទាំងលិខិត ផ្ទេរសិទ្ធិ កាន់កាប់ត្រឹមត្រូវតាមច្បាប់ថែមទៀតផង។
ក្នុងលិខិតកាន់កាប់ដី ដែលលោក ហួត ឈាងអន បង្ហាញអ្នកកាសែតនោះ បានបញ្ជាក់ថា លោក ហួត ឈាងអន បានទិញដីនោះ ពីឈ្មោះ ផាន់ វុទ្ធី តាំងពីឆ្នាំ២០១៥ ដោយមានការផ្ទេរ និងកាត់ឈ្មោះ ត្រឹមត្រូវតាមច្បាប់។
លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏បានបដិសេធទាំងស្រុងនូវការលើកឡើងរបស់តំណាងប្រជាពលរដ្ឋ ដែលបានលើកឡើងថា លោកជាអ្នករំលោភយកដីរបស់ពួកគាត់ នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ទោះជាយ៉ាងណា តំណើរការក្តីរបស់តុលាការ ជាអ្នកសំរេច បញ្ហាទាំងអស់នេះ ៕