រាជធានីភ្នំពេញ៖លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងបក្ខពួក មួយចំនួនទៀតត្រូវបាន មន្ត្រីមួយចំនួន អំពាវនាវដល់ ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមន្ត្រីចុះអង្កេត និងស្រាវជ្រាវ ទៅលើសកម្មភាព ការងារ របស់ពួកគេ ។
លោក សាំ ពិសិដ្ឋ ជាប្រធានមន្ទីរ ដែលមានភាពរឹងម៉ាំ ទោះដូររដ្ឋមន្រ្តី រឺ ចៅហ្វាយក្រុងប៉ុន្មាននាក់ក៏លោក អាចនៅកាន់តំណែងនេះដដែល ខណៈ មានលេចលឺ រឿងអាស្រូវជាច្រើន នៃការដឹកនាំ របស់គាត់ក៏ដោយ ។
ប្រភពបានឲ្យដឹងថា កន្លងមកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានទទួលគម្រោងជាច្រើន លើការងារស្ថាបនា ការងារជុសជុល និងថែទាំផ្លូវ ពីក្រសួងសាធារណការ និងដឹកជញ្ជូននិងពីសាលារាជធានីភ្នំពេញ តាមរយៈ ការចចារថ្លៃក្នុងមួយឆ្នាំៗមានទឹកប្រាក់សរុបរាប់រយប៊ីលានរៀល រហូតសឹងពាន់ប៊ីលានរៀល ឬស្មើ រាបសិបលានដុល្លារសហរដ្ឋអាមេរិក។
ប្រភពអះអាងថា គម្រោងដែលក្រសួង និងសាលារាជធានី បានប្រគល់ទៅឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ជាអ្នកអនុវត្តន៍នោះ គឺសុទ្ធតែមានតម្លៃខ្ពស់លើសក្រុមហ៊ុនឯកជន ដែលប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួន បុគ្គលិកស៊ីប្រាក់ខែផ្ទាល់ខ្លួន និងចំណាយដើមទុន រួមនឹងការបង់ព័ន្ធជូនរដ្ឋចំនួន១០%បន្ថែមទៀត លើតម្លៃដែលខ្លួនដេញថ្លៃបាន។ ប៉ុន្តែចំពោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញវិញ គឺបានប្រើសម្ភារៈបច្ចេកទេសរដ្ឋ បុគ្គលិកស៊ីប្រាក់ខែរដ្ឋ និងមិនបង់ព័ន្ធមួយកាក់មួយសេនទេ ប៉ុន្តែបែរជាទទួលបានគម្រោង ក្នុងតម្លៃថ្លៃខ្ពស់ ជាងក្រុមហ៊ុនឯកជន ជាអ្នកទទួលការទៅទៀត។
ដោយឡែក ចំពោះថវិកា ដែលទទួលផលចំណេញ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សល់ពីការអនុវត្តន៍គម្រោងនោះ តើលោកប្រធានមន្ទីរ សាំ ពិសិដ្ឋ យកទៅណា..? ហើយថា ករណីនេះ តើមានបានធ្វើបញ្ជីចំណាយច្បាស់លាស់ទេ ដូចជាចំណាយ ទៅលើការងារទិញទំនិញនិងសម្ភារៈសំណង់ ដើម្បីយកមកស្ថាបនា ការងារជុសជុល និងថែទាំផ្លូវដែលខ្លួនទទួលបានគម្រោងទាំងនោះជាដើម..។
ប្រភពដដែល បានអះអាងថា តួរយ៉ាងដូចជាការងារចាក់បេតុងឆ្អឹងដែកកម្រាប់ ២០ស.ម ផ្លូវទំនប់កប់ស្រូវជំហ៊ានទី១ មានបណ្ដោយ១២ ៧៥៩ ម៉ែត្រទទឹង ៩,៧៥ម៉ែត្រ ផ្ទៃក្រឡា១២៥ ៤០០ម៉ែត្រការ៉េ ដាក់លូទំហំ១,៥ម៉ែត្រ កាត់ទទឹងផ្លូវ២កន្លែង ចាក់ដីពង្រីកតួផ្លូវបណ្ដោយ១២ ៧៥៩ម៉ែត្រ ទទឹង ១២ម៉ែត្រ ផ្ទៃក្រឡា ១៥៣.១០៨ម៉ែត្រការ៉េ រៀបសួនច្បារកណ្ដាលទ្រូងផ្លូវទំហំទទឹង ២,៥ម៉ែត្រ បណ្ដោយ១២ ៧៥៩ ម៉ែត្រ និងតម្លើងបង្គោលភ្លើងព្រែកចំនួន៤២៥ដើម ចាប់ពីផ្លូវរថភ្លើងដល់រង្វង់មូលព្រែកព្នៅ ក្នុងខ័ណ្ឌពោធិ៍សែនជ័យ និងខ័ណ្ឌព្រែកព្នៅ ទទួលបានទឹកប្រាក់ចំណាយរហូតដល់ ៥៨. ០៣៤.០០០.០០០រៀល(ហាសិបប្រាំបីប៊ីលាន សាបសិបបួនលានរៀលគត់) បើគិតជាប្រាក់ដុល្លារ គឺស្មើ ១៤ ៣២៩ ៣៨២ (ដប់បួនលាន ម្ភៃប្រាំបួនពាន់ បីរយប៉ែតសិបពីរដុល្លាអាមេរិក) បើគិត១ដុល្លារស្មើ ៤០៥០រៀល។
សំណួរសួរថាតើការចំណាយប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ របស់សាលារាជធានីភ្នំពេញ ទៅលើគម្រោងខាងលើតាមរយៈការចចារថ្លៃ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយគណៈកម្មាធិការលទ្ធកម្ម របស់សាលារាជធានីភ្នំពេញ ថាតើតម្លៃខាងលើនេះ មានតម្លៃថ្លៃ ខ្ពស់ ឬថោកជាងឯកជន? ហើយសួរថា តើការចំណាយលើការទិញទំនិញ និងសម្ភារៈ របស់ លោកប្រធានមន្ទីរ សាំ ពិសិដ្ឋ មានធ្វើលទ្ធកម្មត្រឹមត្រូវដែរឬទេ? ។
ដំណើរការយ៉ាងរលូននេះត្រូវបានរាយការណ៍មកថា ក្រៅពីលោកសាំ ពិសិដ្ឋ គឺមានការចូលរួមពី ប្រធានការិយាល័យផែនការគណនេយ្យ លោក ម៉ុម សុខាន – លោក ហេង ងួន និងលោក គន្ធរ៉ា រួមនិងមន្ត្រីជំនិតរបស់លោក សាំ ពិសិដ្ឋមួយចំនួនទៀត។ ពោលគឺមានន័យថា ប្រាក់ត្រូវចំណាយពិតអស់ប៉ុន្មាន និងចំណេញបានប៉ុន្មាន គឺនៅលើតែបបូម៉ាត់ពួកគាត់ ដោយសារការចំណាយទិញទំនិញនិងសម្ភារៈសម្រាប់អនុវត្តន៍ការងារគេមិនបានធ្វើលទ្ធកម្មនោះឡើយ។ ហេតុដូច្នេះនាំឲ្យ លោកប្រធានមន្ទីរ សាំ ពិសិដ្ឋ និងមន្ត្រីជំនិត របស់លោកម្នាក់ៗ ទទួលបានប្រយោជន៍ក្នុង១ឆ្នាំៗ មិនតិចលានដុល្លារនោះទេ ចំណែកអ្នកខាតបង់ធ្ងន់ធ្ងរ គឺរដ្ឋដ្ឋាភិបាលកម្ពុជា។
ដោយឡែក លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បាននិយាយដោយខ្លីថា រឿងនេះមិនពិតទេ ៕