កណ្តាល ៖ ជារៀងរាល់យប់ជ្រូកវៀតណាម បានបន្តសម្រុកចូលមកលក់នៅកម្ពុជា តាមច្រកព្រែកស្បូវ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ខណៈក្រសួងហាមឃាត់នាំចូលជ្រូកពីវៀតណាម តែខាងប្រធានច្រក ហាក់មិនទាន់ដឹងថា មានអំពើនេះកើតឡើង ?
សេចក្តីរាយការណ៍មកថា ក្នុងមួយយប់ៗ ជ្រូកវៀតណាមត្រូវបានដឹកជញ្ជូនឆ្លងដែនចូលមកកាន់ទីផ្សារកម្ពុជាជាច្រើនក្បាល តាមច្រកព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមឈ្មួញ បានដឹកជញ្ជូនតាមម៉ូតូជាច្រើនគ្រឿង នៅពេលយប់ចាប់ពីម៉ោង៨ រហូតដល់ជិតភ្លឺទើបឈប់ធ្វើសកម្មភាព។
សកម្មភាពបែបនេះ ធ្វើឲ្យពលរដ្ឋអ្នកចិញ្ចឹមជ្រូកក្នុងស្រុកលើកឡើងថា ទាល់តែមានការត្រូវរ៉ូវគ្នា ក្នុងកំរិតណាមួយជាមួយមន្រ្តីច្រក ទើបអាចធ្វើដំណើរចូលបាន បើមិនដូច្នោះទេ មន្ត្រីប្រចាំនៅទីនោះមិនឲ្យចូលបានឡើយ។ ក្រសួងកសិកម្ម បានចេញបំរាមថា ការនាំចូលជ្រូកពីវៀតណាម ត្រូវហាមជាដាច់ខាតមិនឲ្យកើតមានឡើងនោះទេ។
ប្រភពបានបង្ហើបថា ក្នុងជ្រូក ១ក្បាល ត្រូវបង់អោយច្រក ចំនួន ៥ម៉ឺនរៀល ទើបគេអាចឆ្លងកាត់មកទឹកដីកម្ពុជាបាន ?
អ្នករកស៊ីឆ្លងកាត់ច្រកនេះ បានអោយដឹងថា មិនត្រឹមជ្រូកទេ សូម្បីឡានដឹកស្រូវ ក៏ត្រូវបង់ផងដែរ បើមិនចឹងពិតជា មិនអាចនាំចេញបានទេ ( បើមិនជឿ អោយគាត់ ស្បថ បើគាត់ហ៊ានស្បថ ជឿគាត់ទៅ ? ។
ប្រជាជនបានស្នើដល់ អភិបាលខេត្តកណ្តាល គួរពិនិត្យមើលច្រកវាលស្បូវ នេះផង ព្រោះកន្លងមក មានរឿងមិនប្រក្រតី ជាច្រើន ដែលនាំដល់ការរិះគន់ រាជរដ្ឋាភិបាល ៕