ខេត្តក្រចេះ ៖ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានលើកឡើងថា លោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាប្រធានមន្ទីរកសិកម្មនិងប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ គ្មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឡង់ដែលនៅតែបន្តកើតឡើងយ៉ាងរាលដាលនោះទេ។ ផ្ទុយទៅវិញមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញក្នុងខេត្តក្រចេះ កំពុងតែឃុបឃិតឲ្យក្រុមហ៊ុនស៊ីបាយអូថេច បំពានកាប់ឈើក្នុងព្រៃឡង់ជាប់ទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន ហើយដឹកជញ្ជូនចូលទីតាំងដីសម្បទានរបស់ខ្លួនយ៉ាងរលូន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឡង់នៅក្នុងឃុំបឹងចារ និងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ជាបន្ទាន់ដើម្បីកុំឲ្យក្រុមហ៊ុនស៊ីបាយអូថេច បំពានកាប់ឈើយ៉ាងមហន្តរាយតទៅទៀត។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំបឹងចារ និងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះក្រុមហ៊ុនស៊ីបាយអូថេច បំពានកាប់ឈើនៅខាងក្រៅទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងពេញបន្ទុក ហើយប្រើប្រាស់រថយន្តបង្កុងនិងរថយន្តម៉ាករ៉េវ ដឹកជញ្ជូនឈើមូលធំៗចូលទៅតាំងដីសម្បទានរបស់ខ្លួនយ៉ាងពេញបន្ទុក។ ប្រជាសហគមន៍ការពារព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា កាលពីសប្ដាហ៍មុនក្រុមហ៊ុនស៊ីបាយអូថេច បានប្រើប្រាស់រថយន្តបង្កុង និងរថយន្តរ៉េវ ដឹកឈើមូលធំៗចេញពីព្រៃឡង់ចំណុចអូរគ្រាក់ និងចំណុចឈើទាលធំ ចូលទៅក្នុងរោងអារឈើរបស់ខ្លួនយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ការដែលក្រុមហ៊ុនស៊ីបាយអូថេច ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ។