កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន១២៥គ្រួសារមានការមិនពេញចិត្តចំពោះលោកគឹម ចាន់រិទ្ធ មេប៉ុស្តិ៍ឃុំប្រឡាយបានប្រេីអំណាចរបស់ខ្លួនគំរាមកំហែងប្រជាពលរដ្ឋមិនឲ្យធ្វើស្រែចម្ការនៅលេីដីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលពីមុនមក ហេតុការណ៍នេះកើតឡើងនៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីស្រែចម្ការរបស់ពួកគាត់បានអាស្រ័យផលតាំងពីឆ្នាំ១៩៨១មកម្ល៉េះដោយគ្មានបញ្ហាអ្វីឡើយ។ ពួកគាត់បន្តទៀតថា ក្នុងអំឡុងឆ្នាំ២០១៦ស្រាប់តែលោកគឹម ចាន់រិទ្ធដែលជាមេប៉ុស្តិ៍ឃុំប្រឡាយបាននាំគ្រឿងចក្រទៅឈូសឆាយ នឹងជីកប្រឡាយព័ទ្ធជុំវិញដីរបស់ពួកគាត់ ហេីយបានគំរាមកំហែងថាបេីនណាហ៊ានមកធ្វើស្រែចម្ការនៅលេីដីនេះទៀតប្រយ័ត្នជាប់គុកជាប់ច្រវ៉ាក់។ ដោយមានការភ័យខ្លាចប្រជាពលរដ្ឋ១២៥គ្រួសារគឺមិនបានធ្វើស្រែចម្ការនៅទីនោះអស់រយៈពេល៣ឆ្នាំដោយសារតែខ្លាចជាប់គុកច្រវ៉ាក់។
លោកពូម្នាក់ឈ្មោះចែម គឹម អាយុ៥២ឆ្នាំ ដែលរស់នៅភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំបានឲ្យដឹងទៀតថា នៅពេលដែលគ្រឿងចក្រចូលទៅឈូសឆាយ នឹងជីកកាយប្រឡាយនៅលេីដីរបស់គាត់ គាត់ក៏ចុះទៅហាមឃាត់។ បន្ទាប់មកស្រាប់តែលោកគឹម ចាន់រិទ្ធបានប្រាប់ទៅគាត់ថាត្រូវតែសងការខូចខាតរបស់គេ បេីគ្មានលុយសងទេចាប់ចូលគុក។ លោកពូមានការងឿងឆ្ងល់យ៉ាងខ្លាំងថា មិនបានធ្វើអីខុសផង បែរជាអោយសងលុយទៅវិញ? ពួកគាត់ទាំង១២៥គ្រួសារដែលមកពី៣ភូមិខុសៗគ្នាមានដូចជាភូមិប្រឡាយ ភូមិអន្លង់ព្រីង ភូមិកំព្រាល បាននាំគ្នាទៅប្ដឹងដល់សាលាឃុំ តែអាជ្ញាធរបែរជាធ្វើមិនដឹងមិនលឺទៅវិញ។ ក្រោយមកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោកមេឃុំ នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញសេចក្ដីអំពាវនាវមិនអោយប្រជាពលរដ្ឋចំនួន៤ភូមិមានដូចជាភូមិប្រឡាយ ភូមិអន្លង់ព្រីង ភូមិកំព្រាលនឹងភូមិកន្ធានមិនអនុញ្ញាតរុករានទន្ទ្រានកាប់ឆ្ការព្រៃពាសវាលពាសកាលតាមការញុះញង់របស់ឈ្មួញឬអ្នកគក់ជេរទិញដីធ្លីឡើង។ ប្រជាពលរដ្ឋចំនួន១២៥គ្រួសារនាំគ្នាតវ៉ាមិនពេញចិត្តពេលដែលលោកមេឃុំចេញលិខិតសេចក្ដីអំពាវនាវនេះ ពីព្រោះពួកគាត់ម្នាក់ៗអះអាងថាដីស្រែចម្ការរបស់ពួកគាត់អាស្រ័យផលតាំងពីឆ្នាំ១៩៨១មកម្ល៉េះ។
ជាចុងក្រោយប្រជាពលរដ្ឋចំនួន១២៥គ្រួសារស្នេីសុំដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយរកយុត្តិធម៌ជូនពួកគាត់ផង ។