ខេត្តបាត់ដំបង:ក្រោយពីមានការត្រួតពិនិត្យពីមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណងនិងសុរិយោដីខេត្តទៅលើអាគារស្នាកនៅរួមរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តដែលមានអាយុកាល៦១ឆ្នាំកាលពីថ្ងៃទី០១ខែកញ្ញាបានរកឃើញចំណុចនៃគុណភាពជាច្រើនដែលគួនិងប្រកាសអាសន្នដើម្បីរៀបចំជួសជុលឬកំទេចចោលដែលតាមតែអាចធ្វើទៅបានតាមជំនាញបច្ចេកទេសជៀសវាងបង្កអោយមានគ្រោះថ្នាក់អ្វីមួយជាយថាហេតុ។លោកផែង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានអំពាវនាវទៅដល់ប្រជាពលរដ្ឋចំនួនជាង៤០គ្រួសារដែលបានរស់នៅរួមគ្នាក្នុងបរិវេណដីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដែលស្ថិតក្នុងភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងត្រូវចាកចេញពីអាគារចាស់អាយុកាលជាង៦០ឆ្នាំដែលកំពុងទ្រុឌទ្រោមដើម្បីរក្សាសុវត្ថិភាពនិងជៀសវាងកើតមានគ្រោះថ្នាក់ដោយប្រការផ្សេងៗមួយរយះសិនដើម្បីអោយខាងជំនាញធ្វើការជួសជុលតាមដែលអាចធ្វើបាន។ ការអំពាវនាវរបស់លោកអភិបាលក្រុងបានធ្វើឡើងកាលពីរសៀលថ្ងៃទី០២ខែកញ្ញាឆ្នាំ២០១៩ក្រោយពីមានការចុះត្រួតពិនិត្យនិងវាយតម្លៃទៅលើគុណភាពសំណង់របស់ក្រុមមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបានរកឃើញថាទីតាំងអាគារផ្ទះល្វែងស្នាក់នៅរួមនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងដោយជាន់ខ្លះផ្នែកមួយចំនួននៃតួអគារមានការពុកផុយធ្លាក់បាយអរតាមជញ្ជាំងពុកផុយបេតុងប្លង់សេផ្ទុះចេញដែកនិងកន្លែងខ្លះទៀតធ្លាក់បំណែកប្លង់សេស្ទើរទាំងស្រុងដែលប្រឈមនិងការបាក់ស្រុត។
លោកផែង.សិទ្ធីបានបន្តថាការអំពាវនាវនេះដែរមិនធ្វើតែចំពោះពលរដ្ឋរស់នៅចំណុចអគារសំណង់ក្នុងមន្ទីរអភិវឌ្ឍន៍ខាងលើនោះទេគឺធ្វើគ្រប់សំណង់អគារទាំងឡាយនៅក្នុងក្រុងបាត់ដំបងរាប់ទាំងសាលារៀននិងវត្តអារាមជាដើមផងដែរក្រោយពីមានការត្រួតពិនិត្យលើគុណភាពច្បាស់លាស់ពីមន្ត្រីជំនាញ។លោកអភិបាលក្រុងបានបញ្ជាក់បន្ថែមថាការអំពាវនាវអោយពលរដ្ឋចាកចេញពីអគារសំណង់ដែលកំពុងទ្រុឌទ្រោមខាងលើនេះដែរខាងអាជ្ញាធរយើងមិនមានការដោះដូរឬរកទីតាំងថ្មីណាមួយសម្រាប់អោយពួកគាត់រស់នៅនោះទេគឺពួកគាត់ត្រូវរកទីតាំងដើម្បីរស់នៅដោយខ្លួនឯងសិនដើម្បីការពារអាយុជីវិតដែលបង្កឡើងគ្មានពេលកំណត់និងអោយដឹងជាមុននោះទេ៕សៅ សារិទ្ធ