ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អភិបាលខេត្តស្វាយរៀង សំណេះសំណាលជាមួយមាតាបិតានិងសិស្សទទួលបាននិទ្ទេស A

ខេត្តស្វាយរៀង ÷ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទាំង ៨រូប ក្នុងខេត្តស្វាយរៀង នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ១៩-២០ ខែសីហា ឆ្នាំ២០១៩ ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំង៨រូប ដែលបានខិតខំប្រឹងប្រែងសិក្សារហូតទទួលបាននិទ្ទេស A ដែលជានិទ្ទេសល្អប្រសើរបំផុត ក្នុងជីវិតសិក្សានៅថ្នាក់មធ្យមសិក្សា លទ្ធផលនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាព និងមុខមាត់របស់ខេត្តស្វាយរៀងយើងទាំងមូលនៅក្នុងបរិបទដែលប្រទេសជាតិកំពុង ទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសវិស័យសិក្សាធិការអប់រំ ។

ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ជូនថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឳកាសពេញលេញ និងសម្បូរបែប ទទួលបាននូវការអប់រំសិក្សាគ្រប់ទីកន្លែង ព្រោះថាសាលារៀនត្រូវបានពង្រាយទៅកៀកជាប់ នឹងរបងផ្ទះតែម្ដង ផ្ទុយស្រឡះពីជំនាន់មុន ដែលពុំមានឱកាសពេញលេញបែបនេះទេ ណាមួយសាលារៀននៅឆ្ងាយពីផ្ទះផង ណាមួយត្រូវជួយកិច្ចការផ្ទះផង ណាមួយត្រូវគេចពីគ្រាប់ផ្លោងផង ដោយសារកាលនោះប្រទេសជាតិគ្មានសន្តិសុខពេញលេញ ដូចសព្វថ្ងៃនេះទេ ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជនគំរូ ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន ដោយមិនត្រូវមានមោទភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួនទៅអនាគតដើម្បីខ្លួនឯងនិងប្រទេសជាតិ ព្រមទាំងត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង ។

នៅចុងបញ្ចប់ ដើម្បីជាការចូលរួមអបអរសាទរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង៨រូប ឯកឧត្ដមអភិបាលខេត្ត បានផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន÷

ម៉ូតូហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៩ ចំនួន ០១គ្រឿង កុំព្យូទ័រយួរដៃ Laptop ១គ្រឿង
ថវិកា ១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូនាយកសាលា និងមន្ទីរអបរំម្នាក់ៗទទួលបាន ៥ម៉ឺនរៀលផងដែរ៕ ដោយ=សុខហ៊រ

IMG_20190920_142511_431

IMG_20190920_142516_910

IMG_20190920_142523_313

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com