ខេត្តបាត់ដំបង:មហាជនតាមតុកាហ្វេស្ទើរពេញក្រុងចាប់ផ្តើមរិះគន់យ៉ាងកក្រើកទៅលើក្រុមហ៊ុនដេញភាស៊ីផ្សារធំថ្មីហៅផ្សារណាត់ដែលមានទីតាំងនៅចំកណ្តាលបេះដូងក្រុងបាត់ដំបងថាកំពុងរំលោភបំពានដោយមិនមានការកោតក្រែងលើគន្លងផ្លូវសាធារណះដែលនាំអោយប៉ះពាល់ដល់វិស័យទេចរណ៍យ៉ាងធ្ងន់ធ្ងរពិសេសធ្វើអោយប៉ះពាល់ចំណាត់ថ្នាក់ផ្ការំដួល៣ទងទៀតផងដែលមហាជនយល់ថាអាជ្ញាធរមានសមត្ថកិច្ចបានបណ្តែតបណ្តោលើបញ្ហានេះរាប់សិបឆ្នាំកន្លងមកហើយពេលនេះគួមានចំណាត់ការក្តៅទើបមានរបៀបរៀបរយមិនប៉ះពាល់ដល់ផ្លូវសាធារណះដែលយកទៅបំរើផលប្រយោជន៍ក្រុមឈ្មួញមួយចំនួនតូច។
បើយោងតាមមតិពីប្រភពអ្នកវិភាគតាមតុកាហ្វាជាច្រើនកន្លែងបានវិភាគដូចៗគ្នាដាក់ការសង្ស័យថាអ្វីដែលក្រុមហ៊ុនឯកជនទទួលសិទ្ធដេញថ្លៃវិនិយោគផ្សារណាត់ក្រុងបាត់ដំបងនេះប្រហែលជាបានចែកចាយផលប្រយោជន៍ដល់សមត្ថកិច្ចពាក់ព័ន្ធទើបហ៊ានរំលោភបំពានលើចំណែកផ្លូវសាធារណះជុំវិញផ្សារអស់រយះពេលរាប់សិបឆ្នាំបានយ៉ាងរលួនបែបនេះហើយបង្កការកកស្ទះពិបាកក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋពិសេសភ្ញៀវទេសចរណ៍អន្តរជាតិជារៀងរាល់ថ្ងៃផង។
ចំណែកមតិមហាជនខ្លះក៏បានអោយដឹងដែរថាដោយសារតែចំណែកតូចនៃវិស័យឯកជនមួយនេះមិនមានមនសិការចូលរួមចំណែកលើសណ្តាប់ធ្នាប់សាធារណះហើយសម្ងំបិតភ្នែកព្រោះតែផលប្រយោជន៍ទើបបំពានវាតទន្រ្ទានទីយកទ្រូងផ្លូវមួយចំណែកដាក់ផ្ញើរម៉ូតូរហូតដល់ទៅពីរជួរហើយរៀបចំអោយក្រុមអាជីករលក់ដូរលើផ្លូវថ្នល់ថែមទៀតដោយមិនបានជួយសម្រួលក្នុងការធ្វើដំណើរដូចជាម៉ូតូ,រទេះម៉ូតូឬរថយន្តរបស់ភ្ញៀវដែលជាអ្នកចូលទិញទំនិញដែលឈប់ថតទុកចោលដោយគ្មានសណ្តាប់ធ្នាប់បណ្តាលអោយចង្អៀតស្ទើរធ្វើដំណើរមិនរួចជាប្រចាំរាល់ថ្ងៃរាល់នោះទេ។ម្យ៉ាងទៀតពេលសមត្ថកិច្ចចុះរៀបចំនិងសម្រួលរបៀបរៀបរយលើដងផ្លូវម្តងៗក្រុមហ៊ុនដេញភាស៊ីផ្សារខាងលើតែងដាក់បន្ទុកទំលាក់កំហុសទៅលើក្រុមអាជីករហាក់មិនទទួលខុសត្រូវឡើយក្នុងការគ្រប់គ្រងរបស់ខ្លួន។
ចំណែកប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានបញ្ជាក់ប្រាប់ដែរថាបញ្ហានេះអាជ្ញាធរក្រុងក៏ដូចជាអាជ្ញាធរខេត្តមិនគួរបណ្តែតបណ្តោយអោយក្រុមហ៊ុនដេញភាស៊ីផ្សារណាត់រំលោភបំពានយកចំណែកផ្លូវសាធារណះរបស់រដ្ឋស្ទើរពាក់កណ្តាលទ្រូងផ្លូវបែបនេះដើម្បីដាក់ផ្ញើរម៉ូតូទាញយកផលប្រយោជន៍សម្រាប់តែវិស័យឯកជនខ្លួនបន្តឡើយធ្វើអោយបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់វិស័យទេសចរណ៍និងកម្មវិធីប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានជ័យលាភីផ្ការំដួល៣ទងរួមទាំងការប្រកួតប្រជែងថ្នាក់អន្តរជាតិជាច្រើនផ្សេងៗទាំងបច្ចុប្បន្នក៏ដូចជាថ្ងៃអនាគតថែមទៀតផង។
ពាក់ពន្ធ័ជាមួយនឹងបញ្ហាដ៏រាំុរ៉ៃខាងលើនេះលោកផែង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានបញ្ជាក់អោយដឹងដែរថាបញ្ហានេះលោកពិតជាទទួលស្គាល់ហើយខាងរដ្ឋបាលសាលាក្រុងក៏កំពុងតែយកចិត្តទុកដាក់ផងដែរលើរឿងនេះ។លោកថាកន្លងមកក្រុមអ្នកលក់ដូរស្តាប់តាមការណែនាំរបស់សមត្ថកិច្ចតែមួយរយះពេលខ្លីប៉ុណ្ណោះម៉្យាងទៀតលោកថាដោយសារតែខាងរដ្ឋបាលក្រុងមិនមានកម្លាំងប្រចាំការនិងមិនមានសម្ភារះគ្រប់គ្រាន់ដូចនេះបច្ចុប្បន្នកំពុងតែជជែកជាមួយលោកស្នងការខេត្តដើម្បីសហការគ្នាអនុវត្តវិធានការរៀបចំឬត្រូវស្ទួចយកយានយន្តដែលល្មើសបង្កការកកស្ទះដល់សាធារណះជនដើម្បីអោយម្ចាស់ធ្វើកិច្ចសន្យាឬពិន័យអោយមានការរាងចាលថ្ងៃក្រោយ។ដោយឡែកជុំវិញបញ្ហាដ៏ចាក់ស្រេះរាប់ឆ្នាំនេះទូរទស្សន៍ព្រះនរាយហ៍មិនអាចសុំការបំភ្លឺពីខាងភាគីក្រុមហ៊ុនទទួលបន្ទុកដេញថ្លៃភាស៊ីផ្សារណាត់នេះបានថាយ៉ាងណានៅឡើយនៅថ្ងៃទី២០ខែកញ្ញានេះព្រោះស្វែងរកមិនជួបនិងមិនមានប្រព័ន្ធទំនាក់ទំនងតាមទូរស័ព្ទ៕សៅ សារិទ្ធ