ខេត្តស្វាយរៀង÷ព្រឹកថ្ងៃទី២៦កញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល និងយោធាការពារព្រំដែននៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដែលរៀបចំនៅបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦១១ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក
លោកនាយក នាយករងទីចាត់ការចំណុះសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការវរៈព្រំដែនទាំង៣ កងកម្លាំងវរៈព្រំដែនសរុបចំនួន ៤៨៥នាក់។
មានប្រសាសន៍សំណេះសំណាលទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនចំពោះកងកម្លាំងការពារព្រំដែនដោយក្តីនឹករលឹកបំផុត។
ឯកឧត្តមបន្តថា ការចុះជួបសួរសុខទុក្ខបងប្អូនកងកម្លាំងនៅរៀងរាល់ឱកាសបុណ្យជាតិនេះ គឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់បំផុតចំពោះបងប្អូនកងកម្លាំងនគរបាល និងយោធាទាំងអស់ដែលឈរជើងការពារនៅតាមតំបន់ព្រំដែន។ ហើយខេត្តស្វាយរៀងរបស់យើង រដ្ឋបាលខេត្តស្វាយរៀងតែងចុះជាបន្តបន្ទាប់ក្នុងគោលបំណង
ផ្សារភ្ជាប់នូវទំនាក់ទំនងល្អប្រសើររវាងអ្នកនៅជួរក្រោយ និងកម្លាំងរបស់យើងនៅជួរមុខក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ក៏ដូចជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់កម្លាំងយើងទាំងអស់ដែលឈរជើងនៅជួរមុខ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អជាមួយបណ្ដាសមត្ថកិច្ចនៃប្រទេសជាតិខាង
ធ្វើឲ្យសណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែននាពេលកន្លងមក មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្តបានមានមតិផ្តាំផ្ញើដល់កងកម្លាំងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖
– ទប់ស្កាត់ចំពោះបដិវត្តពណ៌ និងត្រៀមចាប់ខ្លួនជនណាដែលរួមគំនិតក្បត់ជាតិនិងញុះញ៉ង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ដែលមានទណ្ឌិតសមរង្ស៊ីនិងបក្សពួកជាដើម។
– ត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់។
– ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខល្អនៅតាមព្រំដែន។
– ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងកងកម្លាំងទាំងអស់ទាំង នគរបាល និងយោធា។
– ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់។
– ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង។
– ចុះពិនិត្យនិងថែរក្សាការពារបង្គោលព្រំដែនដែលបានបោះរួច។
– ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗដូចជាបទល្មើសគ្រឿងញៀន ការជ្រៀតចូលនៃជនអន្តោប្រវេសន្តខុសច្បាប់ និងការលួចនាំចូលជ្រូកពីប្រទេសជិតខាងមកខេត្តស្វាយរៀងជាដើម ។
ជាចំណងដៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗទទួលបាន៥មុឺនរៀល ដោយឡែកវរៈទាំង៣ ក្នុង១វរៈទទួលបានអង្ករ១០បាវ ទឹកក្រូច១០កេស ទឹកសុទ្ធ ១០កេស និងនំអន្សមជ្រូកចំនួន១០០នំ ដែលគិតជាថវិកាសរុបទាំងអស់ចំនួន៣២លានរៀល៕ ដោយ ÷ សុខហ៊រ