ខេត្តស្វាយរៀង ÷ តបតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យនាំគ្នាហូបអំបុកនោះលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តស្វាយរៀង បានអំពាវនាវឲ្យអាជ្ញាធរ កងកម្លាំង សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាពិធីបុណ្យអុំទូកដើម្បីចូលរួមការពារជាតិសាសនា និង ព្រះមហាក្សត្រ ។
ការអំពាវនាវយ៉ាងដូច្នេះខណៈដែលលោកជំទាវកិត្តិសង្គហបណ្ឌិតមែន សំអនបានអញ្ជើញចូលរួមបិទ កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តន៍ភារកិច្ចរបស់ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី ៧ លើកទី ៣ និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗសម្រាប់អនុវត្តដំណាក់កាលទី ៧លើកទី៤ នៅសាលប្រជុំមន្ទីរគណបក្សខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ០៥ ខែតុលាឆ្នាំ ២០១៩ ។
ក្នុងពិធីនោះដែរ លោកជំទាវក៏បានស្នើដល់សមាជិក សមាជិកាត្រូវទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការដែលមាន ៧ ចំណុចដូចខាងក្រោម ÷
១-ត្រូវបន្តលើកកម្ពស់សុវត្ថិភាព សន្តិសុខសង្គម ធ្វើអោយជនគ្រប់រូបទទួលបានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តតាមរយៈការធ្វើឲ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទមានការថយចុះ ពង្រឹងបរិយាកាសសង្គម ជាសង្គមល្អគ្មានជនពាល ឬជនទំនើង ត្រូវបន្តរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសសណ្ដាប់ធ្នាប់ចរាចរណ៍អោយមានរបៀបរៀបរយល្អ ។
២ -ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ពីខេត្តរហូតដល់មូលដ្ឋានទាំងអស់ ត្រូវបន្តតាមដានក្តាប់ជាប់ការអនុវត្តន៍ នីសភាពការណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួនជាមួយទាំងសភាពការណ៍ប្រជាជន ទាំងសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ហើយត្រូវដាក់ចេញនូវវិធានការនានា ទាំងវិធានការរដ្ឋបាល និងវិធានការអប់រំ ទាំងវិធានការច្បាប់ ឲ្យបានទាន់ពេលវេលា ដោយឈរលើស្មារតីដឹកនាំដោយសមូហភាពម្នាក់ទទួលខុសត្រូវដើម្បីបង្កើនភាពខ្លាំង និងប្រជាប្រិយភាពរបស់គណបក្ស រក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព និងជំរុញការអភិវឌ្ឍនៅគ្រប់មូលដ្ឋាន។
៣-ក្រុមការងារគណបក្សគ្រប់ថ្នាក់និងប្រព័ន្ធព័ត៌មាន ត្រូវយកចិត្តទុកដាក់ អប់រំផ្សព្វផ្សាយឲ្យបានទូលំ ទូលាយ ស៊ីជម្រៅក្នុងមហាជន អំពីការរីកចម្រើនគ្រប់វិស័យ នៃមហាជន អំពីការរីកចម្រើនគ្រប់វិស័យនៃសង្គមជាតិ អំពីគោលនយោបាយ និងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
៤-គណបក្សខេត្ត ត្រូវយកចិត្តទុកដាក់ការលើកកម្ពស់សុវត្ថិភាព ប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ។
៥ គណបក្សគ្រប់ជាន់ថ្នាក់ តើបន្តកែសម្រួលកសាងពង្រឹងអង្គការចាត់តាំងមូលដ្ឋាន របស់គណៈបក្សឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់ មានការទទួលខុសត្រូវឲ្យច្បាស់លាស់ និងអនុវត្តបានល្អ នៅការងារគ្រប់គ្រងអប់រំ ថែបំប៉នសមាជិក និងកសាងពង្រីកសមាជិកថ្មី ពិសេសក្នុងជួយប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
៦-គណបក្សខេត្ត ត្រូវបន្តរៀបចំបើកវគ្គអប់រំនយោបាយដល់មន្ត្រី និងសកម្មជន យុវជនគណបក្សដែលពុំទាន់បានរៀនតាមកម្មវិធីបច្ចុប្បន្ន ជាមួយនេះត្រូវបន្តពង្រឹងអង្គការមហាជនរបស់គណបក្សឲ្យសម្រេចបានល្អតាមតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសពង្រឹងការគ្រប់គ្រងរាល់អង្គការយុវជនគណបក្ស ។
៧ – មន្ត្រីគ្រប់ថ្នាក់ទាំងផ្នែកបក្ស ទាំងផ្នែករដ្ឋ ត្រូវរៀបចំការងារដែលពាក់ព័ន្ធរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រូវចេះសន្សំពិន្ទុជាមួយប្រជាជន តាមរយៈប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងតាមរយៈការចុះជួបប្រាស្រ័យផ្ទាល់ក្នុងវេទិកាសាធារណៈតាមភូមិនីមួយៗ ទទួលយកនូវការលំបាកសំណូមពររបស់ប្រជាពលរដ្ឋ នឹងខិតខំ
ដោះស្រាយឲ្យមានប្រសិទ្ធភាព ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ។ ដោយ=សុខហ៊រ