ខេត្តស្វាយរៀង៖ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី ០៩ ខែតុលាឆ្នាំ ២០១៩ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជំនួសលោក លឹម សៀងហេង ដែលត្រូវផ្លាស់ប្តូរឲ្យទៅបំរើការងារនៅអង្គភាពដើមវិញ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហែម ពិសិដ្ឋ បានផ្ដាំផ្ញើដល់លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលទើបទទួលបានការតែងតាំងថ្មី និងកងកម្លាំង មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នូវកិច្ចការ សំខាន់ៗមួយចំនួនដូចជា៖
១- ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងការបំពេញការងារ។
២- ត្រូវយកចិត្តទុកដាក់ អនុវត្ត តួនាទីភារកិច្ចឲ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
៣- ត្រូវខិតខំលើកកម្ពស់ ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានា និងពង្រឹងរបៀបរបបធ្វើការតាម តួនាទី ភារកិច្ច របស់ខ្លួនដោយឈរលើគោលការណ៍ (សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ) ។
៤- ត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ ។
៥- ត្រូវចៀសវាង និងនៅឲ្យឆ្ងាយពីអំពើពុករលួយ ។
៦- ត្រូវចៀសវាងឲ្យបាននូវសកម្មភាពដែលបង្កការលំបាកដល់អ្នកឆ្លងកាត់ ។
៧- ត្រូវចូលរួមបង្កើនការសហការក្នុងចំណោមសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីក៏ដូចជាសមត្ថកិច្ចព្រំដែននៃប្រទេសជិតខាងក្នុងការថែរក្សាពង្រឹង សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន បទល្មើសសេដ្ឋកិច្ច ការជួញដូរមនុស្ស និងទំនិញគេចពន្ធគ្រប់ប្រភេទ ការនាំចូលនូវទំនិញខុសច្បាប់ និងខូចគុណភាព ការលួចជ្រៀតចូលនៃជនបរទេសអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ជាដើម៕ ដោយ÷សុខហ៊រ