ខេត្តមណ្ឌលគិរី -ក្រុមកម្មករ លោក ឧកញ៉ា ស្រីចន្ធូ ៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេលធ្វើសកម្មភាពដាំបង្គោលថ្មព័ទ្ធយកដីចំការស្រល់របស់រដ្ឋ កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រោមការបញ្ជាដោយផ្ទាល់មាត់ពីលោក ម៉ម វ៉ាន់ដា ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នេះបើតាមមន្ត្រីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបង្ហើបឱ្យដឹង។
មន្ត្រីខ័ណ្ឌរដ្ឋាបាលព្រៃដដែលនោះថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយកម្លាំកងរាជអាវុធហត្ថ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង បានចុះចាប់ឃាត់កម្មករចំនួន ០៧នាក់ និងមេការម្នាក់មានឈ្មោះ ជួង សុភារុណ ដែលបានដាំបង្គោលរបងថ្មព័ទ្ធរបងលួស និងដាំដើមផ្កាលំអរ ដើម្បីហ៊ុំព័ទ្ធយកដីចំការស្រល់របស់រដ្ឋ នៅខាងមុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូររាំង ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេតមណ្ឌលគិរី រឹបអូសវត្ថុតាងបានរថយន្តកូរ៉េចំនួន ១គ្រឿង(រក្សាទុកនៅស្នាក់ការខរព មគ) ម៉ូតូចំនួន ៤គ្រឿង ដែកត្បែងជីកដីចំនួន ១ និងកាំបិតផ្គាក់ចំនួន ២ផ្លែ(រក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ អូររាំង) ។
បន្ទាប់ពីបានសាកសួរលោក ជួង សុភារុណ មេការបានឆ្លើយថា ដីនេះជាដីរបស់លោក ស្រី ចន្ធូ ដែលគាត់បានទិញពីប្រជាពរដ្ឋនៅស្រុកអូររាំង តែប៉ុណ្ណោះ ។បច្ចុប្បន្ន ក្រុមការងារបានយកជនសង្ស័យចំនួន ០៨នាក់ ទៅផ្ញើនៅកន្លែងស្នងការខេត្តមណ្ឌលគិរី ដើម្បីបន្តសាកសួរនៅថ្ងៃស្អែកទៀត ទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ៕