ភ្នំពេញ : អស់រយ:ពេលជិត ៥ឆ្នាំទៅហើយ ដែលលោក លឹម រដ្ឋា បានចំណាយពេលប្តឹងជនជាតិកូរ៉េ ម្នាក់រឿងជំពាក់លុយ ទៅក្រសួងមហាផ្ទៃ និង ចេញពីក្រសួងមហាផ្ទៃ មកតុលាការ រាជធានីភ្នំពេញ ។
លោក លឹម រដ្ឋា ថានៅពែលកំពុងរត់ការនានា នោះលោកបានចាយវាយ លើការងារផ្សេងៗ អស់រាប់ពាន់ដុល្លា ។ តែលោកថា សំណាងល្អខាងចៅក្រម លាង សំណាត់ និង ក្រឡាបញ្ជី សុខ សេង បានអាណិតលោកណាស់ គឺបានជួយគាត់ ដោយមិនមានចំណាយក្រៅអ្វីនោះទេ ។
លោកថា ដំណើរការក្តី នៅតុលាការ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ដែលលោកបានប្តឹងជនជាតិកូរ៉េនោះ ទៅតុលាការរាជធានីភ្នំពេញ គឺមានរយ:ពេល២ឆ្នាំ ទើបលោកបានឈ្នះក្តី លើជនជាតិកូរ៉េនោះ ពោលគឺ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ចៅក្រមជំនុំជម្រះ លោក លាង សំណាត់ បានចេញសេចក្តីសំរេចបញ្ចប់ ដោយ អោយជនជាតិកូរ៉េ ឈ្មោះ K H Lee សងប្រាក់ ចំនួន ៥.៨៨៨ ដុល្លា និង ជំងឺចិត្ត ចំនួន ៥លានរៀល មកអោយរូបគាត់ ។
ក្រោយពីបានឈ្នះក្តីរួចមក លោកក៏ធ្វើលិខិត មួយច្បាប់ទៀតចូលសាលាដំបួូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ ដើម្បីសុំអនុវត្តន៍សាលក្រម ។ ការសុំអនុវត្តន៍សាលក្រម នេះគឺមានខាងមន្រ្តីតុលាការ បានរុញលោក រដ្ឋា អោយទៅរកមេធាវី នៅម្តុំសាលាបាក់ទូក ។ លោកថា មេធាវីនោះ បានអោយគាត់ចំណាយលុយខ្លះដើម្បី សំរេចលើកិច្ច នេះ ។
លោក លឹម រដ្ឋា ហាក់អស់សង្ឃឹម ដោយមិនមានលុយ អោយខាងមេធាវីនោះ លោកក៏បានទុកចោលរឿងនេះ ចាប់ពីពេលនោះមក ។ តែហាក់ទេវតា ជួយលោកដឹកនាំអោយបានមកជួបក្រុមការងារគេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ ។ លោកក៏ មានសេចក្តីសង្ឃឹមឡើងវិញ ដែលឈានធ្វើលិខិតទៅឯកឧត្តម អង្គ វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីសុំឯកឧត្តម ជួយពន្លឿនការអនុវត្តន៍សាលក្រម លេខ ១៥៣០ ឈ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ អោយបានឆាប់រហ័ស ។
លោក លឹម រដ្ឋា បាននិយាយទាំងមុខស្រពោនថា ដោយសារជនជាតិកូរ៉េ ជំពាក់លុយ គាត់នេះហើយធ្វើអោយគាត់ បានចំណាយពេលជិត៥ឆ្នាំ រួមទាំងចំណាយថវិកា រាប់ពាន់ដុល្លា ។ ពិសេសការងារក៏អត់ធ្វើ និង ជំពាក់លុយកូនជាង និង អ្មកជិះខាង ដែលធ្វើអោយក្តីស្រមៃ របស់គាត់ចង់បានដី សង់ផ្ទះតូចល្មម ត្រូវបានរលាយអស់ ដោយបានត្រឹមតែ
ផ្ញើខ្លួន នៅបន្ទប់ជួលតូចមួយ នៅរាជធានីភ្នំពេញ ប៉ុណ្ណោះ ។
ជាចុងក្រោយ លោក លឹម រដ្ឋា លើម្រាមដៃដប់ សុំជួយដល់គាត់ផង ។ គាត់គ្មានលុយ សូម្បីសំរាប់ចាក់សាំងម៉ូតូកញ្ចាស់ យកលិខិតទៅក្រសួងយុត្តិធម៌ ក៏សុំកូនដែរ ។
ការិយាល័យ ព្រះនរាយណ៍ ក៏បានសំភាស លោក លឹម រដ្ឋា ពីដំណើរដើមទង នៃមូលហេតុនៃការទារលុយ ពីមេធាវី ដែរ ។ តែយើងខ្ញុំមិនទាន់មានការអនុញ្ញាតិ ពីលោក លឹម រដ្ឋា ក្នុងការផ្សព្វផ្សាយកិច្ច សំភាសនេះ ។
គួររំលឹកថា :
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទៅ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យមើលភាពមិនប្រក្រតី អំពើពុករលួយ ដែលកើតឡើងនៅក្នុងប្រព័ន្ធតុលាការកម្ពុជា។
តាមរយ: ឯកឧត្តម ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ថា
ការដាក់បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ។ ដោយ
«សម្តេចតេជោ បានបញ្ជាទៅ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យពីភាពមិនប្រក្រតីនេះ ដែលមានការពុករលួយប្រើតាមរយៈមេធាវី តាមការលើកឡើងរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា បុគ្គលដែលជាចៅក្រម ព្រះរាជអាជ្ញា គាត់មិនមែនទៅយកលុយផ្ទាល់ពីពលរដ្ឋទេ គឺមេធាវីទេ ដែលគាត់ជាអ្នកយកលុយ ហើយយកទៅចែកបន្ត» ៕