ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អ៊ួ សុខខឿន ជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងថ្មី ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហា និងបំពេញរាល់កិច្ចការនានា ដែលរាជរដ្ឋាភិបាលប្រគល់ជូនបានយ៉ាងល្អ ហើយដែលបានធ្វើឲ្យខេត្តទទួលបានការរីកចម្រើនគួរជាទីមោទនៈ និងបានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ដែលបានសហការយ៉ាងល្អ ជាមួយនឹងរដ្ឋបាលខេត្តស្វាយរៀង អាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានាក្នុងខេត្តស្វាយរៀង ក្នុងការដោះស្រាយបញ្ហាជូនបងប្អូនកម្មករនិយោជិត និងចូលរួមអនុវត្តច្បាប់ ស្តីពីការងារ សំដៅធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងអនុវត្តប្រកបដោយជោគជ័យ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ទាំង១០ចំណុច របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមសូមអបអរសាទរចំពោះ លោក អ៊ូ សុខឿន ដែលទទួលបានមុខតំណែងថ្មីនេះ ជំនួស លោក ហាស់ ប៊ុនធី ដែលត្រូវចូលនិវត្តន៍ ឯកឧត្ដមសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ថ្នាក់ ក្រោមឱវាទក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តស្វាយរៀងទាំងអស់ នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់ លោកប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចឲ្យបានល្អ ព្រមជាមួយនោះត្រូវ ៖
១- ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ភារកិច្ចដែលក្រសួង និង រដ្ឋបាលខេត្តស្វាយរៀងប្រគល់ជូន។
២- ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឲ្យបានទាន់ពេលវេលា។
៣- ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឲ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្ត្រីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
៤- ត្រូវខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។
៥- ត្រូវគោរពនូវឋានានុក្រមការងារឲ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់។
៦- ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឲ្យបាននូវអភិក្រមទាំង៥ របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ៕