រាជធានីភ្នំពេញ ៖សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីបើកបុណ្យសមុទ្រលើកទី៨ ជុំទីពីរ ក្នុងខេត្តកំពត សម្តេចតេជោ បានបញ្ជាឱ្យ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះពិនិត្យជាបន្ទាន់ករណីចាក់ដីចូលសមុទ្រ និងស្រាវជ្រាវអ្នកនៅពីក្រោយខ្នង ដើម្បីទន្ទ្រាយយកដីធ្វើជាកម្មសិទ្ធិ។
ពាក់ព័ន្ធនឹងការចាក់ដីទន្ទ្រានចូលចូលក្នុងសមុទ្រនេះដែរ សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា ប្រសិនបើជារកឃើញថា នាយទាហានរូបណាពាក់ព័ន្ធនឹងការចាក់ដីចូលសមុទ្រ សម្តេចមិនអនុញ្ញាតនាយទាហានទាំងអស់នោះ ស្ថិតនៅក្នុងក្របខណ្ឌជាកងយោធពលភូមិន្ទកម្ពុជាបន្តទៀតនោះទេ។
ប្រសិនបើទុកឱ្យនាយទាហានទាំងនោះធ្វើរឿងយ៉ាងដូច្នេះ មានន័យថា ពួកអ្នកទាំងនោះនឹងក្លាយជាអ្នកកសាងរដ្ឋ នៅរដ្ឋហើយ ព្រោះពួកគេមិនគោរពច្បាប់ ដូច្នេះ គឺមិនអនុញ្ញាតឱ្យមាននោះទេ។
ក្រោយពីបានបទបញ្ជាភ្លាម នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកោះកុង និងមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចយកគ្រឿងចក្រ កាយដីដែលចាក់លុបសមុទ្រ នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទនោះចេញឡើងវិញ បន្ទាប់ពីត្រូវ ឧត្តមសេនីយ៍ទោ ទុន ដៀត លួចចាក់លុបទាំងបំពានឆ្នេរសមុទ្រ។
ការងារទាំងនេះបានធ្វើអោយ ប្រជាពលរដ្ឋ និង មន្រ្តីរាជការមានការសាទរ នូវភាពរហ័សរហួនរបស់មន្រ្តីពាក់ព័ន្ធទាំងឡាយ ដែលបានស្តាប់បញ្ជាថ្នាក់ដឹកនាំអោយធ្វើ១ គឺធ្វើ១ បានសំរេចលទ្ធផលយ៉ាងត្រចះត្រចង់ ។
តែបើក្រឡេកមកមើល រឿង២ ដែលជារឿងលុបសមុទ្រដូចគ្នា ហើយក៏មានក្រុមសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មកពីគណបក្ស២ផ្សេងគ្នា ក៏បានចុះអង្កេតនិងស្រាវជ្រាវ ផងដែរ តែហាក់ មិនបានការអ្វីទាំងអស់ រឺមួយត្រូវថ្នាំសន្នំ ក៏មិនដឹង ?
រឿងទី១ – ការចាក់ដីលុបរំលោភយកឆ្នេរសមុទ្រ ដើម្បីពង្រីកអ៊ូទូក (កន្លែងជួសជុលទូក) មួយកន្លែងនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានអោយកាយចេញវិញនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពីមានបញ្ជាពីរដ្ឋបាលខេត្តព្រះសីហនុ។ បញ្ជានេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ម្ចាស់អាជីវកម្មខាងលើចាក់ដីលុប ពុំមានសុំច្បាប់អនុញ្ញាត។ ករណីនេះត្រូវបានគេមើលឃើញថា មិនបានកាយវិញទេ ហើយថែមចាក់បន្តរហូត បានសំរេច (កន្លែងអូរទូកនេះជារបស់ឧត្តមសេនីយផ្កាយ៣ ឈ្មោះយុទ្ធ ) ។
ទី២-ឧត្តមសេនីយ៍ឯក ហួរ ហាប់ ចាក់ដី លប់ឆ្នេរ សមុទ្រនៅចំណុចពយជិនទុងស្រុកស្រែអំបិល ខេត្តកោះកុង ជិត២គីឡូម៉ែត្រ មានរយៈពេលជាង១ឆ្នាំ តែមិនឃើញអាជ្ញាធរបង្ហាញរបាយការណ៏ ជាសាធារណៈសោះឡើយ។
ទោះជាយ៉ាងនេះក្តីអង្គភាពយើងខ្ញុំ នូវរង់ចាំការបំភ្លឺណាមួយចេញ ពីរដ្ឋបាលខេត្តព្រះសីហនុ និង ខេត្តកោះកុង ដោយក្តីសោមនស្ស ៕