ខេត្តកណ្តាល : គ្រឿងចក្រអត់ច្បាប់ជាច្រើនគ្រឿងកំពុងតែធ្វសកម្មភាពឈួសឆាយព្រៃលិចទឹកជម្រកត្រីពងកូន(តំបន់អតីតឡូត៍នេសាទលេខ៦)និងជីកលើកក្រវ៉ាតព័ទ្ធយកដីសាធារណៈរបស់រដ្ធ ក្នុងដែនរដ្ធបាលឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល យ៉ាងគឃ្លើន។សកម្មភាពគ្រឿងចក្រអត់ច្បាប់ឈួសឆាយលើកក្រវ៉ាតព័ទ្ធយកដីសាធារណៈរបស់រដ្ធតំបន់ព្រៃលិចទឹកជម្រកត្រីពងកូននេះ បន្ទាប់ពីបណ្តាញសារព៌តមានបានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ គេឃើញកម្លាំងចម្រុះ មានមន្ត្រីជលផល ក្រុមប្រឹក្សាឃុំ ប៉ូលិសប៉ុស្តិ៍រដ្ធបាល បានចុះទៅពិនិត្យឃើញគ្រឿងចក្រ(អេសស្កាវ៉ាទ័រ០៩)១គ្រឿងថ្មីស្រឡាង កំពុងជីកលើ កក្រវ៉ាត់ព្រំដី។ខណៈនោះមន្ត្រីជលផលក៍សួរនាំរកលិខិតស្នាមច្បាប់ទម្លាប់និងណែនាំពន្យល់ពីផ្លូវច្បាប់ថា ការរុករានឈួសឆាយដីតំបន់ដែននេសាទព្រៃលិចទឹកជម្រកត្រីពងកូន ទាល់តែមានអនុក្រិត្យពីប្រមុខរាជរដ្ធាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងរដ្ធបាលជលផល ទើបដំណើរការទៅបាន។ប៉ុន្តែក្រុមមើលការគ្រឿងចក្របានប្រាប់មន្ត្រីជំនាញថា ពួកគេគ្រាន់តែជាអ្នកសុីឈ្នួលគេក្នុង១ថ្ងៃ៤០០០០៛(បួនមុឺនរៀល)ទេ បើចង់ដឹងច្បាស់សួរទៅម្ចាស់ដីឈ្មោះ លោកស្រី ម៉ម សុខន មានទីលំនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ហើយគ្រឿងចក្រដាក់មកនេះយោងទៅតាមលិខិតសំណើរសុំពីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក តាមរយៈលោក នៅ ទូច មេឃុំកំពង់ភ្នំ ជីកប្រឡាយរក្សាទឹក ភ្លឺ សម្រាប់ធ្វើស្រែលើផ្ទៃដីចំនួន៤២ហិកតា នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ។បន្ទាប់ពីសួរនាំរួចកម្លាំងចម្រុះក៍បានប្រាប់ទៅមេការអោយផ្អាកការឈួសឆាយសិនរងចាំពិនិត្យមើលឯកសារបន្តទៀត។លុះព្រឹកឡើងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ កម្លាំងចម្រុះដដែល រួមមានលោក ហេង ធារិទ្ធ នាយរងខណ្ធរដ្ធបាលជលផលខេត្តកណ្តាល លោក ឃឹម ពេញ នាយផ្នែករដ្ធបាលជលផលរកាកោង លោក ទេព ទូច អនុប្រធានផ្នែករដ្ធបាលជលផលរកាកោង អាជ្ញាធរស្រុក សមាជិកក្រុមប្រឹក្សាឃុំ បានចុះទៅពិនិត្យមើលម្តងទៀត ស្រាប់តែប្រទះឃើញឈ្មួញបានបន្ថែមដាក់គ្រឿងចក្រទៅ២គ្រឿងទៀត(អេសស្កាវ៉ាទ័រ១គ្រឿង និងអាប៊ុលរុញព្រៃ១គ្រឿង)សរុបឡើង៣គ្រឿង កំពុងធ្វើសកម្មភាពឈួសឆាយរុញពង្រៀបព្រៃ និងជីកលើកក្រវ៉ាតយ៉ាងមមាញញឹកផងដែរ។ឃើញដូច្នេះមន្ត្រីជលផលហាក់បីដូចជាគ្មានចំណាត់ការហាមឃាត់គ្រឿងចក្រទាំងនោះយកមករក្សាទុកនៅសាលាឃុំឫសាលាស្រុកចាត់ការតាមនីតិវិធីច្បាប់នោះទេ គ្រាន់តែប្រាប់អោយគ្រឿងចក្រផ្អាកដដែល ។
មហាជនបានធ្វើការសន្និដ្ធានថា រឿងនេះគឺគេត្រូវរូវគ្នាចាប់ពីថ្នាក់មូលដ្ធានរហូតដល់ថ្នាក់លើអស់ហើយ ហើយពេលណាមានសារព៌តមានចុះផ្សាយ ទើបមន្ត្រីគ្រាប់ល្ពៅកន្ទើលធំបន្លំដេកទាំងនោះចុះទៅបង្គ្រប់កិច្ច ព្រោះខ្លាចដឹងដល់រដ្ធាភិបាលធ្លាក់តំណែង។បើតាមប្រភពព៌តមានបានប្រាប់អោយដឹងថា ឥឡូវនេះគ្រឿងចក្រទាំងនោះកំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃយ៉ាងសកម្ម ពិតជាខ្លាំងមែនលោក ស្រី ម៉ម សុខន នេះ មិនដឹងជាមានអ្នកនៅពីខាងក្រោយខ្នងប៉ុនណានោះទេ បានជាមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។ទន្ទឹមនោះនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ក្រុមអ្នកសារព៌តមានបានចុះទៅថតផ្តិតយករូបភាព ស្រាប់តែប្រទះឃើញគ្រឿងចក្រកើនឡើងដល់ទៅ៤គ្រឿង(អេសស្កាវ៉ាទ័រ០៩ ថ្មីៗស្រឡាងចំនួន៣គ្រឿង អាប៊ុលរុញព្រៃ១គ្រឿង)កំពុងធ្វើសកម្មភាព រុញបំផ្លាញព្រៃលិចទឹកជម្រកត្រីពងកូន នៃតំបន់អតីតឡូត៍នេសាទលេខ៦ ដែលជាដីសាធារណៈរបស់រដ្ធយ៉ាងអាណាធិបតេយ្យ បើសិនជាគ្មានការទប់ស្កាត់អោយបានទាន់ពេលវេលាទេនោះ ដីបឹងធម្មជាតិរបស់រដ្ធរាប់សិបហិកតាប្រាកដជាធ្លាក់ទៅដៃបុគ្គលឯកជនជាក់ជាមិនខានឡើយ។