ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ឋ៥គ្រួសារប្តឹងអនុប្រធានភូមិ ប្រធានភូមិមេឃុំឈើទាលនិងមន្ត្រីសុរិយោដីស្រុកកៀនស្វាយម្នាក់ទៅក្រសួងមហាផ្ទៃ រឿងដីធ្លី

ខេត្តកណ្តាលៈលោក ភួង ចំរើន អនុប្រធានភូមិព្រែកស្វាយ , លោក ហែម ហួន ប្រធានភូមិព្រែកស្វាយ , លោកស្រី អ៊ុក ស៊ឿន មេឃុំឈើទាល និង លោក ថោង ចន្ថា មន្ត្រីសុរិយោដីស្រុកកៀនស្វាយត្រូវបានប្រជាពលរដ្ឋចំនួន៥គ្រួសារប្តឹងទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចោទប្រកាន់ពីបទរំលោភកាន់កាប់អចលនទ្រព្យអ្នកដទៃ ។ ប្រជាពលរដ្ឋទាំងប្រាំគ្រួសារដែលមានឈ្មោះ ហៅ ឡៃ ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង ឈ្មោះ ឡូ ស៊ីណារ៉ូ ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាជាតំណាងបាននិយាយឲ្យដឹងថា ពួកគាត់បានចូលលុយគ្នាប្រមូលទិញដីបានចំនួនជាងដប់ហិកតាជាដីស្រែប្រាំងនៅចំណុចខាងលិចជាប់ទំនប់វរៈប្រាំស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ការទិញលក់ត្រូវបានទទួលស្គាល់ដឹងលឺពីអាជ្ញាធរ ហើយថែមទាំងអាជ្ញាធរបានចេញលិខិតកាន់កាប់ជាងដប់ឆ្នាំមកហើយ មិនដែលមានទំនាស់អ្វីឡើយ ។ ប៉ុន្តែស្រាប់តែមកដល់ចុងឆ្នាំ ២០១៩ កើតមានទំនាស់ដោយសារមានឈ្មោះ ញ៉ឹក ចាន់កុសល ចេញមុខមកតវ៉ាថា ដីរបស់ខ្លួនទំហំ១០០ម៉ែត្រគុណនឹង៩៤,១៥ដែលមានព្រំប្រទល់ខាងជើងទល់ប្រឡាយកូន ខាងត្បូងទល់នឹងឈ្មោះ គង់ ចំរើន ខាងកើតទល់នឹងឈ្មោះ ប៊ុត សារ៉េត និង ខាងលិចទល់នឹងឈ្មោះ ឆុំ សុជាតិ គឺជាដីរបស់ខ្លួនដែលបានលក់ទៅឈ្មោះ កែវ ប៊ុននេត នៅជាប់នឹងដីឈ្មោះ គង់ ចំរើន និង ដីឈ្មោះ ហៅ ឡៃ តំណាងពួកគាត់ទាំងប្រាំគ្រួសារ ។ ការតវ៉ានេះបណ្តាលឲ្យពួកគាត់មិនអាចវាស់វែងធ្វើប្លង់ប្រព័ន្ធបាន ។ ក្រោយមកដោយសារពួកគាត់មើលឃើញថា ឯកសារដីរបស់ឈ្មោះ ញ៉ឹក ចាន់កុសល ដែលលក់ទៅឲ្យឈ្មោះ កែវ ប៊ុននេត មានព្រំប្រទល់មិនច្បាស់លាស់ ហើយម្យ៉ាងទៀតដីនេះ អាជ្ញាធរនិងម្ចាស់ដីចេះតែដើរចង្អុលទីតាំងបំឡាស់ទីគ្រប់ទីកន្លែង ដែលកាលពីឆ្នាំ២០១៨ បានចង្អុលថាដីឈ្មោះ ញ៉ឹក ចាន់កុសលនៅចំណុចខាងលិចឈ្មោះ គង់ ចំរើន មិនជាប់ព្រំជាមួយដីឈ្មោះ ហៅ ឡៃ ទេ ។ លុះមកដល់ឆ្នាំ ២០១៩ អាជ្ញាធរនិងមន្ត្រីជំនាញចុះវាស់វែងធ្វើប្លង់ប្រព័ន្ធស្រាប់តែអាជ្ញាធរនិយាយថា ដីឈ្មោះ ញ៉ឹក ចាន់កុសល នៅចំណុចខាងកើតដីឈ្មោះ គង់ ចំរើន ជាប់ខាងលិចដីឈ្មោះ ហៅ ឡៃ ទៅវិញ ហើយឈ្មោះ ញ៉ឹក ចាន់កុសល ចេះតែតវ៉ាបង្កឲ្យរាំងស្ទះមិនអាចឲ្យពួកគាត់ធ្វើប្លង់បាន ទើបពួកគាត់សម្រេចប្តឹងឈ្មោះ ញ៉ឹក ចាន់កុសល ទៅក្រសួងមហាផ្ទៃ ។ ប្រជាពលរដ្ឋទាំងប្រាំគ្រួសារបានឲ្យដឹងទៀតថា បន្ទាប់ពីសមត្ថកិច្ចកោះហៅឈ្មោះ ញ៉ឹក ចាន់កុសល ទៅសាកសួរ ។ ឈ្មោះ ញ៉ឹក ចាន់កុសល បានសារភាពថា ខ្លួនមិនស្គាល់ដីទេ ហើយដីរបស់ខ្លួនមិនជាប់ពាក់ព័ន្ធ ហើយក៏មិននៅជាប់ព្រំជាមួយដីឈ្មោះ ហៅ ឡៃដែរ ។

ប៉ុន្តែទោះបីឈ្មោះ ញ៉ឹក ចាន់កុសល បានសារភាពថា ដីរបស់ខ្លួនមិនជាប់ពាក់ព័ន្ធនៅជាប់ព្រំដីឈ្មោះ ហៅ ឡៃយ៉ាងណាក៏ដោយ ក៏អាជ្ញាធរនិងមន្ត្រីជំនាញនៅតែអះអាងជាប់ពាក់ព័ន្ធឈ្មោះ ញ៉ឹក ចាន់កុសលដដែល ហើយថែមទាំងមិនព្រមវាស់វែងធ្វើប្លង់ទៀត ។ ដោយសារតែបញ្ហានេះ ពួកគាត់ក៏បាននាំគ្នាប្តឹងឈ្មោះទាំង៤នាក់ខាងលើទៅក្រសួងមហាផ្ទៃម្តងទៀត ។ ក្រោយសមត្ថកិច្ចកោះហៅទៅសាកសួរ លោកស្រី អ៊ុក សឿន មេឃុំឈើទាលបានសន្យាថា នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នឹងចុះវាស់វែងដីឈ្មោះ ហៅ ឡៃ ។ លុះដល់ថ្ងៃទី ៧ ប្រជាពលរដ្ឋពួកគាត់បាននាំដល់សាលាឃុំឈើទាល ។ ពេលទៅដល់សាលាឃុំ លោកស្រី មេឃុំបែរជាក្បត់ពាក្យសន្យាមិនព្រមចុះទៅវាស់វែងទេ ដោយនិយាយថា អភិបាលស្រុកកៀនស្វាយប្រាប់ថា ដីពួកគាត់ជា ( ស.ជ.ណ ) ។ ប្រជាពលរដ្ឋពួកគាត់មានចម្ងល់ថា ចុះបើជាប់( ស.ជ.ណ ) ម៉េចមិននិយាយពីដំបូង ចេះតែលើកដាក់ថា ដីអ្នកនេះ ដីអ្នកនោះ ? ។ ម្យ៉ាងទៀតបើជាប់( ស.ជ.ណ ) ចុះហេតុអីដីប្រជាពលរដ្ឋនៅជុំវិញដីពួកគាត់មិនជាប់( ស.ជ.ណ ) បែរជាដីពួកគាត់កណ្តាលទៅជាជាប់( ស.ជ.ណ ) ទៅវិញ ។ ករណីនេះ ប្រជាពលរដ្ឋមិនអស់ចិត្តទេ ពួកគាត់បានស្នើសុំថ្នាក់លើជួយរកយុត្តិធម៌និងដោះស្រាយធ្វើយ៉ាងណាឲ្យពួកគាត់បានវាស់វែងធ្វើប្លង់ផង ។ ………………………….. កិច្ចសម្ភាសន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋ ………………………………. ។

ពាក់ព័ន្ធករណីប្តឹងចោទប្រកាន់នេះ លោក ភួង ចំរើន អនុប្រធានភូមិព្រែកស្វាយមិនអាចសុំការបំភ្លឺបានទេ ដោយសារទាក់ទងតាមទូរស័ព្ទចូលតែពុំមានអ្នកលើកទទួល ។ លោក ហែម ហួន ប្រធានភូមិព្រែកស្វាយបានឲ្យដឹងតាមទូរស័ព្ទថា ដីរបស់ឈ្មោះ ញ៉ឹក ចាន់កុសលដែលលក់ឲ្យឈ្មោះ កែវ ប៊ុននេត មិននៅជាប់ព្រំនិងមិនពាក់ព័ន្ធនឹងដីឈ្មោះ ហៅ ឡៃទេ បើភាគីឈ្មោះ ហៅ ឡៃ ចង់វាស់វែងត្រូវធ្វើពាក្យស្នើសុំសាលាស្រុកម្តងទៀត ។ លោកស្រី អ៊ុក សឿន មេឃុំឈើទាលបានប្រាប់តាមទូរស័ព្ទថា លោកស្រីគ្មានពេលជួបនិងបកស្រាយទេ ។ លោក ថោង ចន្ថា មន្ត្រីសុរិយោដីស្រុកកៀនស្វាយបានប្រាប់តាមទូរស័ព្ទថា ករណីណឹងលោកបានបង្គាប់ឲ្យខាងភាគី ហៅ ឡៃ ដាក់ពាក្យប្តឹងទប់ស្កាត់ហើយ ។ ចំណែកដីឈ្មោះ ញ៉ឹក ចាន់កុសល ដែលបានលក់ទៅឲ្យឈ្មោះ កែវ ប៊ុននេត គឺមានឯកសារនិយាយពីប្រវត្តដីត្រឹមត្រូវ ទើបលោកចុះវាស់វែងនិងដាក់លេខក្បាលដីបានគឺលេខ៣៧២ ។ រីឯដីមានព្រំមិនច្បាស់លាស់យ៉ាងណានោះ លោកមិនគិតទេ សំខាន់អាជ្ញាធរបានចង្អុលបង្ហាញ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com