កណ្តាល ៖ កម្មករ កម្មការិនីដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរមូន តៃ ខេ ជេ ខេមបូឌា (Moon Tai K J (Cambodia) Co.,Ltd.) មានទីតាំងស្ថិតនៅអគារ ១៦៨បេ ផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បាននាំគ្នាមកមុខភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា នាក្រុងតាខ្មៅនៅព្រឹកថ្ងៃទី១២កុម្ភៈជួយធ្វេីអន្តរាគមន៍ ផ្អាកការបិទរោងចក្រ។
តំណាងកម្មករឈ្មោះឃឹម ចាន់ណារិទ្ធបានប្រាប់អ្នកពត៍មាន ឱ្យដឹងថា ថ្ងៃនេះ ក្រុមកម្មករ កម្មការិនី ប្រមាណជាង១០០នាក់លើកម្មករសរុបជាងមួយពាន់នាក់ បាននាំគ្នាមកដាក់ញ្ញត្តិជូនសម្តេចតេជោជួយធ្វេីអន្តរាគមន៍ «ផ្អាកការបិទរោងចក្រ មូន តៃ ខេ ជេ (ខេមបូឌា)ជាបណ្តោះអាសន្ន»រង់ចាំការដោះស្រាយរវាងថៅកែរោងចក្រ និងឈ្មោះ OH MOON TAI (ឈ្មោះខ្មែរ អ៊ូ គីមសាន្ត) អ្នកលក់ភាគហ៊ុន និងដីទីតាំងឱ្យបានចប់សិន។
ខ្លឹមសារញ្ញត្តិដែលលោក ឃឹម ចាន់ណារិទ្ធ ជូនចំពោះសម្តេចតេជោ បញ្ជាក់ថា បុគ្គលិក កម្មករ កម្មការិនី បម្រើការងារនៅក្នុងរោងចក្រ មូន តៃ ខេ ជេ (ខេមបូឌា)មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុនក្នុងស្រុកមួយ បានយកគ្រឿងចក្រចំនួនពីរគ្រឿង មកវាយកម្ទេចរបងរោងចក្រដោយអះអាងថា រោងចក្រជំពាក់ថ្លៃឈ្នួលគាត់មិនព្រមដោះស្រាយ។ ប៉ុន្តែតាមការអះអាងរបស់ថៅកែរោងចក្របានបញ្ជាក់ថា គាត់បានចូលមកវិនិយោគវិស័យវាយនភណ្ឌនេះ តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ព្រមទាំងបានទិញភាគហ៊ុន និងដីទីតាំង រួមទាំងអគារពីថៅកែរោងចក្រចាស់ឈ្មោះ OH MOON TAI (ឈ្មោះខ្មែរ អ៊ូ គីមសាន្ត) តំណាងក្រុមហ៊ុន មូន តៃ ខេ ជេ ហើយប្រគល់ប្រាក់បានចំនួនប្រហែលជាង ៧០ភាគរយឱ្យទៅឈ្មោះ OH MOON TAI រួចហើយ នៅតែកាត់ផ្ទេរប័ណ្ណកម្មសិទ្ធិដីមកដាក់ឈ្មោះក្រុមហ៊ុនគាត់ជាកម្មសិទ្ធិលើដីទីតាំងតែប៉ុណ្ណោះ ។
ញ្ញត្តិបានបន្តថា ប៉ុន្តែអំឡុងឆ្នាំ ២០១៥ ក៏មានដីកាពីតុលាការ ហើយអាជ្ញាធរមូលដ្ឋានបានហាមឃាត់ និងបញ្ជាក់ថា ដីទីតាំងកំពុងមានទំនាស់ ។ ពេលនោះថៅកែជនជាតិចិនបានសុំជួបជាមួយឈ្មោះ OH MOON TAI ដើម្បីសួរនាំអំពីបញ្ហានោះ តែពួកគេបែរជាគេចខ្លួន មិនព្រមជួបដោះស្រាយជាមួយគាត់ឱ្យបានជ្រះស្រឡះទេ បែរជាយកដីទីតាំងកំពុងមានទំនាស់ទៅលក់ឱ្យអ្នកស្រី ក្រុមហ៊ុនក្នុងស្រុកមួយទៅវិញ ។
ក្រោយពេលដីទីតាំងនោះធ្លាក់ដល់ដៃក្រុមហ៊ុនក្នុងស្រុល គាត់បែរជាមកគំរាមកំហែងថៅកែ និងកម្មករ កម្មការិនីឱ្យរុះរើសម្ភារៈរោងចក្រចេញពីទីតាំងទាំងអយុត្តិធម៌។ ពិសេសក្រុមហ៊ុននោះបាន ប្រើគ្រប់ឧបាយកលដោយពុំគិតអំពីផលប្រយោជន៍កម្មករ កម្មការិនី និងផលប្រយោជន៍រដ្ឋឡើយ ។ ម្យ៉ាងទៀត ទោះបីជាថៅកែរោងចក្រមូន តៃ ខេ ជេ(ខេមបូឌា) ព្យាយាមដោះស្រាយសុំទិញដីទីតាំងនោះពីគាត់វិញក៏ដោយ ក៏គាត់បដិសេធជានិច្ច ។
ញ្ញត្តិបានបន្តថា ទង្វើ និងសកម្មភាពរបស់ក្រុមហ៊ុនក្នុងស្រុកនោះ និងឈ្មោះ OH MOON TAI គឺជាអំពើឃុបឃិត រួមគំនិតគ្នាប្រឌិតអង្គហេតុប្តឹងទៅតុលាការ ដើម្បីធ្វើជាឧបករណ៍ក្នុងការរឹបអូស អនុវត្តសាលក្រមយកទីតាំងរោងចក្រ មិនឱ្យដំណើរការតទៅទៀត ទោះបីជាថៅកែរោងចក្រ និងកម្មករ-កម្មការិនី ខិតខំដោះស្រាយសម្របសម្រួលជាមួយគាត់យ៉ាងណាក៏ដោយ ។
ខ្លឹមសារញ្ញត្តិបន្តថា រោងចក្រនេះមានថៅកែជនជាតិចិនជាជនរងគ្រោះម្នាក់ ដែលគាត់ខំមកវិនិយោគនៅប្រទេសកម្ពុជា ដោយទិញភាគហ៊ុន និងដី រួមទាំងអគារស្របច្បាប់ ហើយមានការគោរពតាមលក្ខន្តិកៈ និងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាត្រឹមត្រូវ បែរជាត្រូវគេបំពារបំពានគាត់ដូច្នេះទៅវិញ ។ ពិសេសការដំណើរការរបស់ក្រុមហ៊ុនគាត់កន្លងមក មិនដែលជំពាក់បំណុលកម្មករ កម្មការិនី ឬប្រើកម្មករ កម្មការិនី ហួសច្បាប់ការងារឡើយ ។ ដូច្នេះប្រសិនបើគេរឹបអូសទីតាំង ហើយបង្ខំឱ្យថៅកែបិទទ្វារ ទាំងអយុត្តិធម៌ដូច្នេះ តើឱ្យពួកគាត់ដែលជាកម្មករ កម្មការិនី ទៅធ្វើការងារនៅកន្លែងណាទៀត? ហើយអ្នកវិនិយោគផ្សេងទៀតគេក៏មិនចង់មកវិនិយោគនៅប្រទេសកម្ពុជាដែរ ។
ខ្លឹមសារចុងក្រោយនៃញ្ញត្តិបានសំណូមពរដល់ សម្តេចតេជោ មេត្តាអន្តាគមន៍ទប់ស្កាត់ការរឹបអូសទីតាំងរោងចក្រដោយបង្ខំ តាមបំណងជនខិលខូច ដែលបំពានច្បាប់នេះបណ្តោះអាសន្ន ដោយក្តីអនុគ្រោះ ដ៏ខ្ពង់ខ្ពស់បំផុត។
បន្ទាប់ពីតំណាងខុទ្ទកាល័យសម្តេចតេជោនិងតំណាងមន្ទីរការងារខេត្តអនុញ្ញាតឱ្យកម្មករ៥នាក់ចូលទៅប្រគល់ញ្ញត្តិរួចមក លោក ឃឹម ចាន់ណារិទ្ធបានប្រាប់អ្នកកាសែតថា «ខាងខុទ្ទកាល័យសុំធ្វើការស្រាវជ្រាវរយៈពេល២ថ្ងៃ គាត់នឹងឆ្លើយតបមកកម្មករវិញតាមរយៈរូបលោក»៕រ៉ាំ បូរ)