ខេត្តកណ្តាលៈ ប្រជាពលរដ្ឋ១៤គ្រួសារបាននិយាយស្បថថា សូមឲ្យរន្ទះបាញ់ ពស់វែកចឹក និងលោកម្ចាស់ទឹកម្ចាស់ដីកាច់កឲ្យពួកគាត់ស្លាប់ចុះ បើនិយាយមិនពិត ។ ការនិយាយស្បថស្បែដាក់ជីវិតបែបនេះ ពួកគាត់បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៤ ខែ តុលា ២០១៩ នៅចំណុចដីស្រែចំការដែលពួកគាត់ចោទថា ត្រូវបានប្រធានភូមិសាលាតាព្រហ្មឈ្មោះ សួង សំអុល លួចយកទៅលក់ឲ្យក្រុមហ៊ុនហេងអភិវឌ្ឍតាមការណាត់ជួបរវាងក្រុមហ៊ុននិងអាជ្ញាធរដើម្បីដោះស្រាយ ។ ប៉ុន្តែការណាត់ជួបនេះ ត្រូវខកខានទៅវិញដោយសារអាជ្ញាធរនិងភាគីខាងក្រុមហ៊ុនមិនបានមកជួបតាមសន្យាថាជួបគ្នានៅម៉ោង៨ ព្រឹកនេះ ។ ប្រជាពលរដ្ឋ១៤ គ្រួសារបានអង្គុយផងឈរផងរង់ចាំរហូតដល់ម៉ោង១១ថ្ងៃត្រង់ដើម្បីចាំជួបជាមួយអាជ្ញាធរនិងក្រុមហ៊ុន ប៉ុន្តែនៅតែមិនឃើញមកជួបដដែល ទើបប្រជាពលរដ្ឋសម្រេចនាំគ្នាចុះបោះបង្គោលព្រំដីរបស់ខ្លួនដែលមានទំនាស់ជាង២០ឆ្នាំត្រូវបានគេហាមឃាត់មិនឲ្យពួកគាត់ចូលអាស្រ័យផលនោះ ។ ប្រជាពលរដ្ឋនិយាយថា ការណាត់ជួបហើយខកខាន ការសន្យាដោះស្រាយរបស់អាជ្ញាធរហើយមិនដោះស្រាយទៅវិញ បានធ្វើឲ្យពួកគាត់ស៊ាំ( ក្លាយទៅជារឿងដដែលទៅហើយ ) ដឹងហើយថាចឹង! តែចេះតែនាំគ្នាមកតាមការណាត់កុំឲ្យគេថាយើងមិនគោរពច្បាប់ ។ ពួកគាត់និយាយទៀតថា ការគោរពច្បាប់ គឺបានធ្វើជាង២០ឆ្នាំមកហើយបញ្ហាទំនាស់ដីធ្លីនេះ ដីរបស់ខ្លួនឯងសោះគេហាមមិនឲ្យប៉ះពាល់ មិនឲ្យចូលទៅអាស្រ័យផលដើម្បីដោះស្រាយគោរពតាមរហូតទោះដាក់ពាក្យបណ្តឹងតាំងពីអាជ្ញាធរភូមិឃុំស្រុកខេត្តនិងប្តឹងទៅដល់ក្រសួងដែនដីរហូតដល់រដ្ឋសភានៅតែមិនទាន់ដោះស្រាយដដែល ។
ស្ត្រីឈ្មោះ ឡេង សេង រស់នៅភូមិប្រាសាទ ឃុំ ព្រែកស្លែង ស្រុកណ្តាលស្ទឹង ក៏បានលើកឡើងដែរថា ដីរបស់ត្រូវបានគេយកទៅលក់ដោយស្នាមផ្តិតមេដៃមានឈ្មោះ ឌុល ធី ជាប្តីរបស់គាត់នៅឆ្នាំ១៩៩៧ ចំណែកប្តីរបស់គាត់បានស្លាប់តាំងពីឆ្នាំ១៩៩៣មកម្លេះចុះហេតុអីបានជាមានស្នាមមេដៃមានឈ្មោះប្តី គាត់រូបគាត់ជាប្រពន្ធនៅរស់ក៏មិនបានលក់ដីឲ្យក្រុមហ៊ុនដែរបែរជាក្រុមហ៊ុនមានឯកសារលក់ទិញថែម ទាំង មានស្នាមមេដៃគាត់ទៀត ។ ពាក់ព័ន្ធការចោទប្រកាន់នេះ
លោក សួង សំអុល មេភូមិសាលាតាព្រហ្មនិយាយថា នៅភូមិនេះមានកាតព្វកិច្ច២ គឺកងទ័ព និងក៥ ជាក្រវាត់ក្រុងយាមរាល់យប់។ ដំបូងបង្អស់មានប្រជាពលរដ្ឋ៨៩គ្រួសារមកនៅ ដោយឡែកមានបងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារអត់បានដីដោយសារនៅឆ្ងាយពីមន្ទីរពេទ្យ ឆ្ងាយពីសាលារៀនផង ត្រូវយាមផង ដូចជាទាហានអញ្ចឹង។ ពេលពួកគាត់មកនៅ គឺទទួលបានដីដូចគេឯងអញ្ចឹង លុះពេលពួកគាត់រស់នៅអត់កើត ក៏ឡើងទៅភូមិលើៗវិញ ជាបន្តបន្ទាប់។ អញ្ចឹងគោលការណ៍កាលណោះ ខាងកសិកម្មឃុំ គឺធ្វើមិចស្តារដីនោះឱ្យអស់ អញ្ចឹងអ្នកដែលមកនៅ គឺចេះតែទទួលបានដីជាបន្តបន្ទាប់ ហើយអ្នកដែលមកនៅថ្មី ក៏អាជ្ញាធរចែកដីឱ្យផងដែរ។ ដូច្នេះ រឿងនេះវាយូរណាស់មកហើយ ហើយគាត់ក៏ចេះតែទាមទារជាបន្តបន្ទាប់ លោកក៏អាណិតអាសូរ្យពួកគាត់ដែរ បើសិនជាមានថ្នាក់ណាជួយដោះស្រាយជូនពួកគាត់បានលោកក៏ជួយអរដែរ។ ប្រជាជនក្នុងចំណោម១៣គ្រួសារ មានអ្នកឡើងទៅភូមិប្រាសាទខ្លះ ក៏អាជ្ញាធរភូមិប្រាសាទឱ្យដីវិញ។
លោកថាឃុំឆ្ងាយៗលោកក្តាប់មិនបានទេ គឺក្តាប់បានតែឃុំព្រែកស្លែង ក្នុងចំណោម១៣គ្រួសារហ្នឹង អ្នកខ្លះឡើងទៅវិញគេមិនទាន់ដក គឺបានដីវិញហើយ តែមានមួយចំនួនគេអត់បាន។ ប៉ុន្តែរឿងការចោទប្រកាន់នេះ លោកមិនដឹងជាត្រូវពន្យល់គាត់យ៉ាងមិចព្រោះពេលដែលគាត់ចេញទៅ គឺគេត្រូវតែយកហើយដីហ្នឹង ដូច្នេះអ្នកក្រោយ គេកាន់កាប់ជាប់លាប់ គឺគេមានសិទ្ធលក់ហើយ។ ក្នុងអំឡុងឆ្នាំ ១៩៩៥-១៩៩៧ ក្រុមហេងអភិវឌ្ឍន៍មកទិញ ក្នុង១ហិកតា តម្លៃ១លានរៀលប៉ុណ្ណោះ ព្រោះវាសុទ្ធតែជាដីព្រៃដីដែលគេបោះបង់ចោល។ ដូច្នេះ ពួកគាត់ចេះតែលក់ជាបន្តបន្ទាប់នៅចន្លោះឆ្នាំខាងលើអស់ទៅ។ លុះដល់ឆ្នាំខ្ទង់២០០០ ទើបពួកគាត់មកប្តឹងលោក លោកក៏ពន្យល់ថា បើពួកគាត់អត់នៅ គឺមិនអាចទៅទាមទារអីបានមកវិញទេ ព្រោះការចាត់ចែងវាហួសអស់ទៅហើយ លោកមិនដឹងធ្វើយ៉ាងមិចទេ។ ប្រជាពលរដ្ឋ មិនទើបតែប្តឹងគាត់ពេលបច្ចុប្បន្ននោះទេ គឺប្តឹងតាំងពីប្រមាណជាង១០ឆ្នាំ តាំងពីជំនាន់ចៅហ្វាយស្រុកឈ្មោះ ប៊ុនថេង មកម្លេះ។ លុះពេលប្តឹងទៅមិនទទួលបានជោគជ័យ គាត់ក៏បន្តទៅប្តឹងនៅខេត្ត ហើយខេត្តក៏ចុះធ្វើអធិការកិច្ចស្រាវជ្រាវឃើញថាអ្វីៗវាបានហួសអស់ទៅហើយ ហើយពាក្យដែលគាត់ឆ្លើយចោទប្រកាន់មកលើលោក គឺយកដី៣២អា១៨ គឺក្រឡោនដីចម្ការពោតដែលគាត់មានឈ្មោះនៅក្នុងនោះ ហើយគាត់ក៏ទទួលស្គាល់ថាបានលុយហើយដែរ ដោយសារដីនោះមានទំហំជាង៣០ហិកតា ដោយឱ្យភូមិ-ឃុំ ក្រុមការងាររៀបចំ ព្រោះក្រុមហ៊ុនគេដាក់លុយទាំងមូលមកអត់កើត អញ្ចឹងគេឱ្យយើងអង្កន់ស្មើៗគ្នាទាំងអស់ ហើយក្នុងមួយគ្រួសារកាលណោះទទួលបានប្រាក់១០០ដុល្លារ។
លោកថា បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាស្រុកគាត់ចាប់អារម្មណ៍ចង់ឱ្យក្រុមហ៊ុនជួយចេញមុកដោះស្រាយឱ្យពួកគាត់ខ្លះទៅកុំឱ្យអត់។
លោកថា ករណីនេះ ពួកគាត់មកទំលាក់កំហុសមកលើអាជ្ញាធរ តាមពិតជាកំហុសរបស់ពួកគាត់ដែលបោះបង់ចោលទេ។
រហូតមកដល់ថ្ងៃទី១៣ ខែគុម្ភៈ ឆ្នាំ២០២០ នេះ ពួកមិនមានបានទទួលសំណងណាមួយ សមរម្យ នៅឡើយទេ ជាហេតុនាំអោយពួកគាត់ ពួកធ្វើរោង និង ដាំដំណាំ នៅទីនោះ ពោលគឺមិនខ្លាចការចាប់ចង ពីខាងណា នោះទេ ៕