កណ្តាលៈ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅបានទទូចស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយផ្តល់កន្លែងជ្រកកោន បន្ទាប់ពីដីនិងផ្ទះសម្បែងរបស់ពួកគាត់បានបាក់ស្រុតធ្លាក់ចូលទៅក្នុងទន្លេបាសាក់ ។ គ្រោះបាក់ច្រាំងទន្លេនេះ មិនត្រឹមតែលេបត្របាក់ដីលំនៅឋាន ផ្ទះសម្បែងប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺថែមទាំងបាននិងកំពុងគំរាមកំហែងដល់ផ្លូវជាតិលេខ21Aទៀតផង ។ ផ្លូវលេខ21Aនឹងត្រូវគ្រោះធម្មជាតិនេះកាត់ផ្តាច់ដូចផ្លូវលេខ110 ស្ថិតនៅឃុំតាលន់ ស្រុកស្អាង និង ផ្លូវលេខ14 ស្ថិតនៅក្នុងឃុំព្រែកទន្លាប់ និង ឃុំខ្ពបអាទាវ ស្រុកលើកដែក ប្រសិនបើក្រសួងធនធានទឹកនិងក្រសួងសាធារណៈការមិនមានចំណាត់ការទប់ស្កាត់នោះ ។ គ្រោះបាក់ច្រាំងទន្លេនេះ ថ្វីត្បិតគេមើលឃើញថា មានភាពសាហាវគួរឲ្យភ័យខ្លាច ប៉ុន្តែមិនបានបណ្តាលឲ្យប្រជាពលរដ្ឋ សត្វគោ ក្របីរងគ្រោះបាត់បង់ជីវិតនោះទេ គ្រាន់តែបាត់បង់សម្ភារៈផ្ទះបាយ សំលៀកបំពាក់ និងមាស ប្រាក់អស់ពីខ្លួនដែលបញ្ហានេះកំពុងធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកជាខ្លាំង ខ្លះទៅជ្រកកោនតាមសំយាបផ្ទះគេ ខ្លះទៀតយកទីវត្តអារាមធ្វើជាកន្លែនជ្រកកោននៅក្រោមដំបូលតុង ។ នេះបើយោងតាមការនិយាយរៀបរាប់របស់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិមួយនេះ ។ ប្រជាពលរដ្ឋរងគ្រោះម្នាក់ៗសុទ្ធតែបានត្អូញត្អែថា ពួកគាត់ក្រីក្រណាស់ខ្លះបានខ្ចីលុយធនាគារ ទិញដីមាត់ទន្លេ១០ម៉ែត្របួនជ្រុងធ្វើផ្ទះបង្កើតមុខរបររកស៊ីលក់ដូរបន្តិចបន្ទួច ។ ខ្លះទៀតរស់នៅលើដីកំណើតកេរ្តិ៍ពីឪពុកម្តាយគ្មានដីផ្សេងទៀតទេ ឥឡូវបាក់ធ្លាក់ទៅក្នុងទន្លេទាំងផ្ទះទាំងដីអស់ ដូច្នេះហើយទើបពួកគាត់ស្នើសុំដល់សម្តេចជួយ ។
ស្របពេលដែលប្រជាពលរដ្ឋកំពុងមានគ្រោះនេះដែរ លោក លី ហុង ប្រធានភូមិកោះគរក៏បានស្នើសុំដល់សប្បុរសជនពិសេសខាងកាកបាទក្រហមមេត្តាជួយប្រជាពលរដ្ឋរបស់ដែលកំពុងរងគ្រោះ ។ ទន្ទឹមគ្នានេះ លោក លី ហុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេបាសាក់ សូមមានការប្រុងប្រយ័ត្នខ្ពស់ពិសេសសូមកុំចំណាយលុយធ្វើផ្ទះធំ ចាក់បេតុងធ្ងន់ៗជាកត្តាប្រឈមនឹងគ្រោះបាក់ច្រាំងទន្លេនេះ ។
ពាក់ព័ន្ធករណីគ្រោះបាក់ច្រាំងទន្លេនេះ ប្រជាពលរដ្ឋមិនបាននិយាយពីគ្រោះធម្មជាតិទេ គឺពួកគាត់និយាយតែបញ្ហាមកពីក្រុមហ៊ុនសុង សុភាពបានបូមខ្សាច់កាលពីឆ្នាំមុន ។ នៅក្រោមផ្ទះប្រជាពលរដ្ឋត្រូវបានគេមើលឃើញថា មានឈ្មួញបានឃួងទំលុះផ្លូវ21Aដាក់ទុយោសម្រាប់បូមខ្សាច់ប្រកដមែន ។