ខេត្តកណ្តាល ៖ ផ្ទៃដីជាច្រើនហិកតា ជាដែនឡូត៍នេសាទលេខ៦ស្ទួន ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ និងឃុំព្រែកដាច់ ស្រុកលើកដែកខេត្តកណ្ដាល ឈ្មួញដាក់គ្រឿងចក្រជាច្រើនគ្រឿង កាយហ៊ុមព័ទ្ធយក មានការឯកភាពពីអាជ្ញាធរឃុំ-ស្រុក។
ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ នាំគ្នាផ្ទុះការតវ៉ា និងផ្ទុះ កំហឹងបំរុងធ្វើការដុតកម្ទេចគ្រឿងរបស់ឈ្មួញផងនោះ បានឲ្យដឹងថា ពួកគាត់មកតវ៉ានេះ ដើម្បីឲ្យបញ្ឈប់សកម្មភាពឈ្មួញកាយហ៊ុមព័ទ្ធយកដីដែនឡូតិ៍នេសាទលេខ៦ស្ទួន របស់រដ្ឋ ដែលពួកគាត់ធ្លាប់តែអាស្រ័យផល ដាំដំណាំរួមផ្សំ និងធ្វើការនេសាទ លក្ខណៈគ្រួសារជាដើម ។ ពួកគាត់ បានបន្ដទៀតថា សកម្មភាពតវ៉ានេះ ជាលើកទី៣មកហើយ តែអាជ្ញាធរស្រុកលើកដែក ដូចជា គ្មានវិធានការទប់ស្កាត់ បញ្ឈប់សកម្មភាព ឈ្មួញ ដែលកំពុងប្រើគ្រឿងចក្រ កាយ ហ៊ុមព័ន្ធ យកដីដែនឡូតិ៍នេសាទ ទុកឲ្យប្រជាពលរដ្ឋ ធ្វើការអាស្រ័យផលដើម្បីចិញ្ចឹមជីវភាពគ្រួសារបន្ដទៀត នោះទេ។
គួររម្លឹកផងដែរថា នាពេលកន្លងមក ប្រជាពលរដ្ឋ ធ្លាប់បានផ្ទុះការតវ៉ា ពីរដងរួចមកហើយ ហើយក៏មានកម្លាំងចំរុះ ដឹកនាំដោយលោកអភិបាលរងស្រុកលើកដែក ធ្លាប់ចុះមកហាមឃាត់សកម្មភាពឈ្មួញប្រើគ្រឿងចក្រ កាយហ៊ុមព័ន្ធ យកដីដែនឡូតិ៍នេសាទលេខ៦ស្ទូន រួចមកហើយ។ តែសកម្មនេះ នៅតែបន្ដកើតឡើងដដែល កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២០ម្សិលមិញ ប្រជាពលរដ្ឋ ផ្ទុះការតវ៉ាជាថ្មី និងបានផ្ទុះកំហឹងបំរុងធ្វើការដុតកម្ទេចគ្រឿងរបស់ឈ្មួញ តែត្រូវបានអាជ្ញាធរ ចុះសម្របសម្រួល និងហាមឃាត់ឲ្យឈ្មួញបញ្ឈប់គ្រឿងចក្រធ្វើសកម្មភាពបណ្ដោះអាសន្ន។
ប្រភពព័ត៌មានបានឲ្យដឹងថា ៖បានជាឈ្មួញហ៊ានដាក់គ្រឿងឈូសឆាយដីខាងលើយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបែបនោះ ក៏ព្រោះតែមានការឯកភាព ពីអាជ្ញាធរភូមិ-ឃុំ លោក ចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែក និងប្រធានការិយាល័យកសិកម្មស្រុកលើកដែក ដោយផ្អែកលើ លិខិត «សំណើរសុំច្បាប់អនុញ្ញាតជីកប្រឡាយលើកជាភ្លឺព័ន្ធទំនប់ព្រំដីរបស់យើងខ្ញុំ» ១សន្លឹករបស់ឈ្មោះ ម៉ែ ស៊ីថន មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពុស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឈ្មោះ កោះ ភារៈ មានទីលំនៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមហេតុផលប្រមូលទិញពីពលរដ្ឋ ដែលពុំមានចំណុចទីតាំង ព្រំប្រទល់ច្បាស់លាស់នោះទេ គ្រាន់តែប្រាប់ទំហំផ្ទៃដី ប្រមាណ៧៥០ ហិកតា ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ និងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ប៉ុណ្ណោះ។
ប្រជាពលរដ្ឋ បានបន្ថែមទៀតថា មូលហេតុដែលឈ្មួញមិនបញ្ជាក់ ព្រំប្រទល់ ចំណុចទីតាំងក្នុងលិខិតស្នើសុំឈូសឆាយក៏ព្រោះតែដីនោះជាដីឡូត៍នេសាទរបស់រដ្ឋ ទើបមិនកំណត់ទីតាំងដើម្បីងាយស្រួលពង្រីកទំហំដីលើកទំនប់ព័ទ្ធយក រំកិលទីតាំងគ្មានដែនកំណត់ ។ ម្យ៉ាងទៀតគេធ្វើបែបនេះ គឺសម្រាប់ដោះខ្លួនទាំងអាជ្ញាធរមន្ត្រីជំនាញ នឹងឈ្មួញ បើសិនបែកធ្លាយរឿងដល់ប្រមុខដឹកនាំ ឬ ថ្នាក់ជាតិ។ ពាក់ព័ន្ធបញ្ហានេះ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក នៅរសៀលថ្ងៃទី០៧ខែមីនា ឆ្នាំ២០២០ អ្នកព័ត៌មានយើងបានភ្ជាប់ទូរស័ព្ទសុំការបញ្ជាក់ផងដែរតែគ្មានអ្នកទទួល ។
ករណីនេះ មជ្ឈដ្ឋាននានា ទាមទារឲ្យក្រសួងពាក់ព័ន្ធ ចុះពិនិត្យនឹងទប់ស្កាត់ ការឈូសឆាយខាងលើជាបន្ទាន់ ដើម្បីជៀសវាងគំរូអាក្រក់ដល់ឈ្មួញក្រោយៗទៀត ដែលហ៊ានរំលោភយកដី ឡូត៍នេសាទ នឹងដើម្បីថែរក្សាសម្បត្តិធម្មជាតិ កន្លែងជម្រកត្រីពងកូន និងពលរដ្ឋអាស្រ័យផលឲ្យនៅគង់វង្សផងដែរ៕