ខេត្តកំពង់ឆ្នាំង + បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានចុះឃាត់គ្រឿងចក្រដែលកំពុងធ្វើសកម្មភាពលួចជីកយកអាចម៍ដីមួយកន្លែង ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយពុំមានការអនុញ្ញាតពីម្ចាស់ដី ប្រព្រឹត្តដោយជនជាតិវៀតណាមប្រើប្រាស់អត្តសញ្ញាណខ្មែរ នោះមក ក៏មានព័ត៌មាន បែកធ្លាយជាហូរហែរ ក្នុងការរត់ការស្វែងឆ្វាត់ ដើម្បីយកមនុស្ស និង គ្រឿងចក្រ ចេញពីដៃព្រះរាជអាជ្ញា ។
ការអន្តរាគមន៍នេះ លេចលឺមកថា គ្រឿងចក្រនោះជារបស់ឯកឧត្តម កែវ ពិសី តួនាទីជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនឹងជា ដន្លង របស់ឯកឧត្តមចៅហ្វាយ ខេត្តកំពង់ឆ្នាំង ហើយនិងមេការគ្រឿងចក្រម្នាក់ទៀត លោក បួយ មិនតាំ ជាកូនរបស់ លោក ប៊ួយ យុាំងប៊ែ ប្រធានសមាគមវៀតណាម ប្រចាំខេត្តកំពង់ឆ្នាំងដែលជាអ្នក រៀបចំដី 40ហិកតា ក្នុងតំបន់ ពី ដើម្បីបំលាស់ទីប្រជាជនវៀតណាមពីក្នុងទឹកមកលើគោក ។
អ្វីដែលច្បាស់ជាងគេនោះ គឺមានលិខិតមួយច្បាប់ របស់លោក សោម សុជាតា
ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តកំពង់ឆ្នាំង
ផ្ញើជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដោយបានសសេរស្នើសុំគ្រឿងចក្រល្មើសច្បាប់នោះ អោយដាក់នៅក្បែរកន្លែងបទល្មើស ទៅវិញ ក្រោមហេតុផល “ងាយស្រួលក្នុងការពិនិត្យនិងថែទាំ”។
បញ្ហានេះ ត្រូវបានមជ្ឈដ្ឋានជាច្រើន ដាក់ការសង្ស័យថា ហេតុអ្វីបានជាមេការជនជាតិវៀតណាម ត្រូវបានដោះលែងងាយៗបែបនេះ ហើយហេតុអ្វីបានជាលោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តកំពង់ឆ្នាំង ចេញមុខស្នើសុំគ្រឿងចក្រខុសច្បាប់ នេះទៅវិញ ? ។
អាស្រ័យដូច្នេះ សូមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មេត្តាពិនិត្យរឿងនេះផង ដើម្បីអោយជនរងគ្រោះទទួលបាននូវភាពកក់ក្តៅ និង ភាពយុត្តិធម៌ មុខច្បាប់ទាំងអស់គ្នា ៕