កណ្តាល៖ យោងតាមប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ បានសម្រេចតែងតាំងមុខតំណែងលោកវរសេនីយ៍ទោ ចាន់ តិចហុង អត្តលេខ៧៧៩០៥ ពីនាយរងការិយាល័យនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ទៅជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ប្រភពបង្ហើបថា លោកវរសេនីយ៍ទោ ចាន់ តិចហុង ចូលក្របខ័ណ្ឌនគរបាលមិនទាន់បាន៥ឆ្នាំ ផង ត្រូវបានតែងតាំងជាស្នងការរងខេត្តកណ្តាល ដែលធ្វើអោយមន្រ្តីចាស់ៗ មានការមិនពេញចិត្តផងដែរ ។
គួររំលឹកថា យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានហាមមិនអោយមានការតែងតាំងមន្ត្រីថ្នាក់ជាតិ មកកាន់តំណែងថ្នាក់មូលដ្ឋានជាដាច់ខាត។
ទាក់ទិនរឿងនេះ តាមរយ:វ៉ស់អាប់ របស់លោកស្នងការខេត្តកណ្តាល ដែលបានបំភ្លឺមក អង្គភាព គេហទំព័រ ទូរទស្សន៍ព្រះនរាយណ៍ នៅព្រឹកថ្ងៃទី ២៦ ខែមិនា ដោយមានខ្លឹមសារថា :
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមជម្រាបជូន សារព័ត៌មាន អំពី អត្ថបទដែល បានចុះផ្សាយ “លោក ចាន់ តិចហុង បំរើការងារ តិចជា ៥ ឆ្នាំ បានផ្លោះតំណែងជាស្នងការរង ខេត្តកណ្តាល”។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺដូចខាងក្រោម៖
១. លោកវរសេនីយ៍ទោ ចាន់ តិចហុង មុនឡើងជា ស្នងការរង គឺមានតួនាទី ជា នាយរងការិយាល័យ នៅ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដែលតាមឋានៈនុក្រុម តំណែងនេះ ស្មើនឹង នាយការិយាល័យ នៅតាមស្នងការដ្ឋាននគរបាលខេត្ត។ ដូច្នេះ ការឡើងតំណែង របស់គាត់ គឺពុំមានផ្លោះទេ គឺឡើង តាមឋានុក្រម មួយ ថ្នាក់។
២. ការសម្រេចផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង លោកវរសេនីយ៍ទោ ចាន់ តិចហុង ដោយយោងលើ លក្ខណសម្បត្តិ និង តំរូវការចាំបាច់នៃការងារ ដោយ លោក មានចំណេះដឹងភាសាចិន និង អង់គ្លេស ដែល បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវការ ប្រើប្រាស់លោក ក្នុង ការអនុវត្តនីតិវិធី លើជនបរទេស។
៣. មុននឹងបំរើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ លោកវរសេនីយ៍ទោ ចាន់តិចហុង បានបំរើការងារក្នុងក្របខ័ណ្ឌស៊ីវិល រយៈពេល ៥ ឆ្នាំ ដូច្នេះ សរុប មក គាត់បានបំរើការងាររដ្ឋ រយៈពេលជាង ១០ ឆ្នាំ មកហើយ។
៤. សារពត៌មាន បានយករូប របស់លោកវរសេនីយ៍ទោ ចាន់តិចហុង ដែលបានថត តាំងពីឆ្នាំ ២០១១ យកមកបង្ហោះថា ជា នគរបាលវ័យក្មេង ដែលធាតុពិត គាត់មានអាយុ ៣២ឆ្នាំ ហើយ។
អាស្រ័យហេតុនេះ សូម សារព័ត៌មាន មេត្តា ជ្រាបជាពត៌មាន និង ជៀសវាង ការភាន់ច្រលំ។