ខេត្តកណ្ដាល ៖ ក្រុមជនសង្ស័យជាមុខសញ្ញាឆក់ ដែលធ្លាប់ធ្វើសកម្មភាពនៅក្នុងក្រុងតាខ្មៅ ដល់ទៅ៤លើក ត្រូវបាននគរបាលក្រសោប បានទាំង៣នាក់ ខណៈកំពុងលាក់ខ្លួនក្នុងផ្ទះសំណាក់ «អង្គជ័យ»ជាកម្មសិទ្ធិ របស់លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាល ខេត្តកណ្តាល។
លោកវរៈសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យដែលជាមុខសញ្ញាចោរឆក់ ដែលត្រូវឃាត់ខ្លួន ក្នុងផ្ទះសំណាក់អង្គជ័យ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២០
ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ទី១/ឈ្មោះ ម៉ែន រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទី២/ឈ្មោះ រ៉ន ម៉េងហួរ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ និងទី៣/ឈ្មោះ ម៉ាត់ សុខគ្រី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
លោក បន្ដថា បន្ទាប់ពីឃាត់ខ្លួន ដកហូតវត្ថុតាង ម៉ូតូ១គ្រឿងម៉ាក Honda c125 ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1S. 6307 ជាមធ្យោបាយធ្វើសកម្មភាព កាបូបដាក់លុយដាក់លុយ និងកាបូបស្ពានរបស់ជនរងគ្រោះចំនួន៦ ទូរស័ព្ទចំនួន៤គ្រឿង អត្តសញ្ញាណប័ណ្ណ សៀវភៅធនាគារសន្លឹករបស់ជនរងគ្រោះ រូបថតជនរងគ្រោះ និងលុយ២២ដុល្លារ និង៦៨២០០រៀល ។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចកំពុងសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
គួររំលឹកថា ផ្ទះសំណាក់«អង្គជ័យ » នេះកាលពីមុនមានយីហោថា ផ្ទះសំណាក់សុខា ត្រូវបានគេស្គាល់ឈ្មោះថា ជាកម្មសិទ្ធិរបស់លោក ឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ហើយកន្លងមកក៏ធ្លាប់ត្រូវបានសមត្ថកិច្ច ធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀនច្រើនលើក ប៉ុន្តែមិនដែលបិទផ្អាកម្តងណានោះទេ នៅតែបន្តបើកយ៉ាងរលូនដដែល ដោយគ្រាន់តែប្តូរឈ្មោះ ប៉ុណ្ណោះ។