ភ្នំពេញ : បន្ទាប់ពីមានការផ្សព្វផ្សាយ
ព័ត៌មាន មួយចំនួនដែល ថា លោកមេឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបាន ពលរដ្ឋប្តឹងរឿងលួចចាក់ដី និងសាងសង់សំណង់ទាំងបំពានលើដីដែលមានដីការក្សាការពាររបស់តុលាការ”នោះរួចមក នៅថ្ងៃ១០ មេសា ឆ្នាំ ២០២០ នេះ លោកមេឃុំ ក៏បានធ្វើលិខិតទៅអ្នកសារព័ត៌មាន
ដោយបានបញ្ជាក់ ពី សាច់រឿងទាក់ទងនឹងដីធ្លីខាងលើនេះ ដែល ដំបូងឡើយ ដីដែលមានទីតាំងស្ថិតនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ជាដីរបស់រដ្ឋស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឃុំឫស្សីជ្រោយ តាំងពីឆ្នាំ១៩៧៩ មកម្លេះ ប៉ុន្តែលុះមកដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩១ ឈ្មោះ វ័ន សំអុន ជាប្តី និងឈ្មោះ ផន គីមថេង ជាប្រពន្ធ បានដាក់ពាក្យស្នើសុំខ្ចីដីទំនេររបស់សាលាឃុំដែលពុំទាន់បានប្រើប្រាស់ ដើម្បីយកមកប្រើប្រាស់ជាបណ្តោះអាសន្នដែលដីនោះជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ដែលមានព្រំប្រទល់ខាងកើត ជាប់ផ្លូវលោក ខាងលិច ប៉ាន់ អេង ខាងជើង ជាប់មាត់រណ្តៅកុង ផាយ សំ និងផន់ ញ៉ិប និងខាងត្បូង ជាប់ដីចំណីថ្នល់ជាតិ ដែលមានទទឹង ២៥ ម៉ែត្រ បណ្តោយ ១៩០ ម៉ែត្រ ដើម្បីប្រើប្រាស់បណ្តោះអាសន្ន នៅពេលណាដែលរដ្ឋត្រូវការ ឈ្មោះ វ័ន សំអុន ជាប្តី និងឈ្មោះ ផន គីមថេង ជាប្រពន្ធ សូមប្រគល់ជូនរដ្ឋវិញដោយឥតជំទាស់អ្វីឡើយ។ ក្រោយពេលដែលគណៈកម្មាធិការឃុំសំរេចអោយកាន់កាប់ហើយនោះ ឈ្មោះ វ័ន សំអុន ជាប្តី និងឈ្មោះ ផន គីមថេង ជាប្រពន្ធ គោរពអោយបានល្អតាមច្បាប់របស់រដ្ឋកំណត់ ដោយមានធ្វើលិខិតស្នាមត្រឹមត្រូវដឹងឮដែលចុះហត្ថលេខា ដោយលោក តេក ស៊ីម ជាប្រធានគណៈកម្មកាធិការប្រជាជនឃុំឫស្សីជ្រោយ ។
លិខិតនោះបន្តថា : បន្ទាប់មកមានប្រជាពលរដ្ឋចំនួន ០៩ គ្រួសារ និងបក្ខពួកបានមកសុំស្នាក់អាស្រ័យនៅលើដីខាងមុខដែលជាដីចំណីផ្លូវរបស់រដ្ឋនៅក្នុងឆ្នាំ១៩៩២ ដោយបានដាក់ពាក្យសុំស្នាក់នៅជាបណ្តោះអាសន្ន និងកិច្ចសន្យាថាការស្នាក់នៅបណ្តោះអាសន្នលើផ្ទៃដីសាធារណៈរបស់រដ្ឋ ដោយធ្វើកិច្ចសន្យាថាមិនមែនទាមទារជាកម្មសិទ្ធដាច់មុខនោះទេ។ នៅពេលណាដែលរដ្ឋត្រូវការចាំបាច់នោះ នឹងប្រគល់ជូនរដ្ឋវិញ ដោយខ្លាចក្រែងមិនពិតប្រាកដទេនោះ ប្រជាពលរដ្ឋទាំងនោះបានផ្តិតមេដៃ និងមានការឯកភាពពីប្រធានគណៈកម្មាធិការប្រជាជនឃុំឫស្សីជ្រោយ។ ដូច្នេះហើយបញ្ជាក់អោយឃើញថា ដីដែលឈ្មោះ វ័ន សំអុន និងប្រជាពលរដ្ឋខាងលើមកសុំស្នាក់អាស្រ័យ និងប្រើប្រាស់បណ្តោះអាសន្ននោះ គឺជាដីសាធារណៈរបស់រដ្ឋ ដែលស្ថិតក្រោមគ្រប់គ្រងសាលាឃុំឫស្សីជ្រោយ ហេតុនេះសាលាឃុំអាចធ្វើការដកយកដីនោះមកប្រើប្រាស់ជាប្រយោជន៍សាធារណៈពេលណាក៏បានស្របតាមច្បាប់ភូមិបាល ។ បច្ចុប្បន្នសាលាឃុំឫស្សីជ្រោយ ត្រូវការយកដីនេះមកអភិវឌ្ឍន៍ដើម្បីសាងសង់សាលាឃុំថ្មី ប៉ុស្តិ៍រដ្ឋបាលឃុំ និងមណ្ឌលសុខភាពជាដើម ។
លោកមេឃុំ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះ វ័ន សំអុន បានលួចលក់ដីនោះអោយឈ្មោះ នាង ភិរិន្ទ ដោយធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដែលមិនមានការទទួលស្គាល់ឬដឹងលឺពីមេឃុំនោះឡើយ ដែលបង្ហាញឱ្យឃើញថា ការលក់ទិញរវាងឈ្មោះ វ័ន សំអុន និងឈ្មោះ នាង ភិរិន្ទ មិនមានលក្ខណៈត្រឹមត្រូវតាមទម្រង់ច្បាប់នោះឡើយ ហើយមូលហេតុដែលសាលាឃុំ មិនទទួលស្គាល់លើលិខិតទិញលក់របស់ឈ្មោះ វ័ន សំអុន និងឈ្មោះ នាង ភិរិន្ទ ដែលធ្វើឡើងតែគ្នាឯងដោយគ្មានអាជ្ញាធរមានសត្ថកិច្ចណាមួយទទួលស្គាល់ឡើយ។
ដូច្នេះសូមសាធារណជន និង បណ្តាញសារព័ត៌មាន មេត្តាជ្រាប ជាព័ត៌មាន ។