ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមឈ្មួញប្រើល្បិចលេបយកដីអាងទឹកទួលពន្រៃជាង១០០ហិកតានៅឃុំក្រាំងយ៉ូវស្រុកស្អាងដោយយកប្រជាពលរដ្ឋធ្វើជាខែលដើម្បីប្រែក្លាយដីរដ្ឋឲ្យក្លាយទៅជាដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់

ខេត្តកណ្តាលៈក្រុមឈ្មួញកណ្តាល( អ្នកគួកជេដី )បានប្រើល្បិចដោយយកប្រជាពលរដ្ឋធ្វើជាខែលដើម្បីលេបយកដីអាងទឹកទួលពន្រៃជាង១០០ហិកតានៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ខណៈប្រជាពលរដ្ឋដែលបានយកដីក្នុងអាងទឹកនេះលក់ទៅឲ្យក្រុមឈ្មួញទាំងនោះកំពុងព្រួយបារម្ភដោយសារពួកគាត់លក់ដីបានត្រឹមតែលុយកក់ ហើយត្រូវក្រុមឈ្មួញបញ្ចុះតម្លៃក្នុងមួយហិកតា១០០០០$ ( មួយម៉ឺនដុល្លារ )ថែមទៀត  ។ ការប្រើល្បិចនោះ ត្រូវបានប្រជាពលរដ្ឋទម្លាយឲ្យដឹងថា ក្រុមអ្នកគួកជេដីបានយកឈ្មោះប្រជាពលរដ្ឋធ្វើជាខែលតាមរយៈទិញដីពីប្រជាពលរដ្ឋប្រគល់តែលុយកក់ហើយបង្គាប់ឲ្យប្រជាពលរដ្ឋផ្តិតមេដៃលើលិខិតកិច្ចសន្យាទិញលក់ផ្តាច់ដីនិងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដោយមិនមានសរសេរខ្លឹមសារនៅលើលិខិតនោះ ។

ប៉ុន្តែលិខិតប្រគល់ប្រាក់កក់ក្រុមអ្នកគួកជេដីបានសរសេរបំពេញកិច្ចសន្យាត្រឹមត្រូវ ហើយប្រគល់ឲ្យភាគីម្នាក់មួយសន្លឹក ។ ចំណែកលិខិតទិញលក់ដីផ្តាច់ និង លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលក្រុមអ្នកគួកជេដីបង្គាប់ឲ្យប្រជាពលរដ្ឋផ្តិតមេដៃដោយមិនមានសរសេរបំពេញនោះ ក្រុមអ្នកគួកជេដីមិនប្រគល់ឲ្យប្រជាពលរដ្ឋភាគីអ្នកលក់ដីទេ ដោយពួកគេ ( ក្រុមអ្នកគួកជេដី )និយាយថា យកទៅដើម្បីឲ្យក្រុមហ៊ុនសរសេរបំពេញសំណើសុំធ្វើប័ណ្ណ។ត្រង់ចំណុចនេះហើយដែលជាល្បិចរបស់ក្រុមឈ្មួញដោយយកប្រជាពលរដ្ឋជាខែលដើម្បីលេបយកដីអាងទឹកទួលពន្រៃដែលជាដីរបស់រដ្ឋធ្វើជាដីកម្មសិទ្ធិស្របច្បាប់នោះ ។ មូលហេតុដែលក្រុមហ៊ុនធ្វើដូច្នេះ គឺស្របតាមឯកឧត្តម ទី សុគន្ធ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រាំងយ៉ូវធ្លាប់បានប្រកាសថា ឯកឧត្តមនឹងស្នើសុំទៅក្រសួងដែនដីជម្រុញធ្វើប័ណ្ណដីធ្លីជូនប្រជាពលរដ្ឋនៅឃុំក្រាំងយ៉ូវ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ចំណែកបញ្ហាដែលពួកគាត់កំពុងព្រួយបារម្ភនោះ គឺ
ក្រុមអ្នកគួកជេដីបានទិញដីពីប្រជាពលរដ្ឋនៅចំណុចអាងទឹកទួលពន្រៃនេះក្នុងមួយហិកតាចាប់ពី៤ទៅ៦ម៉ឺនដុល្លារដោយប្រគល់តែលុយកក់20% ( ម្ភៃភាគរយ ) ដំណាក់កាលលើកទី១ ហើយបានសន្យារយៈពេលមួយខែនឹងប្រគល់ប្រាក់40% ( សែសិបភាគរយ )បង្គ្រប់60% ( ហុកសិបភាគរយ ) ជាដំណាក់កាលលើកទី២និងមួយខែទៀតប្រគល់លុយផ្តាច់គ្រប់100% ( មួយរយភាគរយ )តែម្តងជាដំណាក់កាលទី៣ ។ ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចសន្យាបានផុតកំណត់ បើគិតរយៈពេលអ្នកលក់មុននិងលក់ក្រោយខ្លះផុតកំណត់ជាងកន្លះឆ្នាំទៅហើយ បែរជាក្រុមហ៊ុនមិនត្រឹមតែមិនបានប្រគល់លុយតាមកិច្ចសន្យាទេ ថែមទាំងបញ្ចុះតម្លៃក្នុងមួយហិកតា១០០០០$ ( មួយម៉ឺនដុល្លារ ) ទៀត ។

ប្រជាពលរដ្ឋបញ្ជាក់ថា បញ្ហាទាំងនេះហើយដែលធ្វើឲ្យពួកគាត់កំពុងបារម្ភខ្លាំង គឺទី១ព្រួយបារម្ភខ្លាចនៅពេលដែលពួកគាត់យល់ព្រមបញ្ចុះតម្លៃហើយ ក្រុមហ៊ុននៅតែមិនព្រមប្រគល់លុយគ្រប់ ។ ទី២ ខ្លាចបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនយកដីធ្លីរបស់ពួកគាត់ទៅលក់បន្តឲ្យក្រុមហ៊ុនផ្សេងទៀត ពីព្រោះពួកគាត់បានផ្តិតមេដៃលើលិខិតទិញលក់ផ្តាច់ដី និង លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីរួចទៅហើយ ។

ពាក់ព័ន្ធនឹងករណីនេះ មេឃុំក្រាំងយ៉ូវ លោក លន់ លាង បានប្រាប់ដោយផ្ទាល់មាត់ឲ្យដឹងថា រឿងរ៉ាវដែលប្រជាពលរដ្ឋលក់ដីឲ្យក្រុមហ៊ុននោះ លោកមិនបានដឹងទេ ដោយសារមានជំងឺឈឺជើងដើរមិនរួច លោកបានសុំឲ្យអ្នកសារព័ត៌មានសួរទៅលោក មុត មាន ជំទប់ទី២របស់លោកព្រោះលោកបានប្រគល់ការងារដីធ្លីឲ្យទៅជំទប់ទី២រូបនេះ ។ លោក លន់ លាង គ្រាន់តែបានបញ្ជាក់ថា ដីអាងទឹកទួលពន្រៃមានទំហំជាង១០០ហិកតាគឺជាដីរបស់រដ្ឋមិនមានបុគ្គលណាមានសិទ្ធិទៅប៉ះពាល់បានទេ ប៉ុន្តែប្រជាពលរដ្ឋអាចអាស្រ័យផលជាលក្ខណៈគ្រួសារបាន ។ លោកថា ករណីដែលក្រុមហ៊ុនទិញដីមិនឲ្យលុយប្រជាពលរដ្ឋគ្រប់ចំនួននោះ កន្លងមកលោកបានធ្វើលិខិតបដិសេធជូនប្រជាពលរដ្ឋបាន៣គ្រួសារហើយ មិនតែប៉ុណ្ណោះលោកបានពន្យល់អប់រំប្រជាពលរដ្ឋថា ប្រយ័ត្នចាញ់បោកក្រុមអ្នកគួកជេដីទៀតផង ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com