(ខេត្តកណ្តាល) ប្រជាកសិករដាំដំណាំបន្លែនៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មានការសប្បាយចិត្ត ខណ:បន្លែមានទីផ្សារឡើងថ្លៃបន្តិច។ បើតាមប្រជាកសិករបានរៀបរាប់ប្រហាក់ប្រហែលគ្នាថា ពួកគាត់ប្រកបមុខរបរដាំដំណាំបន្លែ ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ស្ពៃតឿ សាឡាត់ និងខ្ទឹមដើម មានរយ:ពេលប្រហែលជាង២០ឆ្នាំម្នាក់មកហើយ នៅលើទំហំផ្ទៃដីផ្ទាល់ខ្លួន ខ្លះមាន៧០Aនិងខ្លះមាន២ហិកតាឯណោះ ដែលធ្វើអោយជីវភាពគ្រួសាររបស់ពួកគាត់បានធូរធារមួយកម្រិតព្រមទាំងចិញ្ចឹមកូនចៅអោយបានរៀនសូត្រផងដែរ។កសិករបន្តថា ការដាំបន្លែនេះគឺខ្លះមានបទពិសោធន៍បច្ចេកទេសពីខាងមន្ត្រីកសិកម្មចុះមកបណ្តុះបណ្តាលបង្ហាត់បង្រៀនតាមមូលដ្ធាន និងខ្លះទៀតជាប់រវល់មិនបានមករៀនទេ គឺដាំទៅតាមគំនិតខ្លួនឯង។ចំពោះបច្ចេកទេសនៃការដាំ ដំបូងគឺចាប់ភ្ជួរដីហាលអោយស្ងួតស្អាតរយៈពេល៣-៤ថ្ងៃ ចាប់ផ្តើមឈូតរងបាញ់ថ្នាំបំបែកគ្រាប់ស្មៅដើម្បីកុំអោយស្មៅដុះច្រើនពេក រួចហើយក្រាលចំបុើងស្រោចទឹកទុកចោលមួយយប់សិន ទើបអាចបាចដាក់ដាំគ្រាប់ស្ពីចូល។លុះស្ពៃដុះបាន១០ថ្ងៃ ចាប់ដាក់ជី បាញ់ទឹកស្រោចព្រឹកល្ងាច រីឯថ្នាំគឺប្រើថ្នាំគីមី ប៉ុន្តែមិនសូវប្រើទេ ទាល់តែមានសត្វល្អិតយាយីច្រើនទើបប្រើម្តង។កសិករបញ្ជាក់បន្ថែមថា ការដាំដំណាំបន្លែស្ពៃនិងខ្ទឹមដើមនេះរយៈពេលប្រហែល១ខែជាងចាប់ផ្តើមប្រមូលផល កាត់ដឹកយកទៅលក់អោយឈ្មួញនៅតាមផ្ទះបណ្តើរៗក្នុង១គីឡូក្រាម បើកាលពីមុនៗស្ពៃ សាឡាត់ បានតម្លៃត្រឹមតែ៣០០-៤០០រៀលទេ ខ្ទឹមដើម២០០០រៀល។តែមកដល់បច្ចុប្បន្ននេះមានតម្លៃបន្តិច ស្ពៃ សាឡាត់ និងខ្ទឹមដើម បានតម្លៃ៣០០០រៀលទៅ៤០០០រៀលដែរក្នុង១គីឡូក្រាម។ចំពោះបន្លែឡើងថ្លៃនេះ ដោយសារប្រមុខរាជរដ្ធាភិបាល គាត់បិទតាមបណ្តាព្រំដែនដើម្បីបង្ការទប់ស្កាត់ការពារនៃការរីករាលដាលជំងឺកូវីដ១៩។ហេតុដូច្នេះហើយទើបកសិផលខ្មែរមានទីផ្សារខ្ពស់បន្តិច ដោយសារមិនសូវមានបន្លែនាំចូលពីខាងក្រៅប្រទេស បើទោះបីជាមានការនាំចូលក៍តិចតួចដែរមិនច្រើនដូនមុនទេ។ ប្រជាកសិករក៍សូមសំណូមពរដល់មន្ត្រីជំនាញកសិកម្មជួយចុះមកបណ្តុះបណ្តាលបច្ចេកទេសបន្ថែមទៀត ដើម្បីពួកគាត់យល់ដឹងពីការដាំដុះថែទាំបន្លែប្រើថ្នាំតាមបែបបទធម្មជាតិផង ព្រោះពួកគាត់មិនចង់ប្រើគីមីទេខ្លាចប៉ះពាល់សុខភាពទាំងអ្នកដាំនិងអ្នកបរិភោគ និងសូមអោយមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសសម្តេចតេជោ មេត្តាជួយរឹតបន្តឹងនូវការនាំចូលទំនិញបន្លែចូលពីប្រទេសជិតខាងអោយមានកម្រិត ដើម្បីអោយកសិផលរបស់ខ្មែរមានតម្លៃទីផ្សារខ្ពស់បន្តិចផង។ព្រោះប្រជាពលរដ្ធមានមុខរបរធ្វើចំការតែប៉ុណ្ណឹង បើទោះបីជាខាតឫចំណេញតិចច្រើន ក៍នៅតែតស៊ូធ្វើដែរ មិនអាចទុកដីទំនេរចោលអត់ប្រយោជន៍នោះឡើយ៕ ដោយ លាប់ ចាន់