រាជធានីភ្នំពេញ៖លោក ឈុន ឈីវជាតិ ជាជនរងគ្រោះនូវអំពើជំរិតទារប្រាក់ចំនួន៥ពាន់ដុល្លារពីលោក លឹម ហាក់ មន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពី៨ខែមុន បានប្រាប់អង្គភាពទូរទស្សន៍ ព្រះនរាយណ៍ នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២០ នេះថា ប្រសិនរឿងក្តីនៅ ACU នៅទៅមុខ លោកសុំតែលុយលោកមកវិញ ព្រោះលុយ៥ពាន់ដុល្លា ដែលតំកល់ជាភស្តុតាងនៅ ACU គឺជាលុយ ដែលលោកចងការគេ ក្នុង១ខែ ២០០ដុល្លា ។
យោងតាមពាក្យបណ្តឹង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក ឈុន ឈីវជាតិ រៀបរាប់ថា កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលលោកកំពុងតែបើករថយន្តទៅចាក់សាំងតែម្នាក់ឯង ស្រាប់តែមានកងរាជអាវុធហត្ថ២រូប បានឃាត់ចាប់រថយន្តរបស់លោកហើយថាមេគាត់ចង់ជួបក៏បានទៅជាមួយពួកគាត់ ។
ពេលដល់សាលាក្រុងកំពង់ឆ្នាំងបានជួបឈ្មោះ លឹម ហាក់ ហើយគាត់ថាប្រើឡានអត់ពន្ធ ហើយគាត់ថាមេរបស់គាត់អោយយករថយន្តទៅប៉េអឹមក្រុងដល់ពេលប៉េអឹមក្រុងពួកគេបានឃុំលោកក្នុងបន្ទប់ឃុំឃាំងរហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបឈ្មោះ លឹម ហាក់ ត្រឡប់មកវិញរួចកុហកប្រាប់ខ្ញុំថាគាត់បានរាយការណ៍ជូនលោកព្រះរាជអាជ្ញា ហើយដោយព្រះរាជអាជ្ញាបញ្ជាអោយគាត់ឃាត់ឡាន និងមនុស្សពីបទប្រើប្រាស់ឡានអត់ពន្ធ និង បានអោយលោកទាក់ទងបងប្អូនសាច់ញាតិដើម្បីយកប្រាក់ចំនួន៥ពាន់ដុល្លារ ទើបគេព្រមដោះលែង និងរថយន្តវិញ គាត់នឹងជួយនិយាយអោយព្រោះរាប់អានគ្នា ។
សូមបញ្ជាក់ថា កន្លងមក អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា លោក លឹម ហាក់ ប៉េអឹមខេត្តកំពង់ឆ្នាំង ពិតជាមានការជំរិតទារប្រាក់ដូចការផ្សព្វផ្សាយមែន ពាក់ព័ន្ធការដោះលែងឡានអត់ពន្ធមួយគ្រឿងជាថ្នូរនឹងប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិក ។
នេះបើយោងតាមចំណុចទី៧ នៃសេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំលើកទី៥១ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ។
ជនរងគ្រោះបានបញ្ជាក់ថា ករណីខាងលើ ខាងតុលាការបានប្រាប់លោកថា រឿងបន្តឹងអាជ្ញាគេបានបញ្ចប់ គឺគេបានបញ្ជូនមក ACU អស់ហើយ ។ ទោះជាយ៉ាងណា ក្តីជនរងគ្រោះស្នើសុំលុយ៥ពាន់ដុល្លានោះមកវិញ ដើម្បីយកទៅសងគេ ព្រោះបង់ចុងការគេក្នុង១ខែ ២០០ដុល្លា ៕
ព័ត៌មាននេះ នឹងផ្សាយបន្ត នៅភេកហ្វេសបុក ទូរទស្សន៍ ព្រះនរាយណ៍។