ខេត្តកណ្តាល : រយៈពេលជាង១ខែ មកនេះ សកម្មភាពក្រុមរំលោភ យកបឹងសាធារណ: នៅស្រុកស្អាង ខេត្តកណ្តាល ហាក់មានសន្ទុះខ្លាំងឡើងៗ ពី១ថ្ងៃ ទៅ១ថ្ងៃ ដោយមិនខ្លាចក្រុមមន្រ្តី ចុះមកអប់រំ រឺ ធ្វើកិច្ចសន្យា ហាមឃាត់អ្វីនោះទេ ។ បានន័យថា នៅពេលក្រុមមន្រ្តីទៅបាត់ ពួកគេក៏នាំគ្រឿងចក្រ ទៅកាយប្រឡាយ វែកប្រឡង់ ដើម្បីសំគាល់ថា ជាដីពួកគេ ។
ជាជាក់ស្តែង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០នេះ មាន គ្រឿងចក្រជាច្រើនគ្រឿងកំពុងសម្រុកធ្វើសកម្មភាពជីកបៀរសម្រាប់ចាប់យកត្រី និងជីកក្រវ៉ាត់ព័ទ្ធព្រំរំលោកយកដីបឹងសាធារណៈរបស់រដ្ធ(អតីតឡូត៍នេសាទលេខ៥)ត្រង់ចំណុចកណ្តាលបឹងធំ ស្ថិតក្នុងភូមិលេខ៣ និងភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល រាប់សិបហិកតាគ្រប់គ្រងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លន។
គ្រឿងចក្រអេស្កាវ៉ាទ័រជាច្រើនគ្រឿង ដែលធ្វើសកម្មភាពជីកបៀរប្រឡាយចាប់យកត្រី និងជីកក្រវ៉ាត់ព័ទ្ធព្រំដីយ៉ាងគគ្រឹកគគ្រេងនៅចំកណ្តាលបឹងធំអតីតឡូត៍នេសាទលេខ៥ ទាំងថ្ងៃទាំងយប់នោះ ត្រូវបានគេស្គាល់ម្ចាស់៤នាក់ ១.ឈ្មោះ ជីម ជីកនៅចំណុចទួលព្រែកតាហឹង ២.ឈ្មោះ ទរ ជីកចំណុចបឹងអូជ្រាំ ៣.ឈ្មោះ ហុក ឡេង និង៤.ឈ្មោះ អាឡុង បឹងជ្រាំប្រាំ។
ប្រភពបន្តទៀតថាឈ្មោះម្ចាស់គ្រឿងចក្រទាំង៤នាក់ខាងលើនេះ នារដូវទឹកសម្រក់ គឺគេតែងតែសង្កេតឃើញចុះមកធ្វើសកម្មភាពជីកបៀរជីកប្រឡាយ និងជីកក្រវ៉ាត់ព័ទ្ធព្រំដី កណ្តាលបឹងធំនេះជារៀងរាលឆ្នាំ ពុំដែលមានអាជ្ញាធរ និងសមត្ថកិច្ច ឫមន្ត្រីជំនាញអង្គភាពស្ថាប័នពាក់ព័ន្ធណាមួយទប់ស្កាត់បង្ក្រាបអោយមានប្រសិទ្ធភាពនោះឡើយ ។
នៅចុងក្រោយពួកគាត់បានបង្ហើបថា ដើម្បីមុខមាត់ អភិបាលខេត្តថ្មី គួរតែអភិបាលស្រុកស្អាង បញ្ចេញស្នាដៃ អោយមេថ្មីមើល ហើយបើមិនមានសមត្ថភាព គួរសុំលាលែង ទុកអោយអ្នកមានសមត្ថភាព គេធ្វើវិញម្តង ៕