រាជធានីភ្នំពេញ : យោងតាមសំដីរបស់ ប្រជាជនដែលបានអះអាងថា ជាអ្នកតំណាង ដែលបានផ្តិតមេដៃ លិិខិតស្នើអោយក្រសួងយុត្តិធម៌កាត់ក្តីឡើងវិញ លើសំណុំរឿងគ្រឿងញានជិត៥០គីឡូ ដែលមានថៅកែ ឈ្មោះឧកញ៉ា គិត ធាង ។
តាមរយៈទូរសព្ទលេខ 096 24 71 795
លោកស្រីបានបង្ហើបដល់អ្នកព័ត៌មានថា លោកស្រីចង់បានអោយក្រសួង បើកសំណុំរឿងនេះឡើងវិញ ក៏ដូចស្នើអោយក្រសួងបង្ហាញទីតាំងឃុំខ្លួន អ្នកឧកញ៉ា គិតធាង អោយបានច្បាស់លាស់ ព្រោះថា ល្បីដេកសំរាក តែនៅក្នុងមន្ទីរពេទ្យ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១សប្តាហ៏ចុងក្រោយនេះ មានក្រុមអ្នកសារព័ត៌មានមួយចំនួនបានចុះផ្សាយពីអ្នកឧកញ៉ា គិត ធាង បន្តដេកក្នុងមន្ទីរពេទ្យដោយនៅក្រៅពន្ធនាគារ បន្ទាប់ពីត្រូវតុលាការកាត់ទោសឲ្យជាប់គុក៤ឆ្នាំ ក្នុងសំណុំរឿងគ្រឿងញៀនជាង៥០គីឡូ ។
ប្រភពបានឲ្យដឹងថា ឧកញ៉ា គិត ធាង ថៅកែមជ្ឈមណ្ឌលកម្សាន្ត Rock ដែលជាប់ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនជាង៥០គីឡូ នៅបន្តដេកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ ដោយមុនទាន់ចូលទៅអនុវត្តទោសក្នុងពន្ធនាគារវិញនៅឡើយទេ ទោះបីត្រូវតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុកចំនួន ៤ឆ្នាំបែបណាក្តី។
ប្រភពបន្តថា រាល់ថ្ងៃនេះ លោកឧកញ៉ា គិត ធាង បានបន្តសម្រាកក្នុងមន្ទីរពេទ្យក្រោមហេតុផលមានជំងឺថប់ដង្ហើម និង ជំងឺសួត..។
ត្រង់ចំណុចនេះ សាធារណជន បានថ្លែងរិះគន់ និងចំអកថា ឧកញ៉ារូបនេះ ហាក់មានសំណាងជាងជនជាប់ចោទដទៃទៀត ដោយតុលាការ និងផ្នែកពាក់ព័ន្ធបានអនុញ្ញាត ឲ្យចេញព្យាបាលជំងឺរយៈពេលវែង។
លោកឧកញ៉ា គិត ធាង ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារត្រឹមរយៈពេល៤ឆ្នាំតែប៉ុណ្ណោះ ក្រោមបទល្មើស ចាត់ចែងសម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់ នូវសាធាតុញៀន និងបទសមគំនិត។ ចំណែក មនុស្ស ២៤នាក់ផ្សេងទៀត ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់៤ឆ្នាំ ខណៈជនជាប់ចោទ ២នាក់ទៀត ត្រូវបានលើកលែងការចោទប្រកាន់។
ចំពោះការកាត់ទោសនេះ មហាជន ក៏បានរិះគន់ទៅលើការសម្រេចផ្តន្ទាទោសឧកញ៉ា គិត ធាង ថាហាក់មិនសាកសមទៅនឹងចំនួនបរិមាណគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបានជាង ៥០គីឡូ ក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock នោះទេ..។ ហើយថា សំណុំរឿងនេះ ភាគច្រើននៃអ្នកប្រព្រឹត្តបទល្មើស គឺត្រូវជាប់ឃុំក្នុងពន្ធនាគារ។ ប៉ន្តែចំពោះ អ្នកមានទ្រព្យសម្បត្តិវិញ តែងលើកយកពីបញ្ហាជំងឺ ប្រចាំកាយមកដាក់ខ្លួន ដើម្បីបានទៅសម្រាកនៅមន្ទីរពេទ្យយ៉ាងរំភើយ រួចផុតពីការដេកក្នុងគុក..។
ពាក់ព័ន្ធមជ្ឈមណ្ឌលកម្សាន្ត Rockនេះដែរ ឧកញ៉ា គិត ធាង
ធ្លាប់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធររាជធានីភ្នំពេញចំនួន ២លើក ដោយធានាអះអាង មិនអនុញ្ញាតឱ្យមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងទីតាំងអាជីវកម្មមួយនេះទេ ក៏ប៉ុន្តែឧកញ៉ារូបនេះបានបណ្តែតបណ្តោយឲ្យមានករណីជួញគ្រឿងញៀនក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock រហូតដល់ថ្ងៃសមត្ថកិច្ចចុះបង្ក្រាប និងរឹបអូសបានគ្រឿងញៀនជាង ៥០គីឡូក្រាម និងឃាត់ខ្លួនមនុស្សបានចំនួន៣១១នាក់។
ចំពោះបទល្មើសនេះ កម្លាំងនគរបាលចម្រុះ បាននាំខ្លួន លោកឧកញ៉ា គិត ធាង ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ចេញពីភូមិគ្រឹះ របស់លោក ស្ថិតនៅផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ការនាំខ្លួនឧកញ៉ា គិត ធាង ម្ចាស់ទីតាំងអតីតមជ្ឈមណ្ឌលកំសាន្តរ៉ក (Rock) របស់កម្លាំងសមត្ថកិច្ច គឺអនុវត្តតាមដីកា របស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់មកទៀត នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃតុលាការក្រុងភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧកញ៉ា គិត ធាង ដាក់ពន្ធនាគារជា បណ្តោះអាសន្ន ចោទពីបទ សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រាមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំចែងថា “អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀត ដែលបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន គឺ ជាបទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសពី ៥ឆ្នាំទៅ ១០ឆ្នាំ និង ពិន័យជាប្រាក់ពី១០លានរៀលទៅ២០លានរៀល”៕