រាជធានីភ្នំពេញ : លោក អ៉ឹម ឈូន ស្នងការរងខេត្តកំពត ត្រូវប្រជាជនម្នាក់ប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើករណីថាបានរំលោភបំពានយកដី ចំនួន៣ ហិកតា នៅខេត្តកំពត ។
យោងលិខិត១ច្បាប់ ដែលអង្គភាពគេហទំព័រទូរទស្សន៍ព្រះនរាយណ៍ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ នេះបានសសេរថា : ខ្ញុំបាទឈ្មោះ ម៉ែន ណារ៉ុង អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្ថិតនៅផ្ទះលេខ ៤០ ផ្លូវលេខ ២B1 សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កាន់កាតសមាជិកគណបក្សប្រជាជនលេខ ១១.០៨៩.០០០៤/១៩ ចុះថ្ងៃទី ០៣ មករា ២០១៩ ។
សូមគោរពជូន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
កម្មវត្ថុៈ សំណើរសុំជួយពិនិត្យមើលតួនាទី លោក អ៊ឹម ឈូន ស្នងការរងខេត្តកំពតដែលបានរំលោភយកដីខ្ញុំបាទខុសពីកិច្ចសន្យា ។
តបតាមកម្មវត្ថុខាងលើខ្ញុំបាទសូមជម្រាបជូន សម្តេចក្រឡាហោម ស ខេង មេត្តាជ្រាបថាៈ លោក អ៉ឹម ឈូន ដែលជាស្នងការរងខេត្តកំពតបានទិញដីពីខ្ញុំបាទចំនួន០២កន្លែង ចំនួន០៣ហិកតា នៅភូមិអណ្តូងជីម៉ឺន សង្កាត់កំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត តាំងពីថ្ងៃ១១ ខែសីហា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះមិនទាន់បានប្រគល់លុយគ្រប់ចំនួនមកដល់ខ្ញុំបាទទេ ។
លិខិតនោះបានសសេរបន្តថា
ទន្ទឹមនឹងការអូសពេលវេលាមិនអោយថវិកា លោក អ៊ឹម ឈូន ស្នងការរងខេត្តកំពតនេះបានប្រើអំណាចចូលកាន់កាប់ដីរបស់ខ្ញុំបាទដោយរំលោភបំពានលើកិច្ចសន្យាទិញ-លក់ នាពេលកន្លងមក។ការប្រើអំណាចរំលោភយកដីខ្ញុំបាទនេះធ្វើអោយខ្ញុំបាទនិងក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននៅពេលចុះតតាំងវែកញែកនៅលើដីរបស់ខ្ញុំបាទ ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម សម្តេច មេត្តាពិនិត្យនិងចាត់វិធានការចំពោះស្នងការរងខេត្តកំពតដែលបានបំពានយកដីខ្ញុំបាទដោយអនុគ្រោះ ។
សូម សម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីរូបខ្ញុំបាទ ។
រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០
។ ហត្ថលេខា ឬស្នាមមេដៃ ។ ម៉ែន ណារ៉ុង។សូមភ្ជាប់ឯកសារពាក់ព័ន្ធ១ចំនួនរួមមាន ។ 1-កិច្ចសន្យាទិញ លក់ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ 2-លិខិតរំលាយកិច្ចសន្យាចុះថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៩ ។ 3-លិខិតទប់ស្កាត់មិនអោយលក់ ជួល បញ្ចាំ ឬ ផ្ទេរសិទ្ធិ។4-លិខិតជូនដំណឹងទៅមេឃុំកំពង់ត្រែង។5-កិច្ចសន្យាបន្ថែមលើកិច្ចសន្យាទិញលក់ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។6-ពាក្យបណ្តឹងទប់ស្កាត់មិនអោយមន្ទីរដែនដីធ្វើប័ណ្ណជូនលោក អ៊ឹម ឈូន ។7-លិខិតផ្ទេរសិទ្ធិកាន់កាប់។ 8-ប្លង់ផែនទី ។
ទាក់ទងបញ្ហានេះ អង្គភាពគេហទំព័រទូរទស្សន៍ព្រះនរាយណ៍ នៅមិនទាន់អាចរកការបំភ្លឺណាមួយចេញពីលោកស្នងការរង ខេត្តកំពតបាននៅឡើយទេ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ ៕