ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ផន សុផល មេឃុំរាប រងការចោទប្រកាន់លក់ដីព្រែកសាធារណ:របស់រដ្ធទៅអោយឈ្មួញជីកយកអាចម៌លក់ធ្វើមានបានប្រយោជន៍ផ្ទាល់ខ្លួន.

. (ព្រៃវែង) លោក ផន សុផល មេឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង រងការចោទប្រកាន់ ពីប្រជាពលរដ្ធ និងមន្ត្រីក្រុមប្រឹក្សាឃុំថាបានលក់ដីព្រែកសាធារណ:សម្បត្តិ របស់រដ្ធជាច្រើនកន្លែង ទៅអោយឈ្មួញអ្នកមានលុយមានអំណាច ដាក់គ្រឿងចក្រទៅជីកកាយយកអាចម៌ដីដឹកជញ្ជូនលក់ធ្វើមានបានប្រយោជន៍បុគ្គលផ្ទាល់ខ្លួនយ៉ាងរំភើយ។ ប្រភពព៌តមានពីប្រជាពលរដ្ធ និងមន្ត្រីក្រុមប្រឹក្សាឃុំរាប សំុមិនបញ្ចេញឈ្មោះបានលួចបង្ហើបអោយដឹងថា ព្រែកស្នាយពល ស្ថិតនៅក្នុងភូមិពារាំង ឃុំរាប និងព្រែករំលេចតូច ព្រែករំលេចធំ ចំណុចធ្លាដូង ស្ថិតក្នុងភូមិពាមអំពិល និងភូមិវៃវ៉េត ឃុំរាប គឺសុទ្ធតែជាព្រែកសាធារណ:សម្បត្តិរបស់រដ្ធសម្រាប់រំដោះទឹកជំនន់នារដូវវស្សា ដែលកើតមានឡើងតាំងពីដូនតាមកម្លេះ។ប៉ុន្តែបន្ទាប់ពីលោក ផន សុផល មេឃុំរាបនេះ ទើបមកឡើងកាន់តំណែងបានប្រហែលតែជាង២ខែសោះ ហ៊ានសម្រេចអនុម័តខ្លួនឯងសុីញ៉េលក់ដីព្រែកសម្បត្តិសាធារណ:របស់រដ្ធទៅអោយឈ្មួញឯកជនជីកកាយដឹកជញ្ជូនអាចម៌ដីលក់ យកលុយដាក់ហោប៉ៅធ្វើមានបានផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងត្រជាក់ល្ហឹម ដោយមិនមានការបើកកិច្ច ប្រជុំពិភាក្សាគ្នាជាមួយក្រុមប្រឹក្សាឃុំ និងផ្សព្វផ្សាយប្រាប់ពលរដ្ធក្នុងមូលដ្ធានអោយបានដឹងឮនោះឡើយ។ប្រភពបន្តថា កាលពីមុន លោក ផន សុផល មេឃុំរាបដកតុង ពីឈ្មួញ ក្នុង១ឡាន១ដុល្លារ តែឥឡូវខែមេឃធ្លាក់ភ្លៀង ប្តូរយកជាងៃវិញ ដោយក្នុង១ថ្ងៃ១០០ដុល្លារ។តើលុយទាំងនេះលោក ផន សុផល មេឃុំយកទៅខាងណា បើមិនឃើញមានកសាងអភិវឌ្ឍន៍មូលដ្ធានសូម្បីតែបន្តិច។ប្រភពបានបញ្ជាក់បន្ថែមថា ក្រោយលោកមេឃុំចាស់មុនគាត់មានវ័យចំណាស់សុំលាលែងឈប់ពីតំណែងទៅ គឺលោក ផន សុផល បានមកកាន់តំណែងជាមេឃុំរាប ស្តីទី ភ្លាម ប្រជាពលរដ្ធជាច្រើនបាននាំគ្នាតវ៉ានៅខាងមុខសាលាឃុំរាប និងនាំគ្នាផ្តិតមេដៃដាក់សំណើរសុំដូរលោកមេឃុំរូបនេះទៅដល់សាលាខេត្តព្រៃវែងដកចេញពីការងារបក្សឃុំ ម្តងរួចមកហើយ ដោយសារ ទី១.មេឃុំនេះមិនទទួលហត្ថលេខាលើលិខិតទិញ-លក់ដីរបស់មេឃុំចាស់អណត្តិមុន។ ទី២.ហាមឃាត់មិនអោយពលរដ្ធទៅអាស្រ័យផលលើដីដែលពលរដ្ធបង្កបង្កើនផលដំណាំជាច្រើនឆ្នាំមកហើយ។ ទី៣.លោក ផន សុផល មានលេសចង់រឹបអូសដីពីពលរដ្ធដែលធ្លាប់អាស្រ័យផលដំណាំស្រូវពីមុនមក ទុកលក់បន្តអោយទៅឈ្មួញ ក្រោមលេសថាជាដីរបស់រដ្ធ ហើយបើប្រជាពលរដ្ធម្ចាស់ដីណាចង់គាត់ចុះហត្ថលេខាទទួលស្គាល់លើដីរបស់ខ្លួន លោក ផន សុផល បានកំណត់អោយពលរដ្ធបង់លុយចាប់ពី1000ដុល្លារ រហូតដល់ទៅ5000ដុល្លារ តាមទំហុំដីតិចឬច្រើន។ ទី៤.រឿងដកលោកមេភូមិវៃវ៉េតចេញពីតំណែងដោយគ្រាន់តែខឹងលោកមេភូមិមិនសុីញ៉េលក់ដីព្រែករំលេចធំ អោយទៅឈ្មួញតាមខ្លួនបញ្ជា។ស្រាប់តែបានប្រហែល១០ថ្ងៃប្រជាពលរដ្ធក្នុងមូលដ្ធានមានការជ្រួលច្របល់ ព្រោះពួកគាត់ត្រូវការធ្វើអ្វីផ្សេងៗវាគ្មានមេភូមិសុីញ៉េអោយ ទើបអាជ្ញាធរស្រុកអន្តរាគមន៍សម្រួលអោយលោកមេភូមិចាស់ធ្វើការងារបំរើពលរដ្ធដដែល។ ទី៥.រឿងឈ្មួញកាយជីកដីព្រែកមានជម្រៅជ្រៅ បាក់ច្រាំងប៉ះពាល់ដល់ដីស្រែពលរដ្ធ មេឃុំផ្អឹបសំណុំរឿងចោលមិនដោះស្រាយ។ប្រភពបញ្ជាក់បន្ថែមថា ចាប់តាំងពីលោក ផន សុផល ឡើងជាមេឃុំរាបមកដីបឹង ដីព្រែកសាធារណ:របស់រដ្ធត្រូវលោកមេឃុំថ្មីនេះសុីញ៉េលក់ខ្ទេចខ្ទីអស់គ្មានសល់ឡើយ។ជាក់ស្តែងដូចជា ព្រែកស្នាយពល ព្រែករំលេចតូច ព្រែករំលេចធំ ជាដើម។បច្ចុប្បន្នកន្លែងជីកកាយនៅចំណុចព្រែករំលេចតូច និងព្រែករំលេចធំ នារដូវវស្សានេះ ប្រជាពលរដ្ធកំពុងតែមានការព្រួយបារម្មណ៍នូវបញ្ហាប្រឈមគ្រោះបាក់ដីខូចខាតដំណាំស្រូវបន្តទៀតផងដែរ។ ពាក់ព័ន្ធការចោទប្រកាន់ខាងលើ លោក ផន សុផល មេឃុំរាប បានប្រាប់អោយដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះថា រឿងនេះមិនពិតទេ គឺជាការមួលបង្កាច់បង្ខូច រូបលោកសូមច្រានចោលទាំងស្រុង………………….សូមស្តាប់សម្លេងលោក ផន សុផល មេឃុំរាបទាំងស្រុង៕ ដោយ លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com