រាជធានីភ្នំពេញ : ប្រជាពលរដ្ឋម្នាក់ បានធ្វើលិខិតជាផ្លូវការចូលទៅក្រសួងយុត្តិធម៌ ដើម្បីអោយជួយពិនិត្យមើលតួនាទី របស់ប្រធានតុលាការខេត្តកំពត ។
លិខិតដែលអង្គភាព គេហទំព័រទូរទស្សន៍ព្រះនរាយណ៍ទទួលបាននូវរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ និងមានវ៉ៃត្រាចូលក្រសួងយុត្តិធម៌ ផងនោះ បានសរសេរថា : ខ្ញុំបាទឈ្មោះ ម៉ែន ណារ៉ុង អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្ថិតនៅផ្ទះលេខ ៤០ ផ្លូវលេខ 2B1 សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លេខទូរស័ព្ទ 017 77 44 65 ។
សូមគោរពជូន
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
កម្មវត្ថុ៖ សំណើសុំពិនិត្យតួនាទីលោក ឡុង កេសភីរម្យ ប្រធានតុលាការខេត្តកំពត ។
តបតាមកម្មវត្ថុ ខាងលើខ្ញុំបាទមានកិត្តិយសជំរាបជូនឯកឧត្តមរដ្ឋមន្រ្តីមេត្តាជ្រាបថាៈ ក្នុងពេលកន្លងមកប្រធានតុលាការដំបូងខេត្តកំពតលោក ឡុង កេសភីរម្យ បានយកសំណុំរឿងរបស់ខ្ញុំទាំងអស់មកកាន់ និងប្រើតួនាទីជាចៅក្រមស៊ើបអង្កេតផងដែរ ។ សំណុំរឿងរបស់ខ្ញុំទាំងអស់ត្រូវបានចាញ់ភាគីម្ខាងទៀតគ្រប់ពេល ដោយភាគច្រើនជាការកាត់ក្ដីកំបាំងមុខ ដោយលោក ឡុង កេសភីរម្យ ផ្ដល់ដំណឹងឱ្យតែអតីតមេធាវីរបស់ខ្ញុំ ដែលធ្វើអោយខ្ញុំបាទមិនបានដឹងពីថ្ងៃបរិច្ឆេទនៃសាលក្រមផ្សេងៗ រហូតហួសអាជ្ញាយុកាលអស់ផ្លូវតវ៉ា ។
ជាក់ស្ដែងសំណុំរឿងរដ្ឋប្បវេណីលេខ ៦៦៨ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និងសំណុំរឿងព្រហ្មទណ្ឌលេខ ២៥៤ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ដែលខ្ញុំបាទបានប្ដឹងអតីតសហការីខ្ញុំពីរគ្រួសារមានឈ្មោះ សឿ សំខាន់ និងប្រពន្ធឈ្មោះ កៅ ចាន់រ៉ានី និង ជា វុទ្ធី (ស្លាប់) និងប្រពន្ធ កៅ សីហា ។ ក្រោយពីមានពាក្យបណ្តឹងនោះមក លោក ឡុង កេសភីរម្យ បានចេញដីកាសម្រេចការពារលេខ ៩៩ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ និង ដីកាសម្រេចរក្សាការពារ លេខ១០២ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អោយខាងខ្ញុំជាអ្នកឈ្នះ ។ លុះបានប្រមាណកន្លះឆ្នាំក្រោយមកលោក ឡុង កេសភីរម្យ បានចេញដីកាលុបចោលដីការក្សាការពារសម្រេចការពារលេខ ៥៩ ‘‘គ’’ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ។
ក្រោយពីបានដីកាសម្រេចលុបចោលខាងលើ ចុងបណ្តឹងក៏បានឈ្នះ នៅសាលាឧទ្ធរណ៍ ក្រោយមកសាលាឧទ្ធរណ៍ក៏ចេញដីកាសម្រេចទាំងស្រុងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ។ បន្ទាប់មកក្រុមចុងបណ្តឹងបានប្រើសាលក្រមនេះទៅគំរាមចៅសង្កាត់ និងមេឃុំ (ដែលមានដីជាប់ពាក់ព័ន្ធនឹងពាក្យបណ្ដឹងខាងលើ) ឱ្យផ្ទេរកម្មសិទ្ធិទៅអ្នកដទៃ។ នេះជាអំពើខុសច្បាប់ ដោយសំណុំរឿងរដ្ឋប្បវេណីលេខ ៦៦៨ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ មិនទាន់បានចាប់ផ្តើមនៅឡើយ ហើយមិនទាន់មានដីកាសម្រេចអង្គសេចក្តីពាក់ព័ន្ធសំណុំរឿងនេះនៅឡើយទេ ។
ពាក់ព័ន្ធនឹងសំណុំរឿងនេះលោក ឡុង កេសភីរម្យ ដែលជាចៅក្រមស៊ើបអង្កេតសំណុំរឿងរបស់ខ្ញុំទាំងពីរខាងលើ ក្រោយពីក្រុមចុងបណ្ដឹងបានឈ្នះនៅសាលាឧទ្ធរណ៍មក បានធ្វើលិខិតសុំដកខ្លួនពីចៅក្រមទទួលបន្ទុកចាត់ការ មូលហេតុមកពីសហចុងចម្លើយជាមិត្តភក្តិរបស់ប្រពន្ធគាត់ ។
ខ្ញុំបាទសូមជម្រាបថា ដោយសារសំណុំរឿងនេះបាននៅគាំងត្រឹង ចាប់ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ដោយតំណាងអយ្យការ លោក ជ័យ រិទ្ធី បានសម្រេចស៊ើបសួរលើអង្គហេតុ និងបានដាក់ក្រុមចុងបណ្ដឹង ឱ្យស្ថិតនៅក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីធានារក្សាទុកជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី ប៉ុន្តែអស់រយៈពេល ពីរឆ្នាំមកហើយ សំណុំរឿងព្រហ្មទណ្ឌនេះ នៅតែមិនទាន់ជម្រះនៅឡើយ។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ខ្ញុំបានធ្វើលិខិតសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ដើម្បីសុំពន្លឿនអោយមានការជម្រះរឿងនេះអោយបានឆាប់រហ័ស។ រយៈពេលជិតមួយខែមកនេះ ខ្ញុំបាទមិនបានទទួលដីការកោះហៅពីតុលាការដើម្បបន្តនីតិវិធីរឿងនេះនៅឡើយទេ តែផ្ទុយទៅវិញ ខ្ញុំបាទបានទទួលនូវលិខិតកោះរបស់ព្រះរាជអាជ្ញាខេត្តកំពត អោយចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២០ ដើម្បីសាកសួរពីដំណើររឿងដែលឈ្មោះ កៅ សីហា ប្តឹងបកមកខ្ញុំបាទវិញ តាមរយៈសំណុំរឿងព្រហ្មទណ្ឌលេខ ៦២៤ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ។
ករណីគួរអោយកត់សំគាល់ដ៏សំខាន់មួយទៀតនោះគឺលោក ឡុង កេសភីរម្យ បានរៀបចំការជួបជុំគ្នាទាំងពីរភាគី រួមទាំងមេធាវីផងដែរ ដើម្បីទាញហេតុផលនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ។ សូមបញ្ជាក់ថា ការជួបជុំទាញហេតុផលលើកទី១ នេះខ្ញុំបាទមិនបានចុះហត្ថលេខាលើរបាយការណ៍ទាំងនោះទេ ។ បន្ទាប់ពីនោះមកខ្ញុំបាទមិនដែលបានទទួលដីការកោះហៅជាលើកទី២ សម្រាប់ការទាញហេតុផលនោះដែរ ទើបតែបែកធ្លាយឯកសារការជួបជុំលើកទី១ ដោយរបាយការណ៍នោះមានភាពមិនប្រក្រតីជាច្រើនដូចជា៖ លោកស្រី ទ្រី ឈួន ដែលជាអតីតមេធាវីរបស់ខ្ញុំ អត់មានវត្តមាននៅក្នុងថ្ងៃប្រជុំនោះទេ តែផ្ទុយទៅវិញ គាត់បានចុះហត្ថលេខានៅលើរបាយការណ៍ជំនួសខ្ញុំទៅវិញ។ លោក ណាច ទ្រី និងលោក ជុន សុជាតិ ជាមេធាវីចុងបណ្ដឹងអវត្តមាននៅក្នុងការប្រជុំ តែមានឈ្មោះវត្តមាននៅក្នុងរបាយការណ៍ទៅវិញ។ លោក ហេ ជីវអេង ជាមេធាវីរបស់ខ្ញុំបាទ មានវត្តមានក្នុងពេលប្រជុំ ក៏ប៉ុន្តែក្នុងរបាយការណ៍អត់មានឈ្មោះវត្តមានរបស់គាត់ បែជាមានវត្តមានលោកស្រី ទ្រី ឈួន ជំនួសគាត់វិញ។ នៅក្នុងរបាយការណ៍កំណត់ហេតុនៃការជួបជុំទាញហេតុផលលើកទី១នោះ អ្នកដែលចុះហត្ថលេខា មានតែលោក យាន សភា និង ក្រុមចុងបណ្ដឹង ចំណែកខ
ាងដើមបណ្ដឹង គឺលោកស្រីមេធាវី ទ្រី ឈួន (អវត្តមាន) ចុះហត្ថលេខា ជំនួសខ្ញុំបាទ ម៉ែន ណារ៉ុង វិញ។ ចំណែកក្រឡាបញ្ជីវិញបានចុះហត្ថលេខា តែមិនបានដាក់ឈ្មោះ។ ដោយឡែកចៅក្រម (ឡុង កេសភីរម្យ) មិនបានចុះហត្ថលេខា និងដាក់ឈ្មោះនោះទេ។
ដូច្នេះខ្ញុំបាទមានការព្រួយបារម្ភជាខ្លាំង ចំពោះសំណុំរឿងទាំងពីរខាងលើ អាចជាការរៀបចំ និងការផ្តល់ភាពអយុត្តិធម៌មកដល់លើរូបខ្ញុំបាទជាថ្មីម្ដងទៀត ព្រោះថាក្រុមចុងបណ្តឹងត្រូវជាមិត្តភ័ក្រ របស់ប្រពន្ធលោក ឡុង កេសភីរម្យ ប្រធានតុលាការខេត្តកំពត ។
អាស្រ័យហេតុនេះ សូមឯកឧត្តម មេត្តាពិនិត្យតួនាទីរបស់លោក ឡុង កេសភីរម្យ ប្រធានតុលាការខេត្តកំពត តាមរយៈសំណុំរឿងខាងលើ និងការក្លែងឯកសារនៃរបាយការណ៍ទាញហេតុផលលើកទី១ ដែលមានភាពមិនប្រក្រតី ហាក់ត្រូវបានរៀបចំគម្រោងអោយភាគីម្ខាងទៀតឈ្នះទៅវិញ ។
សូមឯកឧត្តម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។
ថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០
ស្នាមមេដៃ
ម៉ែន ណារ៉ុង
សូមភ្ជាប់ឯកសារ
១. ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ៣០៥ របស់អយ្យការអមសាលាដំបូងខេត្តកំពត
២.ដីកាសម្រេចរក្សាការពារ លេខ៩៩ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧
៣.ដីកាសម្រេច អំពីពាក្យសុំតវ៉ាចំពោះដីកាសម្រេចរក្សាការពារ លេខ៥៩ “ក” ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨
៤. ពាក្យសុំដកខ្លួនរបស់លោក ឡុង កេសភីរម្យ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩
៥. កំណត់ហេតុស្ដីពីនិតិវិធីត្រៀមសម្រាប់ការទាញហេតុផល ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨
៦. កំណត់ហេតុកងរាជអាវុធហត្ថខេត្តកំពត លេខ០១១/១៨ ព្រទ
៧. សំណុំរឿងព្រហ្មទណ្ឌលេខ២៥៤ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨
៨. លិខិតអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ លេខ ២៦៧ ចុះថ្ងៃទី២២ ខែ០៥ ឆ្នាំ២០២០
៩. ដីកាសម្រេចរក្សាការពារ លេខ១០២ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
នៅរសៀលថ្ងៃនេះផងដែរ អង្គភាពទូរទស្សន៍ ព្រះនរាយណ៍ មិនអាចរកការបំភ្លឺពីប្រធានតុលាការខេត្តកំពតបាននោះទេ ។