ខេត្តបាត់ដំបងៈជនរងគ្រោះម្នាក់ដែលជាអ្នកបើកបរត្រាក់ទ័រសុីឈ្នួលភ្ជួរដីស្រែអោយគេត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរខណះដែលជនរងគ្រោះបានចុះភ្ជួរដីស្រែប៉ះចំមីនតោនបណ្តាលអោយផ្ទុះឡើងតែម្តង។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០ត្រង់ចំណុចអូរច្រកថ្លាងក្នុងភូមិបឹងអំពិលឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។
បើតាមប្រភពមួយចំនួនបាននិយាយថានៅមុនពេលកើតហេតុគឺជនរងគ្រោះដែលមានឈ្មោះជូន.ណុលភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិអូរតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់បានបើកត្រាក់ទ័រចុះទៅក្នុងស្រែដើម្បីភ្ជួរដីអោយគេដែលដីស្រែនេះធ្លាប់ធ្វើគ្រប់រដូវកាលផងដែរ។ខណៈដែលជនរងគ្រោះកំពុងភ្ជួរស្រាប់តែឮសម្លេងផ្ទុះគ្រាប់មីនលាន់កក្រើកដីធ្វើអោយតួត្រាក់ទ័រទាំងមូលក្រឡាប់ផ្ងារជើងដោយឡែកអ្នកបើកបរក៏ទទួលរងនូវសម្ពាធគ្រាប់មីនបណ្តាលអោយដាច់ជើងខាងឆ្វេងម្ខាងដល់លើជង្គង់។ក្រោយការផ្ទុះភ្លាមៗនោះប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចក៏បានជួយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីនិងបានបន្តទៅមន្ទីរពេទ្យខេត្តផងដែរ។ប៉ុន្តែជាអកុសលដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេកមិនទាន់ដល់មន្ទីរពេទ្យបង្អែកខេត្តផងក៏ត្រូវបាត់បង់ជីវិតនៅថ្ងៃទី២៩នេះតែម្តង។បច្ចប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតក្នុងខេត្តពោធិសាត់ហើយ៕សៅ សារិទ្ធ