ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល លើកគ្នាមកសាលាខេត្តសួរនាំរឿងសុំធ្វើប័ណ្ណកម្មសិទ្ធិហេតុអី យូរម្លេះ តែបែរមកបែកធ្លាយអាជ្ញាធរឃុំ និង ធនធានទឹកយកលុយ១ហិកតា ១៧០០ ទៅ២៥០០ដុល្លា ទៅវិញ ?!

ខេត្តកណ្តាល : ដោយសារមិនឃើញការឆ្លើយតបណាមួយ ចេញពីមន្រ្តីសាលាខេត្តកណ្តាល ទៅលើសំណើរ របស់ប្រជាជនរស់នៅភូមិព្រែករាំង និង ភូមិព្រែករាំង-ក-ស្ថិតក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដែលបានដាក់ចូលសាលាខេត្ត តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដើម្បីស្នើសុំឲ្យឯកឧត្តមអភិបាលខេត្តកណ្តាលជួយធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីអោយគាត់នោះ ។ ទើបនៅព្រឹកថ្ងៃទី៩ ខែកក្កដា នេះ ពួកគាត់បាននាំគ្នាជិះឡានកូរ៉េ ២តោនកន្លះ មកដល់សាលាខេត្ត តែម្តង ។

នៅចំពោះមុខអ្នកសារព័ត៌មាន ពួកគាត់បាននិយាយថាដោយមានការបាត់ដំណឹងឈឹង ពីលិខិតដែលពួកគាត់បានដាក់ចូលសាលាខេត្តកាលពី១ខែមុន ទើបពួកគាត់ដាច់ចិត្តរ៉ៃលូយគ្នាជួលឡាន ជិះមកសួរនាំរឿងនេះ តើវាកើត រឺមិនកើត ពោកគឺ ចេញប្លង់អោយពួកគាត់ រឺ អត់ ។ ព្រោះថា ពួកគាត់បានអាស្រ័យលើដីទាំងនោះតាំងពីឆ្នាំ ១៩៩០ និងបានបង់ពន្ធជូនទៅរដ្ឋទៀត ផង ។ សូមស្តាប់សំដីបងប្អូនប្រជាជន លើកឡើងពីបញ្ហានេះ ។

ប្រជាពលរដ្ឋបាននិយាយត្រង់ៗថា មូលហេតុដែលគេមិនធ្វើប័ណ្ណឲ្យដោយសារមន្ត្រីជំនាញខាងធនធានទឹកបាននិយាយថា ដីរបស់ពួកគាត់ស្ថិតនៅក្នុងអាងទឹកព្រែករាំង ។ ប៉ុន្តែតាមរយះលោក ជ្រិន សៀង មេឃុំទឹកវិលបានប្រាប់ពួកគាត់ថា បើចង់ធ្វើប័ណ្ណកម្មសិទ្ធិបានលុះត្រាតែក្នុងម្នាក់បង់លុយចំនួន១៧០០ដុល្លារទៅឲ្យខាងមន្ត្រីជំនាញ ។ ប្រជាពលរដ្ឋក៏យល់ព្រមដោយអ្នកខ្លះលក់គោ អ្នកខ្លះទៀតបានខ្ចីបុលពីធនាគារយកលុយទៅឲ្យលោក ជ្រិន សៀង មេឃុំទឹកវិល ។ លុះរំលងបានប្រមាណបីខែក្រោយ ស្រាប់តែលោកមេឃុំរូបនេះបានប្រគល់លុយឲ្យពួកគាត់វិញ ហើយនិយាយថា លុយ១៧០០ដុល្លារធ្វើប័ណ្ណមិនបានទេ ទាល់តែក្នុងម្នាក់ៗបង់២៥០០ដុល្លារទើបអាចធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីបាន ។ ដោយសារតែប្រជាពលរដ្ឋមានជីវភាពខ្វះខាតមិនអាចរកលុយបង់ឲ្យមន្ត្រីជំនាញបានទើបផ្អាកមិនព្រមគិតគូរធ្វើប័ណ្ណវិញ ។ លុះប៉ុន្មានថ្ងៃក្រោយមកស្រាប់តែមន្ត្រីខាងធនធានទឹកចុះទៅវាស់វែងកំណត់ព្រំដីអាងទឹកដោយវាស់រំកិលយកដីរបស់ពួកគាត់ដែលនៅឆ្ងាយពីអាងទឹកប្រមាណ៤០០ម៉ែត្រដាក់បញ្ចូលជាដីអាងទឹក ។ ដោយសារតែភាពមន្ទិលនិងមិនអស់ចិត្តព្រមទាំងខ្លាចបាត់បង់ដីជាពិសេសនៅពេលដែលពួកគាត់ត្រូវការថវិកាដើម្បីពង្រីកមុខរបរបន្ថែមតាមរយៈយកដីទៅបញ្ចាំនៅធនាគារ ទើបពួកគាត់ទទូចស្នើសុំធ្វើប័ណ្ណ  ពីព្រោះដីធ្លីបើគ្មានប័ណ្ណ ខាងធនាគារគេមិនយកនិងមិនឲ្យលុយទេ ។

នៅមុខសាលាខេត្តកណ្តាល ប្រជាពលរដ្ឋបាននាំគ្នាលុតជង្គង់លើកដៃប្រណមក្រាបសំពះដល់ព្រះធរណីនិយាយស្បថថា បើនិយាយមិនពិតសូមឲ្យឡានបុក រន្ទះបាញ់ឲ្យស្លាប់ចុះ ។សូមស្តាប់សំដីពួកគាត់ ។

ទាក់ទងនឹងបញ្ហានេះលោក ជ្រិន សៀន
មេឃុំទឹកវិល បានទទួលស្គាល់ថា រឿងថវិកានោះ ជារឿងពិត ។ លោកថា ដោយសារបងប្អូនប្រជាជន តែងតែមកសាលាឃុំហើយសុំអោយលោកជួយ ក្នុងរឿងនេះ ។ លោកថា ថវិកា នោះ គឺហៅថា សេវាសុរិយោដី បំពេញបន្ថែម ។ តើសេវាបំពេញបន្ថែម នៃការចុះបញ្ជីរ មានតំលៃចំនួន១៧០០ដុល្លា ទៅ ២៥០០ដុល្លា ក្នុង១ហិកតា នេះយ៉ាងណានោះ សូមស្តាប់សំដីមេឃុំជ្រិនសៀន ទាំងអស់គ្នា ។

នៅព្រឹកថ្ងៃនោះ ក្រោយពីបងប្អូនប្រជាជនមកឈរនៅមុខសាលាខេត្ត និង មានកាន់បដា រូបសម្តេចតេជោហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ផងនោះ ក៏មានមន្រ្តីសាលាខេត្ត១នាក់ចេញមកប្រាប់អោយប្រជាជនត្រលប់ទៅផ្ទះវិញ លោកនឹងយករឿងនេះទៅជំរាបអភិបាលខេត្ត។ មន្រ្តីរូបនោះមិនបានប្រាប់ឈ្មោះ និង តួនាទី ដល់ប្រជាជន និង អ្នកសារព័ត៌មាន នោះទេ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com