ខេត្តបាត់ដំបង÷នៅក្នុងពិធីចុះកិច្ចសន្យាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិតនិងផ្គត់ផ្គង់ស្រូវក្រអូប(SRP)ជាមួយក្រុមហ៊ុនAMRURiceនិងសហគមន៍កសិកម្មខេត្តបាត់ដំបង។កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០នេះលោកឈឹម.វជិរាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបាត់ដំបងបានលើកឡើងថា÷អង្ករពូជសែនក្រអូបដាំដុះនៅក្នុងទឹកដីខេត្តបាត់ដំបងមានលក្ខណះអំណោយផលល្អប្រកបដោយឱជារសឈ្ងុយឆ្ងាញ់តាមបែបធម្មជាតិដែលតំណាងឲ្យស្រូវក្រអូបរបស់កម្ពុជា។
លោកបានបន្តថា÷ដើម្បីបង្កើនគុណភាពស្រូវប្រភេទនេះក្នុងខេត្តបាត់ដំបងឆ្នាំនេះមន្ទីរជំនាញសហការជាមួយរដ្ឋបាលមូលដ្ឋានបានជម្រុញឲ្យកសិករផលិតស្រូវត្រូវសម្រិតសម្រាំងប្រកបដោយគុណភាពខ្ពស់និងមានលទ្ធភាពកាន់តែច្រើនតម្រូវតាមទីផ្សារ។ដោយចំពោះមុននេះក្រុមហ៊ុនបានចុះអនុវត្តក្នុងការចុះផលិតកម្មកសិកម្មកិច្ចសន្យាមានរហូតដល់ចំនួន៦២គម្រោងដែលក្នុងនោះមានដូចជា:កិច្ចសន្យាទិញស្រូវSRP,មាន់ស្រែនិងកិច្ចសន្យាទទួលទិញបន្លែសុវត្ថិភាពទូទៅពីកសិករជាដើម។
លោកឈឹម.វជិរាបញ្ជាក់បន្ថែមថា÷តំបន់ដែលអំណោយផលសម្រាប់ដាំដុះពូជស្រូវសែនក្រអូបក្នុងទឹកដីខេត្តបាត់ដំបងមានដូចជាចាប់ពីចំណុចស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យប៉ែកខាងលើផ្លូវជាតិលេខ៥រហូតដល់ព្រំប្រទល់ស្រុកម៉ោងឬស្សីខេត្តបាត់ដំបងដែលជាប្រភេទដីមាសសម្រាប់ផលិតអង្ករក្រអូបមានសារធាតុចិញ្ចឹមយ៉ាងសំបូរតាមបែបធម្មជាតិ។
លោកគង់.ភាជប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកឡើងដែរថា÷តាមរយ:កិច្ចសន្យាផលិតកម្មកសិកម្មនេះគឺជាស្ពានសម្រាប់ចាប់ផ្តើមការកសាងទំនុកចិត្តរវាងសហគមន៍កសិកម្មនិងរោងម៉ាស៊ីនកិនស្រូវដើម្បីបង្កើនទីផ្សារមួយមាននិរន្តភាពពិតប្រាកដរបស់កសិកររួមទាំងម្ចាស់រោងម៉ាស៊ីនទទួលបាននូវប្រភេទស្រូវមានគុណភាពខ្ពស់ជម្រុញដល់ការនាំចេញទៅទីផ្សារក្រៅប្រទេសអោយបានកាន់តែមានកំណើនខ្ពស់។លោកបន្តថា:បច្ចុប្បន្នខេត្តបាត់ដំបងមានសហគមន៍ចំនួន៦២បានបំពេញលក្ខន្តិកជាមួយវិស័យឯកជនដែលវាពិតជាមានសក្តានុពលខ្ពស់សម្រាប់រោងម៉ាស៊ីនកិនស្រូវផ្សេងៗទៀតចាប់ដៃគូរផលិតកម្មផ្គត់ផ្គង់និងការទិញស្រូវពីសហគមន៍កសិកម្មទាំងអស់។លោកក៏បានសំណូមពរដល់អង្គការCIRDនិងអង្គការFAECបន្តសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដើម្បីជ្រើសរើសរោងម៉ាស៊ីនកិនស្រូវសហគមន៍កសិកម្មបង្កើនឲ្យមានកិច្ចសន្យាកសិកម្មកាន់តែច្រើនហើយសហព័ន្ធស្រូវអង្ករកម្ពុជាប្រចាំតំបន់រងចាំសហការសម្របសម្រួលជួយជានិច្ចជាមួយប្រជាកសិករ៕សៅ សារិទ្ធ