ខេត្តបាត់ដំបង÷ច្រកទ្វារអន្តរ:ជាតិគីឡូ១៣(ភ្នំដី)ឋិតក្នុងស្រុកសំពៅលូនរវាងព្រំប្រទល់ខេត្តស្រះកែវភាគីថៃនិងខេត្តបាត់ដំបងភាគីកម្ពុជាខាងភាគីថៃត្រៀមនឹងបើកអោយដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះឡើងវិញហើយ។នេះបើយោងតាមលិខិតជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តស្រះកែវប្រទេសថៃលេខ១៧៤៤/២៥៦៣ស្តីពីការបន្ធូរបន្ថយការប្រើប្រាស់ច្រកទ្វារចូលព្រះរាជាណាចក្រថៃឡើងវិញដើម្បីដឹកជញ្ជូនទំនិញនៅច្រកទ្វារអន្តរជាតិ(ខៅឌីនឃុំខ្លងហាត)ស្រុកខ្លងហាត។ពាក់ព័ន្ធនិងការបើកច្រកពីសំណាក់ភាគីថៃនេះលោកហឿង.សុគន្ធអភិបាលរងខេត្តបាត់ដំបងបានអោយដឹងដែរថា:ភាគីថៃត្រៀមនឹងបើកអោយដំណើរការចាប់ពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នេះតទៅអោយមានការដឹកជញ្ជូនចេញចូលនូវទំនិញរវាងខេត្តទាំង២ចាប់ពីម៉ោង០៦:០០ព្រឹករហូតដល់ម៉ោង១៨:០០នាទី(០៦ល្ងាច)ជាធម្មតាវិញ។
ចំពោះខ្លឹមសារលំអិតនៅក្នុងលិខិតជូនដំណឹងរបស់ភាគីថៃបានបញ្ជាក់ថា:អនុញ្ញាតអោយឆ្លងកាត់តែរថយន្តដឹកជញ្ជូនទំនិញតែប៉ុណ្ណោះដោយឱ្យមានអ្នកគ្រប់គ្រងរថយន្តនិងអ្នកនៅប្រចាំក្នុងរថយន្តដឹកជញ្ជូនទំនិញមិនឲ្យលើស២នាក់ចាប់ពីម៉ោង០៦:០០នាទីដល់ម៉ោង១៨:០០នាទីជារៀងរាល់ថ្ងៃដោយត្រូវអនុវត្តតាមវិធានការនៃការការពាររោគឆ្លងកូវីដ១៩។ហើយគ្រប់កម្លាំងសមត្ថកិច្ចប្រចាំការមាត់ច្រកទ្វារដែលទទួលខុសត្រូវក្នុងតំបន់គ្រប់គ្រងការធ្វើដំណើរចូលឬចេញរបស់បុគ្គលនិងរថយន្តត្រូវអនុវត្តតាមច្បាប់អោយបានត្រឹមត្រូវបំផុតដើម្បីទប់ស្ងាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩សាជាថ្មីម្តងទៀតក្រោយពីត្រូវបានបិទច្រកទ្វារនាពេលកន្លងទៅ។
ទាក់ទិនពីការបើកច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)ឲ្យដំណើរការចេញចូលនូវរថយន្តដឹកជញ្ជូនទំនិញនៅច្រកទ្វារខាងលើចាប់ពីថ្ងៃទី១៥ខែកក្កដាខាងមុខនេះ។លោកឃឹម.ទិព្វមុនីប្រធានច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣)ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង បានលើកឡើងថា៖កន្លងមកខាងកម្ពុជាមិនបានធ្វើការបិទច្រកទ្វារឡើយហើយការបិទកន្លងមកនេះគឺខាងភាគីថៃជាអ្នកបិទឯកតោភាគីរបស់ខ្លួនខណះខាងកម្ពុជាមិនបានស្នើសុំបិទច្រកទ្វារនេះទេ។
គួរបញ្ជាក់ដែរថា៖ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)រវាងខេត្តបាត់ដំបង(កម្ពុជា)និងខេត្តស្រះកែវ(ថៃ)ត្រូវបានភាគីថៃបិទមិនឲ្យដឹកទំនិញឬធ្វើដំណើរការចេញចូលចាប់តាំងពីអំឡុងពាក់កណ្តាលខែមិនាឆ្នាំ២០២០មកម៉្លេះហើយនៅចន្លោះពាក់កណ្តាលខែមេសាក៏ខាងភាគីថៃអនុវត្តរបៀបនេះម្តងរួចមកហើយក្នុងខណៈពេលដែលមានការឆ្លងនិងចម្លងពីការរាតត្បាតនូវជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ-19កន្លងមកនេះ៕សៅ សារិទ្ធ