ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អបអរសាទរពិធីសម្ពោធដាក់ឲ្យដំណើរការ (ការិយាល័យច្រកចេញចូលតែមួយស្រុករមាសហែក)

ខេត្តស្វាយរៀង ÷ព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅបរិវេណសាលាស្រុករមាសហែក ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុករមាសហែក ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយក រដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំង ទាំងបី លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ-អង្គភាព និងមន្ត្រីរាជការចំណុះសាលាស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ១៦ឃុំ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ សរុបវត្តមាន ១៤៤នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអរគុណ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំចូលរួមចំណែកនៅក្នុងការជួយគាំទ្រ សហការ និងសម្របសម្រួល ជាពិសេសលើផ្នែកបច្ចេកទេស នាំឲ្យសម្រេចបាននូវសមិទ្ធផលដ៏ថ្មីស្រឡាង នៅថ្ងៃនេះ ដែលពិតជាបានបង្ហាញឲ្យឃើញពីការខិតខំយកចិត្តទុកដាក់ និងសុឆន្ទៈដ៏មោះមុតគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការបង្ខិតសេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថាការបង្កើតឡើងនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះ គឺមានទិសដៅដើម្បីលើកកម្ពស់ការផ្ដល់សេវាមួយចំនួនដែលប្រជាពលរដ្ឋចាំបាច់ និងជាប្រចាំ ហើយដែលការផ្ដល់សេវាទាំងនោះអាចអនុវត្តដោយប្រសិទ្ធភាព ដោយរដ្ឋបាលស្រុក សំដៅធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព ព្រោះថាការិយាល័យនេះ គឺជាទីតាំងប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលនៅកន្លែងតែមួយ ដែលនឹងបង្កភាពងាយស្រួលបំផុតដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវានានា ដោយមិនចាំបាច់ត្រូវស្វែងរកសេវានៅច្រើនកន្លែង ដែលនាំឲ្យខាតបង់នូវពេលវេលា និងធនធាន ។

ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយាទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ព្រមទាំងអនុវត្តតួនាទីភាកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យការផ្តល់សេវា ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់ ។ ទន្ទឹមនេះ ឯកឧត្ដមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុករមាសហែក ចាប់ពីពេលនេះតទៅសូមអញ្ជើញមកទទួលសេវា នៅការិយាល័យច្រកចេញចូលតែមួយស្រុក ដើម្បីរួមចំណែកក្នុងការកៀរគរការប្រមូលចំណូលចូលថវិកាជាតិ ក៏ដូចជាលុបបំបាត់ការយកកម្រៃសេវាលើសច្បាប់កំណត់ផងដែរ ។ដោយ=សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com