ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កិច្ចប្រជុំអន្តរក្រសួង​រៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអំពីការអនុវត្តការងារចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងកសាងផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី។

កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ និងមន្រ្តីជំនាញប្រមាណជា៨០០នាក់ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

តាមការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់របស់រដ្ឋបាលព្រៃឈើបានបង្ហាញឲ្យឃើញថា ការ​​ទន្ទ្រានកាន់កាប់ដីព្រៃឈើនៅបន្តកើតមានក្រោមហេតុផលកង្វះដីបង្កបង្កើនផល និងពង្រីកលំនៅដ្ឋានជាដើម។ល។ កត្តា​ទាំងនេះបានជះឥទ្ធិពលដល់ដីព្រៃឈើរបស់រដ្ឋ ហើយចលនានៃការរំលោភដីព្រៃឈើរួមមាន៖ អ្នកខ្វះ​ខាត ដីពិតប្រាកដបានកាប់រានដីព្រៃឈើ។ អ្នកកាប់រានដីព្រៃឈើហើយលក់រួចកាប់រានបន្តទៀត។ ការបញ្ជាក់​លើលិខិតទិញលក់ដីព្រៃឈើ និងការឃុបឃិតគ្នាកាប់រាន និងហ៊ុំព័ទ្ធដីព្រៃឈើ។ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងកន្លងមកនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ស្នើ​សុំ​មានចំណាត់ការរួមដូចតទៅ ៖ ១- ចុះបញ្ជីដីរដ្ឋទាំងអស់ជាមុនសិន មុនការពិនិត្យចេញបណ្ណកម្មសិទ្ធិជូន​ប្រជាព​ល​​រ​ដ្ឋដើម្បីទប់ស្កាត់ការរាល​ដាល​បន្ថែមទៀត។ ២- ផ្ទៃដីព្រៃឈើសម្រាប់ផ្ទេរដើម្បីគោលបំណងអភិវឌ្ឍន៍ ត្រូវមាន​ការសម្រេចពីរាជ​រដ្ឋា​ភិបាល​។​ ក្នុង​នោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសុំឲ្យមានការនិរាករណ៍ទៅលើលិខិតទិញ-លក់ និងប័ណ្ណ ប្លង់រឹងដែល​ចេញ​ទៅលើផ្ទៃដីស្រល់ដែលមានស្នាមព្រះហស្ថដោយព្រះមហាក្សត្រផងដែរ។ ៣- ចំពោះដីសម្បទានដីសេដ្ឋកិច្ច សហគមន៍ព្រៃឈើ ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើ និងផ្ទៃដី​ចម្កា​រ​ឈើដាំ​ដែលច្រករបៀងអភិរក្សជីវៈចម្រុះបានត្រួតជាន់លើ ក្រសួងស្នើសុំចុះបញ្ជីដីទាំងនោះ ស្ថិតក្រោមការ​គ្រប់​គ្រង​​របស់​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដោយឡែក នៅខេត្តមណ្ឌលគិរីក៏មានការឈូសឆាយ បោះ​បង្គោលហ៊ុមព័ទ្ធដីចម្ការ​ស្រល់ ដើម្បីធ្វើជាកម្មសិទ្ធិដែលគ្រប់គ្រងដោយក្រុមហ៊ុនមួយចំនួន ហើយក្រសួងក៏បាន​សម្រេច​ឱ្យក្រុមហ៊ុនពាក់​ព័ន្ធទាំងនោះផ្អាកជាបណ្តោះអាសន្នការធ្វើអាជីវកម្មស្រល់ ដើម្បី​រក្សាទុកអត្ត​សញ្ញា​ណ​​​បញ្ជាក់ជាដីរបស់រដ្ឋ និងចូលរួមពេញលេញក្នុងដំណើរការចុះបញ្ជីដីរដ្ឋ។

៤- ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ និងការកាប់រាន ដុត ឈូសឆាយដី​ព្រៃ ឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្រោមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ស្របតាម​ស្មារតីអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ និងសារាចរ ណែនាំលេខ ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ចំពោះខេត្តមណ្ឌលគិរីមានផ្ទៃដី (យកចំនួនគត់) សរុបមានទំហំ ១ ៣៦៦ ៨៩៧ហត ​ក្នុងនោះ​ផ្ទៃដី​ព្រៃ​ឈើមានទំហំសរុប ២៥៣ ៨០០ហត គ្រប់​គ្រង​​ដោយ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បែង​ចែកជាដីសម្បទានសេដ្ឋកិច្ចមានចំនួន ២៥គម្រោង ផ្ទៃ​ដី​តាម​​កិច្ច​​​សន្យា​ទំហំ ១៥៤ ៦៨៧ហត ៥៨។ ដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញមានចំនួន ​៦​ទីតាំង មានផ្ទៃដីសរុបប្រមាណ ៤០ ៥៩៦ហត។ ចម្ការឈើស្រល់ដាំរបស់រដ្ឋ និងចម្ការរុក្ខទិវាថ្នាក់ជាតិមានផ្ទៃដី សរុបទំហំប្រមាណ ៣៦១ហត (ក្នុងនោះផ្ទៃដីទំហំ ២២៥ហត បានដាំ​រួច​រាល់ដោយប្រើប្រាស់ថវិការដ្ឋ) ដីសហគមន៍ព្រៃឈើមានចំនួន ០៨ ទីតាំងមានផ្ទៃដីទំហំប្រមាណ ៩ ៧៩៩ហត៕រាយការណ៍ពីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ខ្ញុំបាទ លី វណ្ណះ Pntvទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com