ខេត្តកណ្តាល : ដីចំណីព្រែកសាធារណៈរបស់រដ្ធ និងដីចំណីថ្នល់ជាតិលេខ១ ស្ថិតនៅក្នុងភូមិស្លាបតាអោន និងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានបុគ្គលឯកជនរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយកំពុងបុកគ្រឹះសាងសង់សំណង់រឹងផ្ទះល្វែង ។
ប្រភពពីប្រជាជនបានបង្ហើបថា ផ្ទះដែលកំពុងបុកគ្រឹះសាងសង់នៅចំកណ្តាលដីព្រែកសាធារណៈរបស់រដ្ធ និងលើដីចំណីថ្នល់ជាតិលេខ១នេះមាន៤ម្ចាស់ ស្មើ៤ល្វែង ហើយត្រូវគេស្គាល់ឈ្មោះម្ចាស់២នាក់ ១.ឈ្មោះ សល់ ២.ឈ្មោះ តាគៀត រីឯម្ចាស់ផ្ទះ២ល្វែងទៀតមិនស្គាល់ឈ្មោះម្ចាស់នៅភ្នំពេញ។
ប្រជាជនបញ្ជាក់បន្ថែមថា ព្រែកបង្កងនេះកើតមានឡើងតាំងពីដើមមក ហើយមានជម្រៅជ្រៅ ដែលជាប្រព័ន្ធរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាចេញពីឃុំគគីរកាត់តាមឃុំដីឥដ្ធចូលទៅក្នុងទន្លេមេគង្គក្រោម ដើម្បីបញ្ជៀសកុំអោយមានការលិចលង់ផ្ទះសម្បែង និងផលដំណាំរបស់បងប្អូនប្រជាជន។ហើយចំពោះតំបន់មាត់ព្រែកខាងភូមិចិនកោះជាប់ថ្នល់ជាតិក៍មិនមានប្រជាជនមករស់នៅទេ ទើបតែដីមានហាងឆេងបានមានអ្នកមានលុយមានអំណាចភាគច្រើនសុទ្ធតែអ្នកមកពីចំណាក់ស្រុកឆ្ងាយ មកទិញនិងចាក់ដីលុបកាត់ព្រែក ហើយបុកគ្រឹះសាងសង់សំណង់រឹងយ៉ាងព្រោងព្រាតបន្តបន្ទាប់។
ពាក់ព័ន្ធបញ្ហានេះលោក សុខ កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សុរិយាដី ខេត្តកណ្តាល បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា រាល់ការសាងសង់នៅលើដីព្រែកឫដីចំណីថ្នល់ លោកបានណែនាំអោយភូមិបាលស្រុកធ្វើ ព្រោះគាត់នៅផ្ទាល់ជាមួយថ្នាក់ក្រោជាតិ ។
លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ អង្គភាពយើងទាក់ទងមិនបាននោះទេ នៅរសៀលថ្ងៃទី៣០ ខែកក្កដា នេះ ។
ប្រជាពលរដ្ឋបានស្នើដល់អភិបាលខេត្ត កណ្តាលឯកឧត្តម គង់ សោភណ្ឌ មេត្តាពិនិត្យរឿងនេះផង ប្រសិនបើមានជន១ក្តាប់តូច អាច់សង់រំលោភបំពាន ព្រែក បឹង បួរ តាមអំពើចិត្តមែននោះ ចឹងនឹងមានប្រជាជនផ្សេងទៀតយកគំរូតាមជាក់មិនខាន ។