ខេត្តបាត់ដំបង÷ទំពាំងគឺជាបន្លែធម្មជាតិមួយប្រភេទដែលពលរដ្ឋទូទៅមិនអាចខ្វះបានដើម្បីយកទៅកែច្នៃធ្វើជាម្ហូបជាច្រើនយ៉ាងហើយបច្ចុប្បន្នបានជម្រុញអោយប្រជាកសិករក្នុងខេត្តបាត់ដំបងមួយចំនួននៅតាមបណ្តាស្រុកចាប់យកមុខរបរដាំឫស្សីកាន់តែមានកំណើនខ្ពស់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារអោយកាន់តែល្អប្រសើក្រៅពីផលដំណាំងផ្សេងៗដែលពួកគេមានស្រាប់។ប្រជាកសិករម្នាក់គឺលោកអ៊ួន.ឌឿនអាយុ៣៤ឆ្នាំរស់នៅភូមិទួលខ្ពស់ឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងហើយលោកក៏ជាមន្ត្រីបំរើការនៅសាលាស្រុកផងដែរ។លោកបានអោយដឹងនៅថ្ងៃទី០៦ខែសីហាឆ្នាំ២០២០នេះថាក្រៅពីការងារលោកក៏បានចាប់យកមុខរបរបណ្តុះកូនឫស្សីចំនួន២ប្រភេទដើម្បីតម្រូវការដល់ប្រជាកសិករក្នុងស្រុកយកទៅដាំដើម្បីជាប្រយោជន៍សេដ្ឋកិច្ចគ្រួសារបន្ថែមលើមុខរបរផ្សេងៗទៀត។
លោកបន្តថាបច្ចុប្បន្នកូនឫស្សីរបស់លោកលក់ដាច់គួសមសម្រាប់ក្នុងស្រុកភ្នំព្រឹកក្រៅពីតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបងក៏ដូចជាតាមបណ្តាខេត្តផ្សេងទៀតផងដែរដែលបានកម្ម៉ង់ទិញពីលោក។លោកថាបច្ចុប្បន្នសម្រាប់ប្រជាកសិករក្នុងស្រុកភ្នំព្រឹកពួកគាត់បានមកកម្ម៉ង់ទិញច្រើនសម្រាប់កូនឫស្សីទាំង២ប្រភេទគឺប្រភេទឫស្សីគីមស៊ុង(ឫស្សីផ្អែម)និងប្រភេទឫស្សីសាំងម៉ុន(ឫស្សីដើមធំ)។លោកបញ្ជាក់បន្តថាឫស្សីផ្អែមលោកលក់កូន១ដើម៥០០០រៀលដែលឫស្សីប្រភេទនេះទទួលបានផលប្រយោជន៍ពីទំពាំងច្រើនជាងដើមរបស់វាដោយតម្លៃទំពាំង១គីឡូក្រាមក្នុងរដូវប្រាំងលក់បានពីចន្លោះ២៥០០រៀលទៅ៦០០០រៀលហើយខែវស្សាលក់បានពីចន្លោះ៨០០រៀលដល់២០០០រៀលក្នុង១គីឡូក្រាម។
លោកអ៊ួន.ឌឿនបន្តថាចំណែកកូនឫស្សីប្រភេទ(សាំងម៉ុន)លោកលក់ក្នុង១ដើម១មឺនរៀលដោយឫស្សីប្រភេទនេះមានផលប្រយោជន៍ទាំងដើមទាំងទំពាំងព្រោះដើមវាគេយកទៅធ្វើគ្រឿងសង្ហារឹមផ្សេងៗដោយសាវាមានដើមធំត្រង់ហើយក្រាស់អាចប្រើប្រាស់បានច្រើនយ៉ាងអាចជួយកាត់បន្ថយការប្រើប្រាស់ឈើបានផងដែរ។ចំពោះការទទួលផលវិញលោកថាឫស្សីទាំង២ប្រភេទនេះអាយុកាលប្រហាក់ប្រហែលគ្នាគិតចាប់ពីដាំកូនរហូតដល់១ឆ្នាំ៣ខែនិងបានទទួលផលសម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងប្រសើតាមរយះការដាំឫស្សី២ប្រភេទខាងលើនេះដោយបច្ចុប្បន្នមានប្រជាកសិករមួយចំនួនកំពុងត្រូវបានប្រមូលផលជាបណ្តើៗផងដែរ៕សៅ សារិទ្ធ