បាត់ដំបង÷ការថ្លែងបែបនេះខណះដែលលោកបណ្ឌិតសភាចារ្យហង់.ជូនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញជាគណះអធបតីក្នុងពិធីសម្ពោធអគារសិក្សានៃសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបងដែលជាជំនួយហិរញ្ញប្បទាននៃក្រសួងការបរទេសជប៉ុន(MoFa)នាព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២០នេះឋិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។នៅក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់លោកអភិបាលខេត្តនិងមន្ត្រីរាជការឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការលោកប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបលោកទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសន្ដិស្ម័គ្រចិត្ត(SVA)ព្រមទាំងឯកឧត្តមលោកជំទាវគណៈប្រតិភូអមដំណើរនិងលោកគ្រូអ្នកគ្រូជាច្រើនរូបផងដែរ។
លោកងួន.រតន:អភិបាលខេត្តបានថ្លែងនៅក្នុងពិធីនេះថា÷អគារសិក្សាថ្មីដែលបានសម្ពោធដាក់អោយដំណើការនាពេលនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ខែមេសាឆ្នាំ២០១៩និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០។សាលានេះមានកម្ពស់២ជាន់មាន៥បន្ទប់បណ្ណាល័យ១បន្ទប់និងបង្គន់អនាម័យសម្រាប់កុមារតូចៗ១៥បន្ទប់។ដែលជាជំនួយរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជប៉ុន(MoFa)ដោយមានការសម្របសម្រួលពីអង្គការ(SVA)។ហើយនៅក្នុងបណ្ណាល័យមានបំពាក់សៀវភៅរូបភាពសម្ភារអានបរិក្ខារសោតទស្សន៍និងមានសៀវភៅ៦៦៤ក្បាលដោយឡែកនៅតាមបន្ទប់រៀនត្រូវបានបំពាក់គ្រឿងសង្ហារឹមគ្រប់បន្ទប់ផងដែរ។លោកអភិបាលខេត្តបន្តថា÷ក្នុងឆ្នាំ២០១៩នឹង២០២០នេះខេត្តបាត់ដំបងមានសាលារៀនសរុបចំនួន១៤៤៨សាលា។ដែលមានសិស្សសរុបចំនួន២៨១១២១នាក់ស្រី១៣៩៩៧៥នាក់និងមានបុគ្គលិកអប់រំសរុបចំនួន១០៨៧០នាក់ស្រី៥៧១២នាក់។ដោយឡែកសម្រាប់មត្តេយ្យសិក្សារដ្ឋមានមត្តេយ្យដាច់ដោយឡែកចំនួន២៥សាលានិងមត្តេយ្យក្នុងបឋមសិក្សាចំនួន៣៤៨សាលា។លោកបន្តថាកន្លងមកបើទោះបីក្រសួងអប់រំយុវជននិងកីឡាអនុញ្ញាតឲ្យសាលាបឋមសិក្សាបើកថ្នាក់មត្តេយយ្យនៅក្នុងសាលាបឋមសិក្សាក៏ពិតមែនក៏មិនអាចឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់កុមារតូចៗបានដែរទើបក្រសួងមហាផ្ទៃនិងក្រសួងអប់រំយុវជននិងកីឡាបានសហការនិងអនុញ្ញាតិឲ្យរដ្ឋបាលឃុំសង្កាត់បង្កើតសាលាមត្តេយ្យសហគមន៍នៅតាមភូមិនីមួយៗដែលនៅឆ្ងាយពីសាលាមត្តេយ្យរដ្ឋជាបន្តបន្ទាប់បន្ថែមទៀត។
លោកបណ្ឌិតសភាចារ្យហង់.ជួនណារ៉ុនរដ្ឋមន្រ្ដីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាការបើកសម្ពោធសាលាមត្តេយ្យសិក្សានេះគឺពិតជាមានសារៈសំខាន់ណាស់ដល់ប្អូនកុមារតូចៗមានឱកាសបានចូលសិក្សារៀនសូត្រដើម្បីត្រៀមខ្លួននឹងចូលសិក្សានៅថ្នាក់បឋមសិក្សានៅពេលដែលប្អូនកុមារតូចមានអាយុ៦ឆ្នាំឡើងទៅ។លោកបន្តថាការបង្ហាត់បង្រៀនកុមារតូចៗមិនត្រឹមតែជាតួនាទីរបស់លោកគ្រូអ្នកគ្រូប៉ុណ្ណោះទេតែទាមទារឲ្យមានការសហការគ្នាជាមួយមាតាបិតាគ្រប់ៗរូបចូលរួមក្នុងការបង្ហាត់បង្រៀនកូនៗបន្ថែមទៀត។ព្រោះមាតាបិតាគឺជាអ្នកដែលរស់នៅផ្ទាល់ជាមួយពួកគេដែលយើងត្រូវបង្រៀនពួកគេទាំងអាកប្បកិរិយាចេះគ្រប់គ្រងដោយខ្លួនឯងនិងជួយបង្ហាត់បង្រៀនមេរៀនបន្ថែមនៅឯផ្ទះផងដែរ។
លោកបន្តទៀតថា÷កន្លងមកដោយសារតែការរីករាលដាលនូវជម្ងឺកូវីដ១៩ទើបក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់លោកគ្រូអ្នកគ្រូឲ្យរៀបចំការបង្រៀនសិស្សពីចម្ងាយតាម(Online)នឹងរៀបចំការជួបផ្ទាល់តាមរយៈប្រព័ន្ធអុិនធឺណេតដូចជាការថតជាខ្លីបវីដេអូបង្រៀនជាដើម។លោកបានបញ្ជាក់បន្តថា÷ទោះបីបែបនេះក្តីក៏ការបង្រៀនតាមប្រព័ន្ធអីនធឺណេតនៅមានកម្រិតនៅឡើយជាពិសេសសម្រាប់ប្អូនសិស្សានុសិស្សនៅតាមទីជនបទឆ្ងាយៗដែលពិបាកក្នុងការរកសេវាអុីនធឺណេតទើបក្រសួងអប់រំយុវជននិងកីឡាមានវិធានការបើកសាលារៀនម្ដងទៀតក្នុង៣ដំណាក់កាល។ដោយដំណាក់កាលទី១គឺការបើកសម្រាប់សាលាដែលមានស្ដង់ដារខ្ពស់ចំនួន២០ក្នុងប្រទេសកម្ពុជានៅដើមខែសីហានេះរួចមកហើយ។ដំណាក់កាលទី២គឺការបើកសម្រាប់ថ្នាក់ទី៩និងទី១២សម្រាប់ក្របខណ្ឌសាលាទូទាំងប្រទេសនៅដើមខែកញ្ញាក្រោយនេះដើម្បីឲ្យក្មួយៗត្រៀមរៀនបញ្ចប់និងត្រៀមប្រឡងមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិនាខែធ្នូខាងមុខនេះ។តែការបើកជាដំណាក់កាលទី២នេះគឺធ្វើឡើងដោយមានស្ដង់ដាសុវត្ថិភាពខ្ពស់ផងដែរក្នុងការរក្សាគម្លាតថ្នាក់សិក្សាគឺមិនឲ្យមានសិស្សចាប់ពី១៥នាក់ឡើងទៅរួមនឹងការសំអាតអនាម័យត្រូវមានកាលវិភាគច្បាស់លាស់ក្នុងការផ្លាស់ប្ដូរវេនគ្នាមកសាលារៀនជាដើម។បើសិនជាក្នុងដំណាក់កាលទី២នេះទទួលបានជោគជ័យក្រសួងនឹងត្រៀមរៀបចំការបើកដំណាក់កាលទី៣សម្រាប់សាលាទូទាំងប្រទេសជាបន្តបន្ទាប់ទៀត៕សៅ សារិទ្ធ